សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​ជាង១០ខែ ថៃ​​ទទួលភ្ញៀវ​ទេសចរអន្តរជាតិ​បាន២​៣​លាន​នាក់
16, Nov 2023 , 8:19 pm        
រូបភាព
អ្នកទេសចរនៅតាមបណ្តាឆ្នេរម៉ៃយ៉ា កោះភីភី (ថៃ) ។ រូបភាព ៖ AFP
អ្នកទេសចរនៅតាមបណ្តាឆ្នេរម៉ៃយ៉ា កោះភីភី (ថៃ) ។ រូបភាព ៖ AFP
គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ថៃទទួលភ្ញៀវទេសចរណ៍អន្តរជាតិបានជាង២៣,៤លាននាក់ និងរកចំណូលបានជិត ២៨ពាន់លានដុល្លារ។

 
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា Sudawan Wangsuphakijkosol បាននិយាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ថា ថៃបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ២៣,៤លាននាក់ ចាប់ពីដើមឆ្នាំដល់ថ្ងៃទី១២ខែវិច្ឆិកា ដោយនាំមកនូវប្រាក់ចំណូលជិត ៩៨២ពាន់លានបាត (២៧,៧ពាន់លានដុល្លារ)។
 
ទីផ្សារទេសចរណ៍អន្តរជាតិកំពូលទាំង៥ មានម៉ាឡេស៊ីជាង៣,៨លាននាក់ ចិនមាន២,៩លាននាក់ កូរ៉េខាងត្បូងមានជិត១,៤លាននាក់ ឥណ្ឌាមាន១,៣៥លាននាក់ និងរុស្ស៊ីជិត១,២លាននាក់។ នេះបើតាមសារព័ត៌មានថៃ The Nation។ 
 
លោកស្រីរដ្ឋមន្ត្រី Sudawan រំពឹងថានឹងមានភ្ញៀវអន្តរជាតិមកកម្សាន្តនៅថៃកាន់តែច្រើន ដោយសារការកើនឡើងនៃជើងហោះហើរអន្តរជាតិ ជាពិសេស ការលើកលែងទិដ្ឋាការបណ្តោះអាសន្នរយៈពេល៥ខែសម្រាប់ទេសចរចិន កាហ្សាក់ស្ថាន និងឥណ្ឌា ក៏ដូចជាទិដ្ឋាការរយៈពេលវែងសម្រាប់ជនជាតិរុស្ស៊ី ដែលនឹងរួមចំណែកដល់ការកើនឡើងភ្ញៀវទេសចរនៅចុងឆ្នាំនេះ។
 
កាលពីដើមឆ្នាំនេះ ថៃបានកំណត់គោលដៅទទួលភ្ញៀវអន្តរជាតិប្រមាណត្រឹម១៨លាន ទៅ២០លាននាក់ប៉ុណ្ណោះ ប៉ុន្តែបានបង្កើនគោលដៅដល់ ២៥លាននាក់ចាប់ពីដើមខែឧសភា ស្មើនឹង៦៦ភាគរយបើធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០១៩ ដែលប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរចំនួន៣៩,៨ លាននាក់។ នៅឆ្នាំ ២០២៤ ថៃរំពឹងថានឹងទទួលភ្ញៀវអន្តរជាតិចំនួន៣៥លាននាក់ និងអាចរកប្រាក់ចំណូលបាន ៥៦ពាន់លានដុល្លារពីវិស័យមួយនេះ។
 
ជាមួយតួលេខជាង ២៣,៤លាននាក់នាពេលនេះ ថៃក្លាយជាប្រទេសដែលទទួលភ្ញៀវអន្តរជាតិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។ រយៈពេល១០ខែឆ្នាំនេះ វៀតណាមទទួលភ្ញៀវអន្តរជាតិជិត១០លាននាក់ ដែលតួលេខនេះស្រដៀងគ្នានិងសិង្ហបុរី។ សម្រាប់ឥណ្ឌូណេស៊ី ៩ខែឆ្នាំនេះបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៨,៥លាននាក់ ខណៈហ្វីលីពីនបានជិត ៣,៩លាននាក់ និងឡាវបានជាង ២,៣លាននាក់។ ចំណែក​ម៉ាឡេស៊ីវិញ ៨ខែឆ្នាំនេះ​បាន​ទទួល​ភ្ញៀវ​ទេសចអន្តរជាតិ​ចំនួន១៣ លាន​នាក់៕ 

Tag:
 ថៃ
  ទេសចរ
  ភ្ញៀវអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com