ជាតិ
អូស្រ្តាលី ចង់នាំឧបករណ៍ចិញ្ច្រាំចំបើងចូលកម្ពុជា ដើម្បីលើកកម្ពស់ជីជាតិដី និងបន្ថយបំភាយឧស្ម័ន
10, Nov 2023 , 9:29 pm        
រូបភាព
ការសាកល្បងប្រើប្រាស់ឧបករណ៍ចិញ្ច្រាំចំបើង ភ្ជាប់ជាមួយម៉ាស៊ីនច្រូត នៅខេត្តសៀមរាប។ រូបភាព៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា
ការសាកល្បងប្រើប្រាស់ឧបករណ៍ចិញ្ច្រាំចំបើង ភ្ជាប់ជាមួយម៉ាស៊ីនច្រូត នៅខេត្តសៀមរាប។ រូបភាព៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា
ភ្នំពេញ៖ ជាទូទៅការប្រមូលផលស្រូវនៅកម្ពុជា តែងតែបន្សល់ចំបើងយ៉ាងច្រើននៅក្នុងស្រែ។ ចំបើងទាំងនោះ ត្រូវបានប្រជាកសិករដុត ឬដកចេញ ដើម្បីរៀបចំដីសម្រាប់ដំណាំស្រូវនៅរដូវបន្ទាប់ ដែលជាហេតុធ្វើឱ្យបំពុលបរិស្ថាន និងកាត់បន្ថយសារធាតុសរីរាង្គក្នុងដី។



តាមរយៈកម្មវិធីភាពជាដៃគូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្រ្តាលី កំពុងសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីសាកល្បងឧបករណ៍ចិញ្ច្រាំចំបើង ជាការឆ្លើយតបនឹងដំណោះស្រាយ។ 
 
ឧបករណ៍នេះ ត្រូវបានភ្ជាប់ជាមួយម៉ាស៊ីនច្រូត ដែលមុខងារកាត់ចំបើងទៅជាកំណាត់តូចៗ ហើយពង្រាយលើដីស្រែវិញ។ បច្ចេកវិទ្យាថ្មីនេះ មានសក្តានុពលក្នុងការលើកកម្ពស់ប្រសិទ្ធភាពកសិកម្មដីស្រែ កាត់បន្ថយការបំភាយឧស្ម័ន ជួយកសិករកាត់បន្ថយការចំណាយ។ 
 
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា​ លោក Justin Whyatt បានបន្ថែមថា ចំបើងមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ការដាំដុះស្រូវ ព្រោះថា នៅពេលរលួយទៅក្នុងដី វានឹងក្លាយជាធម្មជាតិ។ ដូច្នេះ ឧបករណ៍ចិញ្ច្រាំចំបើង នឹងកាត់ចំបើងទៅជាកំណាត់តូចៗ ហើយពង្រាយលើដីស្រែវិញ ដើម្បីឱ្យវាងាយរលួយ។  
 
ការធ្វើបែបនេះ អាចជួយឱ្យស្ថានភាពដីល្អប្រសើរ ទិន្នផលស្រូវកើនខ្ពស់ ហើយកសិករក៏អាចកាត់បន្ថយការប្រើប្រាស់ជីគីមី ផងដែរ។ ដូច្នេះ តាមរយៈឧបករណ៍នេះ វាបានជួយដល់បរិស្ថាន និងសេដ្ឋកិច្ច។
 
លោក ថ្លែងដូច្នេះថា៖«ចំបើងពិតជាមានតម្លៃណាស់ក្នុងការដាំដុះស្រូវ គឺនៅពេលវារលួយទៅក្នុងដី វានឹងក្លាយជាធម្មជាតិ។ ដូច្នេះ នៅពេលដែលពង្រាយកំណាត់ចំបើងនោះទៅក្នុងដីស្រែវិញ មានន័យថា អ្នកកំពុងដាក់ជីធម្មជាតិ ទៅក្នុងដី ដែលធ្វើឱ្យដីកាន់តែមានផលិតភាពខ្ពស់ជាងមុន ហើយក៏មានន័យថា អ្នកនឹងប្រើជីតិចជាងមុនដែរ ដូច្នេះ វាល្អសម្រាប់បរិស្ថាន និងសេដ្ឋកិច្ច»។ 
 
ឧបករណ៍ចិញ្ច្រាំចំបើង កំពុងសាកល្បងប្រើប្រាស់នៅខេត្តសៀមរាប ដើម្បីបញ្ជាក់ឱ្យថា តើវាអាចជួយកំណើនសេដ្ឋកិច្ចសម្រាប់កសិករ ឬយ៉ាងណា? លោក Justin Whyatt សង្ឃឹមថា ការសាកល្បងបានសផលវិជ្ជមាន ហើយនាំបច្ចេកវិទ្យាថ្មីនេះមកកាន់កម្ពុជា ដើម្បីប្រើប្រាស់ឱ្យកាន់តែទូលាយ៕ 

Tag:
 កសិកម្ម
  អូស្រ្តាលី
  ឧបករណ៍ចិញ្ច្រាំចំបើង
  Justin Whyatt
© រក្សាសិទ្ធិដោយ thmeythmey.com