កីឡាជាតិ
ជាតិ
គង់ ចាន់ធីណា ចង់បញ្ជ្រាបកីឡាហាប់គីដូ ក្នុងកងកម្លាំង
11, Nov 2023 , 9:19 am        
រូបភាព
លោក គង់ ចាន់ធីណា ផ្ដល់បទសម្ភាសទៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រូបពី វីឌីអូ
លោក គង់ ចាន់ធីណា ផ្ដល់បទសម្ភាសទៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រូបពី វីឌីអូ
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជាចង់បញ្ជ្រាបកីឡា ហាប់គីដូ ក្នុងកងកម្លាំង ព្រោះកីឡានេះ មានស្នៀតការពារនិងរំដោះខ្លួន។ អគ្គលេខាធិការរូបនេះបន្ថែមទៀតថា កីឡានេះមានសារៈសំខាន់សម្រាប់កងកម្លាំងកងកម្ម៉ងដូ និងអង្គរក្ស ក្នុងការអនុវត្តចាប់មុខសញ្ញាបង្កបញ្ហា និងបទល្មើសផ្សេងៗ ដោយមិនធ្វើឲ្យភ្ញាក់ផ្អើលឡើយ។


 
យោងទៅលើវីដេអូសម្ភាស ជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក គង់ ចាន់ធីណា បាននិយាយដោយផ្អែកលើបទពិសោធន៍ជាង ២០ឆ្នាំរបស់ខ្លួន ក្នុងកីឡានេះ ដូច្នេះថា នៅក្រៅប្រទេស ក្បាច់គុនហាប់គីដូ ត្រូវបានគេយកហ្វឹកហាត់ក្នុងជួរកងកម្លាំង ព្រោះតែកីឡានេះ មានលក្ខណៈពិសេស គឺបច្ចេកទេសក្នុងចាប់ ការពារ និងការរំដោះ ដោយមិនធ្វើឲ្យភ្ញាក់ផ្អើល ក្នុងអនុវត្តចាប់ជនល្មើសឡើយ។
 
ដោយឡែក អគ្គលេខាធិការរូបនេះ ក៏ធ្លាប់បានបើកវគ្គបណ្ដុះបណ្ដាល ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែរ មុនពេលកូវីដ-១៩ ប៉ុន្ដែការបណ្ដុះបណ្ដាលនោះ មិនទាន់ជាលក្ខណៈធំដុំ និងមានរយៈពេលវែងឡើយ ដោយត្រឹមតែ ៣ ខែប៉ុណ្ណោះ។ 


លោក គង់ ចាន់ធីណា បង្វឹកសិស្ស រូបពីវីឌីអូក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
 
«តាមការសង្កេតរបស់ខ្ញុំគ្រូធំៗ នៅលើពិភពលោក គាត់ឧស្សាហ៍ទៅបើកវគ្គ នៅបន្ទាយរបស់កងកម្លាំងដូចជាក្រុមកម្ម៉ងដូ ក្រុមអង្គរក្ស។ នៅកម្ពុជា ខ្ញុំ ក៏បានបញ្ជ្រាបផ្នែកក្បាច់គុននេះទៅមួយចំនួនដែរ គ្រាន់តែយើងមិនទាន់ បានជាលក្ខណៈធំដុំ។ ប៉ុន្មានឆ្នាំមុនកូវីដ-១៩ ខ្ញុំ បានបើកវគ្គបណ្ដុះបណ្ដាល២វគ្គដែរ ទៅខាងទីបញ្ជារការដ្ឋាន ហើយមេបញ្ជាការផ្នែកនីមួយៗ បានអញ្ជើញខ្ញុំ ទៅបើកទៅបង្ហាត់ ក្នុងរយៈពេល៣ខែៗដែរ។ ពួកគាត់ចង់បានបច្ចេកទេសចាប់ព្រោះហាប់គីដូយើង ដូចយើងនិយាយមិញអ៊ីចឹង គឺប្រព័ន្ធការពារបច្ចេកទេសហើយចាប់មុខសញ្ញា វាមិនសូវធ្វើឲ្យផ្អើល។»។ លោក គង់ ចាន់ធីណាបាននិយាយដូច្នេះ។ 
 
តាំងពីឆ្នាំ១៩៨១ កម្ពុជាបានផលិតកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវ៉ាត់កម្រិតខ្ពស់ ជាច្រើនរូប។ ចំណែក លោក គង់ ចាន់ធីណា បានចូលហ្វឹកហាត់ កីឡានេះតាំងពីឆ្នាំ១៩៨៩ ហើយបានក្លាយជាគ្រូជំនួយ ក្នុងឆ្នាំ២០០០៕

Tag:
 ហាប់គីដូ
  គង់ ចាន់ធីណា
© រក្សាសិទ្ធិដោយ thmeythmey.com