ជាតិ
«ផ្លូវអាស៊ានហាយវេលេខ១» ពីព្រែកក្តាម ទៅប៉ោយប៉ែត នឹងដាក់ឱ្យប្រើប្រាស់ផ្លូវការនា ចុងខែនេះ
13, Nov 2023 , 8:18 am        
រូបភាព
រូបភាពផ្លូវ ផ្លូវអាស៊ាន​ហាយវេលេខ១ចម្ងាយ​២៦៦គីឡូម៉ែត្រពីព្រែក​ក្តាមខេត្តកណ្តាល ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភព STPM
រូបភាពផ្លូវ ផ្លូវអាស៊ាន​ហាយវេលេខ១ចម្ងាយ​២៦៦គីឡូម៉ែត្រពីព្រែក​ក្តាមខេត្តកណ្តាល ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភព STPM
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវអាស៊ានហាយវេលេខ១ នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ នាចុងខែវិច្ឆិកា នេះ។



បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ពោលគឺក្រោយប្រើពេលសាងសង់អសរយៈពេល៥៥ខែ។

ផ្លូវនេះ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ដោយបានចំណាយថវិកាសាងសង់ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ឡើងដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធ ក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។

ផ្លូវអាស៊ានហាយវេលេខ១ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយត្រូវបានបែងចែកចេញជា៣កំណាត់ គឺកំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ ផ្លូវនេះ មានប្រវែង៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

ផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧។ បើតាមការលើកឡើងក្នុងបណ្តាញសង្គមផ្លូវការរបស់នាយករដ្ឋមន្ត្រី ផ្លូវជាតិលេខ ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត ជាពិសេសពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕



© រក្សាសិទ្ធិដោយ thmeythmey.com