ជាតិ
រដ្ឋ នឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការលើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន
10, Nov 2023 , 8:59 pm        
រូបភាព
ចិន រំពឹងមានកំណើនការចាយលុយនៅថ្ងៃ Singles Day ព្រោះអ្នកអត់គូទិញកាដូឱ្យខ្លួនឯង
ចិន រំពឹងមានកំណើនការចាយលុយនៅថ្ងៃ Singles Day ព្រោះអ្នកអត់គូទិញកាដូឱ្យខ្លួនឯង
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងប្រកាសឱ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៥វិច្ឆិកានេះ ដោយឈរលើអាទិភាពចម្បង៣ គឺស្អាត បៃតង និងចីរភាព។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០វិច្ឆិកា។

 
នាសន្នីសីទស្តី ពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅខេត្តសៀមរាប លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា យុទ្ធសាស្រ្តចក្រាបរិស្ថានថ្មីនេះ ផ្តោតសំខាន់លើការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជួយឱ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
 
ក្រសួងបរិស្ថាន រៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ មានគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន។ ការរៀបចំនេះ សម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅឱ្យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០។ នេះបើតាមលោក សុផល្លែត។
 
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្ដោតលើមុមសំខាន់៣ គឺពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ឈរលើយុទ្ធសាស្រ្តចម្បង៣ធំៗ ដូចជា យុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្តោតលើមុម គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃ លើមូលហេតុប៉ះពាល់បរិស្ថាន។ យុទ្ធសាស្រ្តទី២ភាពបៃតង ផ្តោតលើមុមពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តទី៣ចីរភាព ផ្តោតលើមុម ធ្វើអនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។
 
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព។ វិធានការទី១ គឺការអនុវត្តច្បាប់១០០ភាគរយ មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ, វិធានការទី២ ពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ, វិធានការទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងវិធានការទី៤ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព៕  

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com