RFI
អន្តរជាតិ
តើជីវិតរបស់របបសឹកភូមាកំពុងធ្វើដំណើរឆ្ពោះទៅរកទីអវសាន?
10, Nov 2023 , 9:59 pm        
រូបភាព
រូបថត AP
រូបថត AP
ដោយ៖គួច គន្ធារ៉ា/RFI
 
នៅ​ក្នុង​ប្រទេស​ភូមា ការ​ប្រយុទ្ធ​គ្នា​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក​នៅ​ក្នុង​រដ្ឋ​ឆាន​ស្ថិត​ប៉ែក​ខាង​ជើង​រវាង​ទ័ពរដ្ឋាភិបាល និង​សម្ព័ន្ធប្រដាប់អាវុធ​ជាតិពិន្ធុ។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ជា​ព្រឹត្តិការណ៍​គំរាមកំហែង​មិន​ធ្លាប់​មាន​ចំពោះ​ក្រុម​ឧត្តមសេនីយ​តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២១។ ចំណែក​ប្រធានាធិបតី​ភូមា​លោក​មីន ស្វេ​បាន​ថ្លែង​ដោយ​ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​គ្រប់គ្រង​ស្ថានការណ៍​នេះ​ដោយ​ប្រសិទ្ធិភាព​ទេ នោះ​ប្រទេស​នឹង​ត្រូវ​ពុះ​ចែក​ជា​ច្រើន​ចំណែក។

 
លោក​មីន ស្វេ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នា​ថ្ងៃ​ពុធ ទី៨ វិច្ឆិកា​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​សន្តិសុខ និង​ការពារជាតិ​ដោយ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​របបសឹក​លោក​មីន អ៊ុងឡាំង។ ប្រធានាធិបតី​លោក​មីន ស្វេ​បាន​យល់​ឃើញ​ថា ការ​លះបង់​ជីវិត​ជារឿង​ចាំ​បាច់​ដើម្បី​ស្តារ​ស្ថិរភាព​ឡើង​វិញ។ គួរ​រម្លឹក​ថា តាំង​ពី​ដំណាច់​ខែ​តុលា​ដែល​រដ្ឋឆាន​ស្ថិត​ប៉ែកខាងជើង​ជាប់​ព្រំដែន​ចិន​បាន​ស្គាល់​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ហិង្សា​រវាង​ទ័ពរដ្ឋាភិបាល និង​សម្ព័ន្ធប្រដាប់អាវុធ​ជាតិពិន្ធុ​ដែល​រួម​គ្នា​ដោយ ៣ក្រុម គឺ​កងទ័ពរំដោះជាតិ​តាអុង កងទ័ព​អារ៉ាខាន់ និង​សម្ព័ន្ធប្រជាធិបតេយ្យជាតិ​មីយ៉ាន់ម៉ា។
 
ក្នុង​សប្តាហ៍​កន្លង​ទៅ សម្ព័ន្ធប្រដាប់អាវុធ​ជាតិពិន្ធុ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ចូល​គ្រប់គ្រង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ទាហាន​រដ្ឋាភិបាល​រាប់សិបកន្លែង ព្រម​ទាំង​ផ្លូវ​មួយ​ចំនួន។ ចំណែក​របបសឹក​បាន​ប្រកាស​ទទួល​ស្គាល់​ពី​ការ​បាត់បង់​ស្រុក Chinshwehaw នៅ​ជាប់​ព្រំដែន​ដែល​ជា​ស្រុក​យុទ្ធសាស្រ្ត​សម្រាប់​ការ​ដោះដូរ​ទំនិញ​ជាមួយ​ចិន។ តែ​តាំង​ពី​ពេល​នោះ​មក របបសឹក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ស្តីពី​ស្ថានការណ៍​នៃ​ការ​ប្រយុទ្ធ​ត ទល់​នឹង​សម្ព័ន្ធប្រដាប់អាវុធ​ជាតិពិន្ធុ​ក្នុង​រដ្ឋ​ឆាន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ការ​ប្រឈម​ផ្លូវអាវុធ​រវាង​ភាគី​ទាំង​ពីរ​លើក​នេះ​មាន​ទ្រង់ទ្រាយ​ធំ​បើ​គិត​តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២១។
 
មួយ​វិញ​ទៀត ក្រៅ​ពី​ប្រឈម​ទល់​នឹង​ក្រុមប្រដាប់អាវុធជាតិពិន្ធុ​តាំង​ពី​ច្រើន​ទសវត្សរ៍ របបសឹក​ក៏​កំពុង​បន្ត​ប្រឈម​ទល់​នឹង​ក្រុម​ប្រឆាំង​ដែរ។ តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ ក្រុមប្រឆាំង​ត្រូវ​បាន​ចលនា​ប្រដាប់អាវុធជាតិពិន្ធុ​ខ្លះ​ជួយ​ហ្វឹកហ្វឺន និង​បំពាក់អាវុធ​ឲ្យ​ដើម្បី​បន្ត​តតាំង​ទល់​នឹង​របបសឹក។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុមប្រឆាំង​បាន​នាំ​គ្នា​ដុត​បំផ្លាញ​អាគាររដ្ឋាភិបាល ផ្លូវថ្នល់ និង​ស្ពាន​នៅ​ក្នុង​ស្រុក​ជា​ច្រើន​ក្នុង​តំបន់ Sagaing ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ ឃើញ​ថា​ពេល​នេះ របបសឹក​កំពុង​ប្រឈម​ទប់​នឹង​សមរភូមិ​ពីរ​ក្នុង​ពេល​តែ​មួយ​ដោយ​មិន​ដឹង​ថា តើ​អាច​បន្ត​ទប់ទល់​បាន​ឬ​អត់ និង​ទប់ទល់​បាន​កម្រិត​ណា​ទេ។
 
តាម​អង្គការសហប្រជាជាតិ មាន​មនុស្ស​យ៉ាង​តិច ២ ៣០០នាក់​បាន​ភៀសខ្លួន​គេច​ពី​ការ​ប្រយុទ្ធ​គ្នា​ពេល​នេះ។ ចំណែក​ចិន​ដែល​ជា​ដៃគូពាណិជ្ជកម្ម​សំខាន់​របស់​ភូមា និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ភូមា​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី៧ វិច្ឆិកា​ថា មាន​ជនជាតិ​ចិន​ច្រើន​នាក់​បាន​រងគ្រោះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ទព័រដ្ឋាភិបាលភូមា និង​សម្ព័ន្ធប្រដាប់អាវុធ​ជាតិពិន្ធុ​ក្នុង​រដ្ឋ​ឆាន។ ទន្ទឹម​គ្នា​នេះ ចិន​បាន​ជំរុញ​ឲ្យ​របបសឹក​សហការ​ជាមួយ​ខ្លួន​ដើម្បី​ធានា​ស្ថិរភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រួម​គ្នា៕

© រក្សាសិទ្ធិដោយ thmeythmey.com