កីឡាអន្តរជាតិ
អន្តរជាតិ
​Euro 2024 ៖ Ronaldo បន្តស៊ុតបញ្ចូលទី ខណៈព័រទុយហ្កាល់ ឈ្នះលិចតិនស្តាញ
17, Nov 2023 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
Cristiano Ronaldo បន្តរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីជួយឱ្យក្រុមព័រទុយហ្កាល់យកឈ្នះលើក្រុមលិចតិនស្តាញដោយលទ្ធផល ២-០ ក្នុងជំនួបពូល J នារាត្រីថ្ងៃទី១៦ ខែវិច្ឆិកា។ បន្តស៊ុតចូល ជួយប្រធានក្រុម​វ័យ ៣៨ឆ្នាំ តាមស្មើខ្សែប្រយុទ្ធ Romelu Lukaku ក្នុងនាមជាកីឡាកររកគ្រាប់ច្រើនជាងគេក្នុងការប្រកួតជម្រុះ ពានរង្វាន់ Euro 2024 ចំនួន ១០គ្រាប់ដូចគ្នា។



ព័រទុយហ្កាល់ជាក្រុមបានឈ្នះកៅអីជុំចុងក្រោយព្រឹត្តិការណ៍ Euro 2024 រួចសម្រេចហើយតាំងពីខែមុន ដោយពួកគេជាក្រុមស្ថិតក្នុងកំពូលតារាង ដោយមានរកបាន ២៧ពិន្ទុ មិនចាញ់ការប្រកួតនៅឡើយ។ ពូល J ក្រុមស្លូវ៉ានីស្ថិតនៅលេខ ២ ដែលមានគម្លាត ៨ពិន្ទុពីក្រុមកំពូលតារាង​ ហើយលិចតិនស្តាញស្ថិតនៅបាត តារាង ក្រោយឆ្លងកាតកាត់ ៩ប្រកួតកន្លងមក។
 
ក្រុមដែលមានលោក Roberto Martinez ជាអ្នកដឹកនាំ ក្នុងការប្រកួតទល់នឹងក្រុមលិចតិនស្តាញ កីឡាករភាគច្រើនក្នុងក្រុមសុទ្ធិសឹងតែកីឡាករធ្លាប់អង្គុយកៅអីបម្រុង និងកីឡាករសំខាន់ៗមួយចំនួនលាយឡំគ្នាក្នុងការប្រកួតនោះ។ ក្រុមព័រទុយហ្កាល់នៅតែអាចរកបានគ្រាប់បាល់ដើម្បីរក្សាកំណត់ត្រាឈ្នះមិនដែលចាញ់របស់ខ្លួន។
 
Ronaldo ស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី៤៧ ដើមវគ្គទីពីរ ហើយ ១០នាទីក្រោយ​កីឡាករ Joao Cancelo ស៊ុតគ្រាប់ទីពីរបន្ថែមទៀត យកឈ្នះដណ្តើមបាន ៣ពិន្ទុបន្ថែមទៀត។
១គ្រាប់បន្ថែមទៅក្នុងអាជីព កីឡាករវ័យ ៣៨ឆ្នាំ បន្តបង្កើនកំណត់ត្រាគ្រាប់បាល់របស់គេ ក្នុងនាមជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេលើពិភពលោក នៅការប្រកួតសម្រាប់ក្រុមជម្រើសជាតិ ដោយកើនគ្រាប់បាល់ ១២៨គ្រាប់ ពីការបង្ហាញខ្លួន ២០៤លើក។ 
 
មិនតែប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ Euro 2024 ការស៊ុតមួយគ្រាប់បានធ្វើឱ្យ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ តាមស្មើកំណត់ត្រាគ្រាប់បាល់របស់ ​Lukaku របស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលរកបាន ១០គ្រាប់ដូចគ្នាក្នុងវគ្គជម្រុះ។
 
ការប្រកួតក្រុមដទៃផ្សេងទៀតក្នុងការប្រកួតជម្រុះ Euro 2024 ៖ 
ពូល A 
ស៊ីប ចាញ់ អេស្ប៉ាញ ៣-១
ហ្សក់ហ្ស៊ី ស្មើ ស្កុតឡែន ២-២
ពូល F 
អាស៊ែបៃហ្សង់ ឈ្នះ ស៊ុយអែត ៣-០
អេស្តូនី ចាញ់ អូទ្រីស ២-០
 
ពូល G 
បុលហ្គារី ស្មើ ២-២ ហុងគ្រី
ម៉ុងតេណេហ្គ្រោ ឈ្នះ លីទុយអានី ២-០
ពូល J 
លុចសំបួ ឈ្នះ បូស្នី ៤-១
ស្លូវ៉ាគី ចាញ់ អ៊ីស្លង់ ៤-២៕

Tag:
 Cristiano Ronaldo
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com