កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះពាន៣ក្នុងមួយរដូវកាល ជួយ Man City រកចំណូលច្រើនដាច់គេជាកំណត់ត្រា នៅ EPL
17, Nov 2023 , 8:39 am        
រូបភាព
ក្លិប Manchester City បានប្រកាសពីទំហំប្រាក់ចំណូលខ្ពស់បំផុតជាកំណត់ត្រាមិនធ្លាប់មាន ចំណោមក្លិបទាំងអស់នៅ Premier League ក្នុងចំនួនទឹកប្រាក់ ៧១២,៨ លានផោន (៨៨២លានដុល្លារ) ប្រចាំរដូវកាល ២០២២-២៣។



ប្រាក់ចំណូលជាកំណត់ត្រា៨៨២លានដុល្លារ នេះ កើតឡើង ក្រោយក្លិបរហស្សនាមមេឃខៀវ ក្លាយជាក្លិបអង់គ្លេសទីពីរបន្ទាប់ពី Manchester United អាចគ្រងជើងឯកពានរង្វាន់ចំនូន៣ក្នុងមួយរដូវកាល មាន Premier League, FA Cup និង UEFA Champions League។ 
 
បិសាចក្រហមដែលធ្វើបានពាន៣ ក្នុងមួយរដូវកាល នៅឆ្នាំ១៩៩៩ ក៏បានប្រកាសពីចំណូលរបស់ខ្លួនកាលពីខែមុនចំនូន ៨០២លានដុល្លារ ជាកំណត់ត្រាផងដែរ បើទោះក្រុមខ្លួនធ្លាក់ទម្រង់លេងក្តី។ ទំហំចំណូលនេះ ជួយ Man Utd នកើន១២៣លានដុល្លារ លើសពីឆ្នាំទៅមួយ។
 
សម្រាប់ Man City ចំណោមប្រាក់ចំណូល ៨៨២លានដុល្លារ ពួកគេអាចទាញបានប្រាក់ចំណេញ ៩៩លានដុល្លារ ពោល គឺកើនឡើងលើសកំណត់ត្រាចាស់កាលពីឆ្នាំទៅមួយដែលរកបានជាង៥០លានដុល្លារ។
 
បើតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Man City បង្ហាញថា ការកើនឡើងប្រាក់ចំណូល គឺច្រើនបំផុតតារយៈការផ្សាយ ដែលបានកើនឡើង ២០,២ភាគរយ ស្មើនឹង ៣៧០លានដុល្លារ។ កើនឡើងការផ្សាយ ដោយសារជោគជ័យរបស់ Man City នៅ Champions League និង FA Cup។
 
ក្រោយទទួលបានប្រាក់ចំណូលជាកំណត់ត្រានៅលីគកំពូលអង់គ្លេស ប្រធានក្លិប Man City លោក Khaldoon al-Mubarak បានបង្ហាញក្តីរីករាយ និងអះអាងថា ជោគជ័យថ្ងៃនេះតាមរយៈភាពលេចធ្លោរបស់ក្រុមនៅ២រដូវចុងក្រោយ ក្រោមការដឹកនាំរបស់ Pep Guardiola។ 
 
«ជោគជ័យថ្ងៃនេះ មានន័យថាជាការវិនិយោគបន្ថែមទៀតសម្រាប់ថ្ងៃស្អែក។ សុខភាពហិរញ្ញវត្ថុរបស់យើង និងភាពជោគជ័យនៅលើទីលានមានន័យថាអ្នកគ្រប់គ្នាដែលមានទំនាក់ទំនងជាមួយ Man City កំពុងតែរំភើបរីករាយ»។ នេះជាការបន្ថែមរបស់ប្រធានក្លិប ដែលជាអ្នកជំនួញសញ្ជាតិអេមីរ៉ាតអារ៉ាប់រួម៕

Tag:
 Man City
© រក្សាសិទ្ធិដោយ thmeythmey.com