អន្តរជាតិ
ផ្សែងអ័ព្ទគ្របដណ្ដប់ទីក្រុងញូដែលីកាន់តែខ្លាំង ខណៈការដុតចម្ការកើនឡើង
17, Nov 2023 , 9:44 am        
រូបភាព
ផ្សែងអ័ព្ទពុលដែលគ្របដណ្ដប់ទីក្រុងញូវដែលីបានកើនកាន់តែខ្លាំងនាថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែលការដុតចម្ការនៅក្បែរដ្ឋធានីឥណ្ឌានៅតែមានទោះមានបម្រាមពីតុលាការក្ដី។ រដ្ឋធានីរបស់ឥណ្ឌា ក៏ក្លាយជាទីក្រុងដែលបំពុលបំផុតនៅលើពិភពលោកម្តងទៀត។

 
កម្រិតនៃការបំពុលបានកើនឡើងចាប់តាំងពីដើមសប្តាហ៍នេះនៅរដ្ឋធានីញូវដែលី ទោះជាអាជ្ញាធរចាត់វិធានការជាច្រើនរាប់ទាំងបញ្ចេញភ្លៀងសិប្បនិម្មិតក្ដី។ ការដុតវាយចម្ការនៅក្បែរទីក្រុងធ្វើឱ្យញូវដែលីគ្របដណ្ដប់ដោយផ្សែងអ័ព្ទកាន់តែខ្លាំង។
 
នៅត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ទីក្រុងនេះបានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីពេលវេលាជាក់ស្តែងនៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់កម្រិត ៥០៩ អំឡុងពេលថ្ងៃត្រង់។ នេះបើយោងតាមស្ថាប័ន IQAir ដែលបានចាត់ថ្នាក់គុណភាពខ្យល់បែបនេះជាកម្រិត គ្រោះថ្នាក់។
 
ខ្យល់ភាគពាយ័ព្យដែលបក់មកពាសពេញទីក្រុងកំពុងនាំផ្សែងចេញពីភ្លើងឆេះពីចម្ការនៅក្នុងវាលស្រែក្បែរនោះហើយល្បឿនខ្យល់នៅក្នុងទីក្រុងដែលីមានកម្រិតស្រាល និងមិនអំណោយផលសម្រាប់ការសាយភាយបន្តឡើយ ដែលធ្វើឱ្យផ្សែងនៅផ្ដុំក្នុងទីក្រុង។
 
កាសែត The Indian Express បានរាយការណ៍ថា ភ្លើងឆេះចម្ការប្រមាណ២,៥០០កន្លែង នៅក្នុងរដ្ឋ Punjab នៅថ្ងៃទី១៥ ខែវិច្ឆិកា នៅភាគខាងជើងនៃទីក្រុងដែលី ខណៈដែលកសិករបានជំទាស់បញ្ជាដោយតុលាការកំពូលលើការដុតសំណល់ដំណាំ។
 
រហូតមកដល់ពេលនេះ ទីក្រុងញូវដែលី បានហាមឃាត់ការសាងសង់ទាំងអស់ បិទសាលារៀនដើម្បីការពារកុមារ បញ្ឈប់រថយន្តប្រើប្រាស់សាំង និងម៉ាស៊ូតដែលមិនសំខាន់ចូលក្នុងទីក្រុង និងដាក់ពង្រាយយានយន្តបាញ់ទឹកលើអាកាស ដើម្បីគ្រប់គ្រងការបំពុល៕ 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com