RFI
អន្តរជាតិ
របាយការណ៍៖ ចំនួនជនរងគ្រោះដោយសារគ្រាប់មីនកើនឡើងនៅក្នុងពិភពលោក
17, Nov 2023 , 7:59 am        
រូបភាព
ដោយ៖ឈាង បុប្ផា/ RFI
 
នៅក្នុង​របាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ អង្គការ​Landmine and Cluster Munition Monitor ដែលមានទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​បាន​បង្ហាញ​ថា នៅ​ឆ្នាំ ២០២២ មនុស្ស​ស្លាប់ ឬ​របួស​ដោយសារ​គ្រាប់មីន ឬ​គ្រាប់មិនទាន់ផ្ទុះ​ដែលបន្សល់ទុកពីសម័យ​សង្រ្គាម មាន​ចំនួន​៤៧១០ ពោល​គឺ​ថយចុះ​បន្តិច បើប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែលមានមនុស្សស្លាប់ ឬរបួស​ដោយសារ​មីន ចំនួន​ជាង​៥ពាន់នាក់។
 
ប៉ុន្តែ ជា​ការកត់សំគាល់ ថ្វីបើ​ចំនួនមនុស្សស្លាប់​ឬរបួស​ដោយសារ​គ្រាប់មីនជាទូទៅ បាន​ធ្លាក់ថយចុះបើធៀបនឹង​ឆ្នាំ២០២១ ចំនួន​មនុស្សរងគ្រោះ​ដោយសារ​គ្រាប់មីនប្រឆាំង​មនុស្សជាតិ​បាន​ហក់​កើនឡើង​៥០% បើធៀប​នឹង​ឆ្នាំ ២០២១។ តាម​ការពន្យល់​របស់​អង្គការ Landmine and Cluster Munition Monitor ចំនួនជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ប្រឆាំងមនុស្សជាតិ​កើនឡើង ដោយសារ​ការប្រើប្រាស់​មីន​មានចំនួន​កើនឡើង នៅ​ក្នុង​សង្រ្គាមស៊ីវិលនៅភូមា និង​សង្រ្គាមអ៊ុយក្រែន។
 
បើតាម​ការលើកឡើង​របស់​អង្គការ​សង្កេតការណ៍មីន គ្រប់ភាគីជម្លោះ មិនថា រដ្ឋ ឬ​ក្រុមប្រដាប់អាវុធ ជាអ្នកទទួលខុសត្រូវ​ក្នុងរឿង​បង្កប់មីន​ប្រឆាំង​មនុស្សជាតិ។ នៅឆ្នាំ ២០២២ ក្រុមប្រដាប់អាវុធ បាន​ប្រើគ្រាប់មីនប្រឆាំងមនុស្សជាតិ នៅក្នុង​ប្រទេស​យ៉ាងតិច​៥ ដូចជា កូឡុំប៊ី ឥណ្ឌា ថៃ ភូមា និង​ទុយនីស៊ី។
 
នៅក្នុង​សង្រ្គាម​អ៊ុយក្រែន ទាំង​ភាគី​អ៊ុយក្រែន និង​រុស្ស៊ី​បាន​រង​ការចោទប្រកាន់​ថា ជា​អ្នកបង្កប់​គ្រាប់មីន​ប្រឆាំងមនុស្សជាតិ នៅក្នុង​ទឹកដីអ៊ុយក្រែន។ ដោយសារ​តែ​អ៊ុយក្រែន​ផ្ទាល់​បាន​បង្កប់​គ្រាប់មីន នៅក្នុង​ទឹកដី​របស់ខ្លួន ពោល​នៅ​ជុំវិញ​ក្រុង ដែល​មាន​កងទ័ពរុស្ស៊ីកាន់កាប់ គួបផ្សំ​នឹង​ការពង្រាយមីន​របស់រុស្ស៊ី ចំនួន​មនុស្ស​រងគ្រោះដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្សជាតិ នៅអ៊ុយក្រែន​កើន​ឡើង​១០ដង បើធៀប​នឹង​ឆ្នាំ ២០២១។ នៅត្រង់ចំណុច​នេះ អង្គការ​សង្កេតការណ៍មីន​បាន​បញ្ជាក់ការភ្ញាក់ផ្អើល ព្រោះថា នេះជាលើកទី១ មិនធ្លាប់មាន ដែលប្រទេស​មិនចុះហត្ថលេខា​លើ​សន្ធិសញ្ញាហាមប្រាមគ្រាប់មីន ដូចជា​រុស្ស៊ី ប្រើប្រាស់​គ្រាប់​មីន​នៅក្នុងទឹកដី​របស់​ប្រទេស​មួយដែលផ្តល់សច្ចាប័ន​ទៅលើ​សន្ធិសញ្ញា ក្រុង​អូតាវ៉ា។
 
ជារួម ប្រទេស​ចំនួន​៦០ និង​ដែនដី​មួយចំនួន នៅក្នុង​ពិភពលោក មាន​រាយបង្កប់ ទៅដោយ​គ្រាប់មីន​ប្រឆាំង​មនុស្សជាតិ។ ស៊ីរី ស្ថិត​នៅ​លើ​ចំណាត់ថ្នាក់​លើគេ (បីឆ្នាំជាប់គ្នា) ខាង​មាន​មនុស្ស​ស្លាប់ ឬ​របួស​ដោយសារ​គ្រាប់មីន ឬ​គ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកពីសង្រ្គាម ។ បន្ទាប់មកគឺ​អ៊ុយក្រែន យេម៉ែន និង​ភូមា។
 
គ្រាប់មីន​ប្រឆាំងមនុស្សជាតិ ដែលគេ​កប់​នៅ​ក្រោមដី ឬបង្កប់ បាំង​ក្រោមស្លឹកឈើ គ្រោះថ្នាក់​សម្លាប់ ឬ​ធ្វើ​​ឲ្យ​មនុស្ស​ពិការ​ដាច់ដៃ ដាច់ជើង នោះ​បើ​ទោះបី​សង្រ្គាម​បាន​ចប់យូរ​ហើយក្តី។
នៅក្នុង​របាយការណ៍ ​អង្គការ​សង្កេតការណ៍គ្រាប់មីន និង​គ្រាប់មិនទាន់ផ្ទុះ​បាន​ដាក់បញ្ចូលជាលើកទី​១​ប្រទេស​អាមេនី ទៅក្នុង​បញ្ជីរក្រុមប្រទេស​ផលិតមីនប្រឆាំង​មនុស្សជាតិ ដែលមាន​ចំនួន ១២​ប្រទេស ដូចជា ចិន រុស្ស៊ីជាដើម។ អង្គការ Landmine and Cluster Munition Monitoចេញផ្សាយ​របស់ខ្លួន នៅ​មុន​ការរៀបចំសន្និសីទប្រចាំឆ្នាំ លើកទី ២១ របស់​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ហាម​ការប្រើប្រាស់​គ្រាប់មីន ដែលប្រព្រឹត្តទៅ នៅចុងខែ​វិច្ឆិកា នៅទីក្រុង​ហ្សឺណែវ។ ប្រទេស​ចំនួន ១៦៤​នៅក្នុង​ពិភពលោក បាន​ចុះហត្ថលេខា​លើសន្ធិសញ្ញាអូតាវ៉ា ដែលមានគោលដៅ​ហាម ប្រើប្រាស់ ស្តុក ផលិត ឬ​លក់បញ្ជូន​គ្រាប់មីន​ប្រឆាំង​មនុស្សជាតិ៕

Tag:
 ទាហានអ៊ុយក្រែន​ដើរនៅក្រៅក្រុង​ខាងគីវ AP - Natacha Pisarenko
© រក្សាសិទ្ធិដោយ thmeythmey.com