អន្តរជាតិ
លោកស៊ី ថា ចិនមិនចង់បានសង្រ្គាមត្រជាក់ ឬសង្រ្គាមក្តៅជាមួយប្រទេសដទៃ
16, Nov 2023 , 4:49 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងវេទិកាមួយរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិន និងគណៈកម្មាធិការជាតិលើទំនាក់ទំនងអាម៉េរិក-ចិន នៅថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព X_Hua Chunying
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងវេទិកាមួយរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិន និងគណៈកម្មាធិការជាតិលើទំនាក់ទំនងអាម៉េរិក-ចិន នៅថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព X_Hua Chunying
ចិន មិនចង់បានសង្រ្គាមត្រជាក់ ឬសង្រ្គាមក្តៅ ជាមួយបណ្តាប្រទេសដទៃឡើយ។ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយជំនួបជាច្រើនម៉ោងជាមួយសមភាគីអាម៉េរិក។ បើតាមលោកស៊ី ចិនមានឆន្ទៈ ក្នុងការក្លាយជាមិត្ត និងដៃគូរបស់អាម៉េរិក។

 
ពីវេទិកាមួយរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិន និងគណៈកម្មាធិការជាតិលើទំនាក់ទំនងអាម៉េរិក-ចិន លោកប្រធានាធិបតី ស៊ី ជិនភីង បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងប៉េកាំង មិនធ្លាប់ស្វះស្វែងរកល្បែងបែបឈ្នះ-ចាញ់ ហើយក៏មិនមានបំណងជំនួសតំណែងអាម៉េរិកឡើយ។ ផ្ទុយទៅវិញ ចិនចង់ឃើញអាម៉េរិកមានការរីកចម្រើន និងទំនុកចិត្ត។ 
 
«ចិន មិនចង់បានសង្រ្គាមត្រជាក់ ឬសង្រ្គាមក្តៅជាមួយបណ្តាប្រទេសផ្សេងនោះទេ»។ លោក ស៊ី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា នៅចំពោះមុខថ្នាក់ដឹកនាំក្រុមហ៊ុនអាម៉េរិកធំៗ ដូចជាលោក Tim Cook ប្រធានប្រតិបត្តិក្រុមហ៊ុន Apple និងលោក Albert Bourla ប្រធានប្រតិបត្តិក្រុមហ៊ុន Pfizer ជាដើម។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋចិន បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុងប៉េកាំង មានឆន្ទៈក្នុងការក្លាយជាដៃគូ និងជាមិត្តរបស់ក្រុងវ៉ាស៊ីនតោន។ ការអះអាងរបស់លោកប្រធានាធិបតីបែបនេះ ទំនងចង់បន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដែលតែងប៉ះសម្តីគ្នាទៅវិញទៅមក លើប្រធានបទចាប់ពីពាណិជ្ជកម្មរហូតដល់ជំងឺឆ្លង។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ បានប្តេជ្ញាស្វះស្វែងរកការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាជាងការបង្កើតឧបសគ្គ ​និងមានគំនិតបែបសង្រ្គាមត្រជាក់។ ត្រង់ចំណុចនេះ លោកស៊ី បានប្រកាសថា ទោះស្ថិតក្នុងកម្រិតអភិវឌ្ឍបែបណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង នឹងមិនស្វះស្វែងរកអនុត្តរភាពនិយម ឬបំផុសឆន្ទៈរបស់ខ្លួនលើប្រទេសដទៃជាដាច់ខាត។ លោកប្រធានាធិបតី ក៏បានបដិសេធមិនទទួលយកដែនឥទ្ធិពលផងដែរ។  
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងរិះគន់ក្រុងវ៉ាស៊ីនតោន ពីការកៀបសង្កត់មកលើខ្លួន និងការពង្រឹងចំណងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់នឹងការរីកសាយឥទ្ធិពលចិន នៅក្នុងតំបន់។ 
 
ទំនងសំដៅដល់អាម៉េរិក ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្តពន្យល់ថា ប្រសិនបើប្រទេសមួយ ចាត់ទុកប្រទេសមួយផ្សេងទៀតជាសត្រូវធំបំផុត ជាការប្រជែងភូមិសាស្រ្តនយោបាយដ៏សំខាន់ និងជាការគំរាមកំហែង វានឹងបណ្តាលឱ្យមានការធ្វើគោលនយោបាយខុស ដែលបង្កឱ្យមានសកម្មភាពខុស និងលទ្ធផលខុស។ 
 
លើសពីនេះ លោក ស៊ី បានរម្លឹកពីពេលលោកបានបង្ហាញវត្តមានដំបូងនៅអាម៉េរិក រួមទាំងបានថតរូបនៅពីមុខស្ពាន Golden Gate Bridge នៅក្នុងវ័យ ៣១ឆ្នាំ។ បើតាមលោកស៊ី រូបថតនោះ ត្រូវបានលោកដាក់តាមខ្លួនរហូត ហើយលោកបៃឌិន ក៏បានបង្ហាញពីរូបថតរបស់ខ្លួនផងដែរ នៅក្នុងជំនួបថ្ងៃទី១៥ ខែវិច្ឆិកា៕ 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com