ជាតិ
កម្ពុជា ត្រូវការអ្នកវិនិយោគលើវិស័យដំឡូងមីបន្ថែម ដើម្បីឈានជើងចូលទីផ្សារចិន
10, Nov 2023 , 2:34 pm        
រូបភាព
ប្រជាកសិករខេត្តឧត្ដរមានជ័យ ប្រមូលផលដំឡូងមី។ រូបភាព៖ សមាគម កសិករដំឡូងមីខ្មែរ
ប្រជាកសិករខេត្តឧត្ដរមានជ័យ ប្រមូលផលដំឡូងមី។ រូបភាព៖ សមាគម កសិករដំឡូងមីខ្មែរ
ភ្នំពេញ៖ កម្ពុជា ត្រូវការដៃគូវិនិយោគលើការប្រមូលទិញដំឡូងមីបន្ថែមទៀតដើម្បីឈាន​ជើងចូលទីផ្សារចិន។ នេះជាការអះអាងរបស់ លោក អិល ឈិញ ប្រធានសមាគម​កសិករ​ដំឡូងមីខ្មែរដែលធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Advance Digital World Trade របស់ចិនបង្ហើបគម្រោងទិញដំឡូងមីស្ងួតពីកម្ពុជាប្រមាណ៤០ម៉ឺនតោន ក្នុងមួយឆ្នាំ។

 
លោក អិល ឈិញ បានប្រាប់សារព័ត៌មានថ្មីៗថា កាលពីខែកញ្ញា ក្រុមហ៊ុន Advance Digital World Trade (ADWT) បានចរចាជាមួយ សមាគមកសិករដំឡូងមីខ្មែរ ពាក់ព័ន្ធ​នឹងការប្រមូលទិញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ប្រទេសចិនដោយផ្ទាល់ក្នុងបរិមាណ​៤០​ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ប៉ុន្តែជាការសាកល្បងលើកដំបូងក្រុមហ៊ុនមួយនេះ ចង់បញ្ជាទិញ​ត្រឹម ១០ម៉ឺនតោនសិន។ 
 
មកទល់ពេលនេះ ការចរចារវាងភាគីទាំងពីរ មិនទាន់បានផ្លែផ្កានៅឡើយទេដោយសារតែកម្ពុជាពុំមានទុនគ្រប់គ្រាន់សម្រាប់ការប្រមូលទិញដើម្បីផ្គត់ផ្គង់បន្តទៅឱ្យក្រុមហ៊ុន ខណៈគុណភាពដំឡូងរបស់កសិករកម្ពុជាឯណោះវិញក៏មិនទាន់សមស្របតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវរបស់ភាគីចិនដែរ។
 
ជុំវិញរឿងនេះ លោក អិល ឈិញ ថា កម្ពុជាត្រូវការដៃគូវិនិយោគក្នុងស្រុកដែលមានទុនគ្រប់គ្រាន់ ក្នុងការប្រមូលទិញ និងចែកចាយបន្តទៅកាន់ទីផ្សារចិន បន្ថែមទៀត។
 
ទន្ទឹមនេះ កសិករខ្មែរ ក៏ត្រូវការពង្រឹងបច្ចេកទេសដាំដុះដូចជា គុណភាពពូជ ទិន្នផលនិងការសម្ងួត ឱ្យស្របតាមស្ដង់ដារនាំចេញផងដែរ។  
 
លោក ប្រាប់ដូច្នេះថា៖«ជាតម្រូវការ គេឱ្យយើងសាកល្បងនាំចេញ១០ម៉ឺនតោនតែយើងធ្វើអត់ទាន់បាន ដោយសារយើងអត់មានដៃគូវិនិយោគ សម្រាប់ប្រមូលទិញពីក្នុងស្រុក។
 
ដូច្នេះការជជែកជាមួយក្រុមហ៊ុនចិននេះ គឺយើងគ្រាន់តែបានដឹងពីតម្រូវការរបស់គេសិនហើយយើងកំពុងស្វែងរកអ្នកវិនិយោគ ដើម្បីឱ្យភាគីទាំងពីរចាប់ដៃគ្នា ឈានដល់ការនាំចេញ»។ 
 
ការចាប់យកទីផ្សារចិនមិនងាយស្រួលនោះទេ ព្រោះវាត្រូវឆ្លងកាត់ការជជែកនិងលក្ខខណ្ឌតម្រូវជាច្រើន។ តែយ៉ាងណា ប្រធានសមាគមកសិករដំឡូងមីខ្មែររូបនេះ ជឿជាក់ថាក្នុងរយៈពេលដ៏ខ្លីខាងមុខ ដំឡូងមីកម្ពុជានឹងត្រូវបានគេនាំចូលទៅកាន់ចិនកាន់តែច្រើន។ 
 
បើតាម លោក អិល ឈិញ តម្លៃដែលចរចានាំទៅចិន មិនខ្ពស់ជាងការលក់ឱ្យឈ្មួញថៃ និងវៀតណាមប៉ុន្មាននោះទេ តែវាបានបង្ហាញពីភាពរីកចម្រើននិងទីផ្សារកាន់តែទំលាយសម្រាប់វិស័យដំឡូងមីកម្ពុជា។ ការណ៍នេះក៏អាចធ្វើឱ្យកម្ពុជាពង្រីកផ្ទៃដីដាំដុះច្រើនជាងមុន ហើយកសិករ​ទទួលបានស្ថិរភាពនៃតម្លៃ។ 
 
ជាទូទៅការចេញដំឡូងមីស្ងួត ទៅអន្តរជាតិ ត្រូវលក្ខខណ្ឌតម្រូវមួយចំនួនដូចជា ដំឡូងត្រូវមានសំណើមទា​បជាង១៤ភាគរយ។ កម្រិតម្សៅដែលមានក្នុងចំណិតដំឡូងត្រូវមានយ៉ាងហោច ៦៥ ទៅ៧០ភាគរយ ផ្សិតត្រូវមានតិចជាង៤ភាគរយនិងកម្រិតដីត្រូវមានត្រឹមតែ៣ ទៅ៧ភាគរយ ប៉ុណ្ណោះ។ 
 
នាពេលបច្ចុប្បន្ន ដំឡូងមី ទទួលបានតម្លៃល្អ ធៀបនឹងឆ្នាំមុន ប៉ុន្តែផ្ទៃដីដាំដុះវិញបានថយចុះប្រមាណ៣០ភាគរយ ដោយសារបញ្ហារាំងស្ងួត កាលពីដើមឆ្នាំ។ តាមការប៉ាន់ប្រមាណ
កម្ពុជាមានផ្ទៃដីដំាដុះដំឡូងមីប្រមាណ៧០ទៅ៩០ម៉ឺនហិកតា។ មកទល់ពេលនេះដំឡូងស្រស់មានតម្លៃចន្លោះពី ២៥០រៀល ទៅដល់ជាង៦០០រៀល ក្នុងមួយគីឡូក្រាមធៀបនឹងឆ្នាំមុនតំបន់ខ្លះធ្លាក់ដល់១៩០រៀល។   
 
ដំឡូងមីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទនិងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផលការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញនិងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលីហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពលដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស។
 
នៅក្នុងគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥ បានកំណត់គោលដៅផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម និងការអនុវត្តតាមគោលការណ៍បច្ចេកទេសដែលកសិករអាចទទួលបានប្រាក់ចំណូលខ្ពស់ ការប្រើប្រាស់ដីប្រកបដោយចីរភាពនិងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
 
ជាមួយគ្នានេះ រដ្ឋាភិបាលក៏គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើឱ្យផលិតផលសក្ដានុពលមួយនេះ មានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារក៏ដូចជាទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យដំឡូងមី។ ក្នុងនោះដែរមានការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់និងសម្របសម្រួលជាមួយអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ៕ 
 

Tag:
 កសិកម្ម
  ដំឡូងមី
  សមាគម កសិករដំឡូងមីខ្មែរ
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com