អន្តរជាតិ
ចិន និងវៀតណាមប្តេជ្ញាការពារសន្តិភាពតាមព្រំប្រទល់ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗ
11, Nov 2023 , 10:41 am        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែវិច្ឆិកា។ រូបភាពក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែវិច្ឆិកា។ រូបភាពក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១០ ខែវិច្ឆិកា បានបញ្ជាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាដោយស្មោះត្រង់ និងលក្ខណៈជាមិត្តភាពជាមួយសមភាគីវៀតណាម នៅទីក្រុងហាណូយ ក្នុងថ្ងៃទី៩ ខែវិច្ឆិកា ដោយផ្តោតលើប្រធានបទទំនាក់ទំនង ទ្វេភាគី ព្រំដែនដីគោក និងបញ្ហាដែនសមុទ្រ។

 
ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin មានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងវៀតណាមបានរក្សានូវសន្ទុះដ៏ល្អក្រោមការ ដឹកនាំរបស់ប្រទេសទាំងពីរ នៅពេលបច្ចុប្បន្ន។ ជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong និងសមភាគីវៀតណាម លោក Nguyen Minh Vu មិនត្រូវបានបង្ហាញដោយទីក្រុងប៉េកាំងពីមុននោះទេ។
 
បន្ថែមពីនេះ លោក Wang បញ្ជាក់ថា ភាគីទាំងពីរឱ្យតម្លៃលើវឌ្ឍនភាពដែលបានធ្វើឡើង ក្នុងការបើក និងធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
 
«អនុរដ្ឋមន្រ្តីការបរទេស បានឯកភាពក្នុងការធ្វើឱ្យព្រំដែនដីគោកចិន-វៀតណាមក្លាយជាព្រំដែននៃ សន្តិភាពអចិន្ត្រៃយ៍ និងមិត្តភាពអន្តរជំនាន់ និងការអភិវឌ្ឍប្រកបដោយវិបុលភាព»។ លោក Wang លើកឡើងបែបនេះ រួចបន្តថា ភាគីទាំងពីរបានអះអាងយ៉ាងពេញលេញនូវកិច្ចខិតខំរួម គ្នាដែលបានធ្វើឡើង ដើម្បីរក្សាស្ថិរភាពនៃស្ថានភាពដែនសមុទ្រ។ ចិន និងវៀតណាម មានជម្លោះដែនទឹក ក្នុងសមុទ្រចិនខាងត្បូងជាច្រើនឆ្នាំមកហើយ។ 
 
នៅពេលចោទសួរអំពីការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីងទៅទីក្រុងហាណូយ លោក Wang បានបញ្ជាក់ថា លោកមិនមានព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់លោកស៊ី នៅវៀតណាមឡើយ។ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែមុនបានរាយការណ៍ថា មន្ត្រីវៀតណាម និងចិនកំពុងរៀបចំសម្រាប់ការធ្វើដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានសម្រាប់លោកស៊ីទៅទីក្រុងហាណូយដែលគ្រោងប្រព្រឹត្តទៅនៅចុងខែតុលា ឬដើមខែវិច្ឆិកាឆ្នាំនេះ។
 
បើតាមអ្នកការទូតបីនាក់ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានបញ្ជាក់ជាបន្តបន្ទាប់ថា ដំណើរទស្សនកិច្ចនេះទំនងជាត្រូវបានពន្យារពេលដល់ខែធ្នូឆ្នាំនេះ។
ចិន និងអាម៉េរិកព្យាយាមយ៉ាងសកម្មសម្រាប់ការបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងចំណោមប្រជា ជាតិអាស៊ីអាគ្នេយ៍រួមទាំងវៀតណាមផងដែរ ដែលកាលពីខែកញ្ញាវៀតណាមបានដំឡើងទំនាក់ ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com