ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ
13, Nov 2023 , 8:57 am        
រូបភាព
ដោយ: រួបរួម
ក្រោយខកខានអស់រយៈពេល៤ឆ្នាំ វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានដំណើរការផ្លូវការ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា នេះ នៅវិមានសន្តិភាព។ ដឹកនាំជាលើកដំបូងក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលអាណត្តិទី៧ សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកវេទិកានេះ ដូចជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ។



សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា រាល់សេចក្តីសម្រេចក្នុងវេទិកានេះ ការដាក់ចេញគោលនយោបាយនានា មានអានុភាពដូចសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ សម្តេចអះអាងថា៖ «វេទិកានាថ្ងៃនេះ ក៏ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរុញការអភិវឌ្ឍន៍វិស័យឯកជននៅកម្ពុជា»។

ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ គឺជាវេទិកាដែលសម្តេច ហ៊ុន ម៉ាណែត បានសន្យានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីអាណត្តិទី៧ ហើយនេះក៏ជាកិច្ចប្រវត្តិសាស្ត្រលើកដំបូងផងដែរសម្រាប់សម្តេចដែលបានដឹកនាំវេទិកា។

សម្តេច ហ៊ុន សែន បានដឹកនាំវេទិកា ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៩ ពោលគឺពីលើកទី១ ដល់ទី១៨។ វេទិកា បានខកខានដោយសារការវាយលុកកូវីដ-១៩។ ក្រោយខកខានអស់រយៈពេល៤ឆ្នាំ សម្តេច ហ៊ុន ម៉ាណែត ជឿជាក់ថា នឹងមានសំណើរជាច្រើនដែលត្រូវដោះស្រាយ។

កិច្ចប្រជុំពេញមួយព្រឹកនេះ ក្រៅពីមតិបើកកិច្ចប្រជុំរបស់សម្តេច ហ៊ុន ម៉ាណែត ក៏មានការបង្ហាញរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, បទអន្តរាគមន៍របស់លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ការលើកឡើងផ្សេងៗពីតំណាងវិស័យឯកជន ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងការបិទកម្មវិធីរបស់សម្តេច ហ៊ុន ម៉ាណែត៕



© រក្សាសិទ្ធិដោយ thmeythmey.com