ជាតិ
អាជ្ញាធរ ចាប់បានសាច់ក្រួចជាង៣តោន នាំចូលខុសច្បាប់ពីវៀតណាម មកលក់នៅភ្នំពេញ
15, Nov 2023 , 11:32 am        
រូបភាព
មន្រ្តីជំនាញបទល្មើសសាច់សត្វ បង្រ្កាបបានសាច់សត្វក្រួចជាង៣តោន នាំចូលខុសច្បាប់ពីវៀតណាម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ រូបភាព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
មន្រ្តីជំនាញបទល្មើសសាច់សត្វ បង្រ្កាបបានសាច់សត្វក្រួចជាង៣តោន នាំចូលខុសច្បាប់ពីវៀតណាម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ រូបភាព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា ចាប់បានសាច់សត្វក្រួច ៣,៦០០គីឡូក្រាម ដែលលួចនាំចូលខុសច្បាប់ពីវៀតណាម បម្រុងយកមកចែកចាយនៅទីក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៤ វិច្ឆិកា។



សាច់សត្វក្រួចទាំងនេះ ត្រូវបានឈ្មួញដឹកតាមរថយន្តមួយគ្រឿង ម៉ាកHYUNDIA  ចំណុះ២តោន ដែល ចេញដំណើរពីវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ក្នុងគោលដៅយកទៅលក់បន្តនៅទីក្រុងភ្នំពេញ។ ករណីនេះ ត្រូវបានមន្រ្តីជំនាញឃាត់បានកាលពីថ្ងៃទី១៣ វិច្ឆិកា នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 
 
ក្នុងថ្ងៃជាមួយគ្នានេះ អាជ្ញាធរ បន្តចាប់បានរថយន្តម៉ាកHYUNDIA ពីរគ្រឿងថែមទៀត ដោយទី១ បានដឹកសត្វទារស់ប្រមាណ២ពាន់ក្បាល ចេញពីវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីយកទៅចែកចាយនៅក្រុងព្រៃវែង។ រថយន្តទី២ ដឹកសត្វមាន់រស់ និងទន្សាយរស់១,២៥១ក្បាល ចេញពីវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីចែកចាយបន្តនៅខេត្តតាកែវ។ 
 
ករណីនាំចូលទាំង៣នេះ សុទ្ធសឹងគ្មានច្បាប់អនុញ្ញាត  ហើយបច្ចុប្បន្ន មន្រ្តីជំនាញ បាននាំយកវត្ថុតាង និងបទល្មើសទាំងអស់ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ 
 
នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពង្រឹងច្បាប់ហាមឃាត់ការនាំផលិតចំណីអាហារ ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ចូលមកកម្ពុជា។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពី សម្ដេច ទទួលបានសំណើមួយចំនួនពីវិស័យឯកជន ដែលពួកគេទាមទារឱ្យពិនិត្យឡើងវិញ លើការគ្រប់គ្រងការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី គ្មានច្បាប់អនុញ្ញាត។
 
សម្ដេច លើកឡើងថា ការបើកទូលាយសម្រាប់ចំណីអាហារគ្មានច្បាប់ទាំងនេះ បានធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុក ពិបាកប្រកួតប្រជែងទាំងផ្នែកទីផ្សារ និងតម្លៃ ព្រោះថាសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ទាំងអស់ ដែលនាំចូលពីបរទេស សុទ្ធសឹងមានតម្លៃថោក និងគុណភាពទាប។ ក្រៅពីប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក វាក៏ផ្ដល់ប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផងដែរ។
 
ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខុមាលភាពពលរដ្ឋ រដ្ឋាភិបាល បានណែនាំឱ្យក្រសួងស្ថានប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់នូវការហាមឃាត់ការនាំចូលម្ហូប ឬចំណីអាហារណាខូចគុណភាព និងគុណភាពទាប ដែលវាធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ មិនមែនតែ សាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ នោះទេ។ 
 
អាជ្ញាធរពាក់ព័ន្ធ ត្រូវកំណត់ច្រកទ្វារព្រំដែនឱ្យបានច្បាស់លាស់ ក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យ ការនាំចូលខុសច្បាប់ក្រោមរូបភាពផ្សេងៗ។ ក្រៅពីនោះ ត្រូវធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៧ អនក្រ.បក ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់បង្កកទាំងនោះ ដើម្បីធានាគុណភាព និងសុខភាព ស្របតាមការកំណត់នៃបទដ្ឋានគតិយុត្ត ជាធរមាន។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។  
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម ត្រូវប្រើប្រាស់ប្រព័ន្ធ«បញ្ជារតែមួយជាតិ» សម្រាប់សម្រួលដល់ការស្នើសុំការលិខិតអនុញ្ញាតលឿនរហ័ស៕   

Tag:
 សាច់ក្រួច
  បទល្មើសសាច់សត្វ
  តាន់ ផាន់ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com