អន្តរជាតិ
ប្រមុខការពារជាតិអាស៊ាន ខ្វែងគំនិតគ្នាលើជម្លោះរវាងអុីស្រាអែល-ប៉ាឡេស្ទីន
16, Nov 2023 , 2:51 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាស៊ានថតរូបជុំគ្នា នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព ASEAN
រដ្ឋមន្រ្តីការពារជាតិអាស៊ានថតរូបជុំគ្នា នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព ASEAN
ប្រមុខការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួន នៅថ្ងៃទី១៥ ខែវិច្ឆិកា បានទទូចឱ្យបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងបង្កើតច្រកសម្រាប់ដឹកជញ្ជូនជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា។ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិសិង្ហបុរីថា ជម្លោះមួយនេះ បង្កដោយក្រុមហាម៉ាស។ ចំណែកបញ្ហាមីយ៉ាន់ម៉ា រដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅតែបន្តមិនដាក់សម្ពាធខ្លាំងលើរបបយោធា។



ពីទីក្រុងហ្សាការតា​ ឥណ្ឌូណេស៊ី ប្រមុខការពារជាតិអាស៊ានទាំងអស់ លើកលែងតែវត្តមានមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួម បានមកជួបជុំគ្នាជាថ្មី នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នៅចំពោះមុខប្រមុខការពារជាតិផ្សេងទៀត លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី បានបង្ហាញពីក្តីបារម្ភ ដែលជម្លោះនៅតំបន់កាហ្សាកំពុងកើតមាន ជាពិសេសលក្ខខណ្ឌមនុស្សធម៌។
 
បណ្តាប្រទេសអាស៊ានខ្វែងគំនិតគ្នាលើបញ្ហាជម្លោះអ៊ីស្រាអែល និងហាម៉ាស។ សមាជិកអាស៊ានចំនួន៣ ដូចជាឥណ្ឌូណេស៊ី ម៉ាឡេស្ទីន និងព្រុយណា ជាប្រទេសមានប្រជាជនមូស្លីមភាគច្រើន និងគាំទ្រប្រជាជនប៉ាឡេស្ទីន ហើយប្រទេសទាំងបីក៏មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលដែរ។ 
 
«កិច្ចខិតខំក្នុងការសម្រេចបទឈប់បាញ់ ត្រូវតែបន្ត និងច្រកសុវត្ថិភាពសម្រាប់ជំនួយមនុស្សធម៌ ត្រូវតែធំទូលាយ និងត្រូវបានពន្លឿន»។ លោក Subianto បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយបន្តថា អំពើហិង្សាប្រឆាំងប្រជាជនស៊ីវិលត្រូវតែបញ្ឈប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ចំណែករដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី លោក Mohammad Hasan បានថ្កោលទោសពីការទម្លាក់គ្រាប់បែកលើប្រជាជនស៊ីវិល និងមន្ទីរពេទ្យក្នុងតំបន់កាហ្សា និងការសម្លាប់រង្គាលលើជីវិតគ្មានកំហុស ដូចជាស្រ្តី កុមារ និងបុរសជាច្រើននាក់។ 
 
កន្លងមក ឥណ្ឌូណេស៊ី ម៉ាឡេស៊ី រួមទាំងបណ្តាប្រទេសអារ៉ាប់ និងមូស្លីមជាច្រើន បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមលើយោធាអ៊ីស្រាអែល ក្នុងតំបន់កាហ្សា។ 
 
យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានរិះគន់ពីសកម្មភាពរបស់ក្រុមហាម៉ាសដែលផ្តើមជម្លោះនៅថ្ងៃទី៧ ខែតុលា និងបានសម្លាប់ប្រជាជនស៊ីវិលជាច្រើននាក់។ បើតាមប្រមុខការពារជាតិរូបនេះ អាស៊ាន ត្រូវតែការពារសន្តិភាពក្នុងតំបន់ខ្លួនឱ្យបានត្រឹមត្រូវ និងមិនត្រូវឱ្យបាត់បង់ជាដាច់ខាត។ សិង្ហបុរី ជាប្រទេសមួយ ដែលមានទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល។
 
កន្លងមក រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមម្តងរួចមកហើយ ដោយឱ្យមានបទឈប់បាញ់ និងផ្តល់ជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា។ 
 
ស្របគ្នានេះ អាស៊ាន នៅតែមិនបានដាក់សម្ពាធធ្ងន់លើមីយ៉ាន់ម៉ា ដែលកំពុងមានជម្លោះប្រដាប់អាវុធខ្លាំងក្លានៅក្នុងប្រទេស។ 
 
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ លោក Subianto បានត្រឹមបង្ហាញពីក្តីបារម្ភ និងលើកទឹកចិត្តឱ្យសមាជិកអាស៊ានគាំទ្រមីយ៉ាន់ម៉ា ក្នុងការស្វែងរកសន្តិភាព និងដំណោះស្រាយចំពោះស្ថានភាពបច្ចុប្បន្ន។ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏បានជំរុញជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ចប់ជម្លោះផងដែរ។ 
 
ចាប់តាំងពីថ្ងៃទី២៧ ខែតុលាមក សម្ព័ន្ធបងប្អូន ឬBrotherhood Alliance បានប៉ះទង្គិចយ៉ាងខ្លាំងជាមួយយោធា និងបានគ្រប់គ្រងប៉ុស្តិ៍យោធា និងប៉ូលិសជាច្រើន នៅក្នុងរដ្ឋ Shan ដែលស្ថិតនៅភាគខាងជើងមីយ៉ាន់ម៉ា។ នេះជាការប៉ះទង្គិចដ៏ខ្លាំងមួយចាប់តាំងពីមានរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០២១៕ 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
  រដ្ឋមន្រ្តីការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com