ជាតិ
ជាក់ស្តែងនិយម កុំទ្រឹស្តីនិយម! សម្តេច ហ៊ុន ម៉ាណែត ឱ្យរួមគ្នាក្នុងកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»!
13, Nov 2023 , 2:33 pm        
រូបភាព
ដោយ: រួបរួម
នាវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា វិស័យទេសចរណ៍ចាប់ផ្តើមមានសន្ទុះឡើងវិញ ប៉ុន្តែមិនទាន់ដូចសម័យកាលមុនផ្ទុះកូវីដ-១៩នោះឡើយ។ ខេត្តសៀមរាប ត្រូវបានផ្តោតជាពិសេសក្នុងការស្តារវិស័យទេសចរណ៍ ដោយរដ្ឋាភិបាលសម្រេចដាក់ចេញនូវកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤»។



ការដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ត្រូវបានសម្តេច ហ៊ុន ម៉ាណែត អះអាងថា នៅពេលដែលទេសចរណ៍ខេត្តសៀមរាប មានភាពល្អប្រសើរឡើងវិញ វាក៏នឹងជះឥទ្ធិពលដល់បណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។

សម្តេចបញ្ជាក់ថា៖ «ពិតណាស់ ការផ្តោតលើខេត្តសៀមរាប មិនមែនមានន័យថា រដ្ឋាភិបាលមិនគិតគូពីវិស័យទេសចរណ៍នៅកន្លែងផ្សេងទេ ប៉ុន្តែជាជំហានចំពោះមុខ គឺការផ្តោតយកចិត្តទុកដាក់ជាពិសេសខេត្តសៀមរាប តាមការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឈានដល់ការទាញទេសចរណ៍»។

ជាមួយនឹងការដាក់ចេញកម្មវិធីពិសេស សម្តេចបានបញ្ជាទៅក្រសួងទេសចរណ៍ឱ្យរៀបចំឡើងវិញនិងដាក់ឱ្យដំណើរការ ក្រុមប្រឹក្សាទេសចរណ៍ដោយមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជនពាក់ព័ន្ធឱ្យបានឆាប់បំផុត។ បើតាមសម្តេច ការដាក់ចេញក្រុមប្រឹក្សាទេសចរណ៍ នឹងអាចដោះស្រាយបញ្ហាប្រឈមវិស័យឯកជនជួបប្រទះប្រចាំថ្ងៃ អនុវត្តយុទ្ធសាស្ត្រផ្សេងទៀត។

ប្រមុខរដ្ឋាភិបាលបានក្រើនរំលឹកឱ្យមានយន្តការប្រតិបត្តិ ដោយមិនត្រឹមមានតែលើក្រដាសនោះឡើយ។ «ជាយន្តការដែលមានជើងសម្រាប់ដើរគោះទ្វារគេទាំងក្នុង និងក្រៅប្រទេស។ យើងត្រូវការយន្តការដែលត្រូវដើរផុតពីក្រដាស ដើម្បីអនុវត្តតាមដានត្រួតពិនិត្យ ត្រូវរៀបចំក្រុមការងារចំពោះកិច្ច រៀបចំជាមួយស្ថាប័នរដ្ឋ»។

សម្តេចបានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការអនុវត្តយន្តការបុរេសកម្ម ដែលមានន័យថា ដើរមុនសភាពការកើត និងអាចព្យាករមុន។ សម្តេចឱ្យក្រុមការងារទេសចរណ៍ចេះដើរគោះទ្វារ ពោលគឺត្រូវជាក់ស្តែងនិយម ជាជាងទ្រឹស្តីនិយម។

ក្នុងវិស័យទេសចរណ៍នេះ ជាពិសេសសម្រាប់កម្មវិធីទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងអំពីវិធានការជាច្រើនរបស់រដ្ឋាភិបាល ហើយជំរុញឱ្យមានការចូលរួមពីវិស័យឯកជន ដោយកំណត់ព្រំដែនអំពីការប្រកួតប្រជែងគ្នាក្នុងស្រុក ហើយរួមគ្នា និងបំពេញឱ្យគ្នាសម្រាប់ការប្រកួតប្រជែងក្រៅប្រទេស។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសពីការសម្រេចផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបក្នុងរង្វង់ទឹក ៥០លានដុល្លារ ជាមួយអត្រាការប្រាក់សមរម្យ តាមប្រភេទអាជីវកម្ម៕



© រក្សាសិទ្ធិដោយ thmeythmey.com