សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អុីស្រាអែលខាតបង់ ៦០០លានដុល្លារក្នុងមួយសប្តាហ៍ ក្រោយផ្ទុះជម្លោះជាមួយក្រុមហាម៉ាស
10, Nov 2023 , 3:04 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
អ៊ីស្រាអែលបានខាតបង់ប្រមាណ ៦០០លានដុល្លារក្នុងមួយសប្តាហ៍ ក្រោយមានជម្លោះជាមួយក្រុមហាម៉ាស។ ទំហំនេះស្មើនឹង ៦ភាគរយនៃផលិតក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល គិតប្រចាំសប្ដាហ៍។

 
ធនាគារកណ្តាលអ៊ីស្រាអែលនៅថ្ងៃទី៩ ខែវិច្ឆិកា​ បានប្រកាសថា កង្វះកម្លាំងពលកម្ម ដោយសារជម្លោះជាមួយចលនាអ៊ីស្លាមហាម៉ាស បានធ្វើឱ្យសេដ្ឋកិច្ចអ៊ីស្រាអែលខាតបង់ប្រមាណ៦០០លានដុល្លារក្នុងមួយសប្តាហ៍។ 
 
របាយការណ៍នេះ​បានវិភាគចំពោះការខាតបង់ប្រចាំសប្តាហ៍ក្នុងរយៈពេល ៣សប្តាហ៍ដំបូងនៃជម្លោះដែលផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា។ មូលហេតុនៃការថយចុះនៃការផ្គត់ផ្គង់កម្លាំងពលកម្ម ដោយសារតែការចល័តកងទ័ពបម្រុង ការជម្លៀសប្រជាជននៅភាគខាងត្បូង និងខាងជើង ព្រមទាំងការ​បិទ​ប្រព័ន្ធ​អប់រំ​ដែលបាន​បង្ខំ​ឪពុក​ម្ដាយ​ឈប់ធ្វើការដើម្បី​មើល​ថែ​កូន។ 
 
ជាក់ស្តែ ងរបាយការណ៍ប៉ាន់ប្រមាណថាអ៊ីស្រាអែលបានបាត់បង់ជាង៣២៥លានដុល្លារ ដោយសារតែការបិទស្ថាប័នអប់រំ ដោយសារតែប្រជាជនជាង ១៤៤ពាន់នាក់ត្រូវបានជម្លៀសមិនទៅធ្វើការ និងជិត ១៣០លានដុល្លារដោយសារតែការចល័តរបស់កងទ័ពបម្រុងប្រហែល ៣៦០ពាន់នាក់។
 
ធនាគារកណ្តាលរបស់អ៊ីស្រាអែលបានកត់សម្គាល់ថា ការបើកដំណើរការមួយផ្នែកនៃប្រព័ន្ធអប់រំក្នុងប៉ុន្មានថ្ងៃថ្មីៗនេះអាចជួយកាត់បន្ថយការខាតបង់មួយចំនួន។
 
បន្ទាប់ពីត្រូវបានវាយប្រហារភ្លាមៗដោយក្រុមហាម៉ាស អ៊ីស្រាអែលបានឆ្លើយតបយ៉ាងខ្លាំងជាមួយនឹងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកនៅលើតំបន់កាហ្សា ជាមួយការប្តេជ្ញាកម្ចាត់កងកម្លាំងមួយនេះ។
 
បើតាមរបាយការណ៍របស់ UNDP រហូតមកដល់ពេលនេះជម្លោះបានបំផ្លាញការងារចំនួន ៦១ភាគរយ នៅក្នុងតំបន់កាហ្សា និង ២៤ភាគរយសម្រាប់ការងារនៅតំបន់ ត្រើយខាងលិច (West Bank)៕ 

Tag:
 សេដ្ឋកិច្ច
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com