អន្តរជាតិ
អាម៉េរិកលើកចោលទណ្ឌកម្មលើវិទ្យាស្ថានចិន ជាថ្នូរនឹងការទប់ស្កាត់លំហូរថ្នាំហ្វេតានីល
17, Nov 2023 , 3:29 pm        
រូបភាព
ជំនួបរវាងមេដឹកនាំអាម៉េរិក លោក ចូ បៃឌិន និងសមភាគីចិន លោក ស៊ី ជិនភីង នៅក្រៅក្រុង San Francisco ។ រូបភាព X_President Biden
ជំនួបរវាងមេដឹកនាំអាម៉េរិក លោក ចូ បៃឌិន និងសមភាគីចិន លោក ស៊ី ជិនភីង នៅក្រៅក្រុង San Francisco ។ រូបភាព X_President Biden
អាម៉េរិក នៅថ្ងៃទី១៦ ខែវិច្ឆិកា បានលុបឈ្មោះវិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យ(IFS) ដែលចំណុះក្រសួងសន្តិសុខសាធារណៈចិន ពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម។ ការដកចេញនេះ មានគោលបំណងស្វះស្វែងរកកិច្ចសហប្រតិបត្តិការទប់ស្កាត់លំហូរថ្នាំហ្វេតានីល ដែលប្រើសម្រាប់កាត់បន្ថយការឈឺចាប់។

 
នៅក្នុងឆ្នាំ២០២០ អាម៉េរិក បានដាក់វិទ្យាស្ថាន Institute of Forensic Science ក្រោមហេតុផលពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិ និងបង្រ្កាបលើជនជាតិភាគតិចវីហ្គ័រ និងក្រុមជនជាតិភាគតិចផ្សេងទៀត។ ទណ្ឌកម្មរបស់អាម៉េរិក ជាការហាមឃាត់វិទ្យាស្ថានInstitute of Forensic Science ពីការទទួលបានទំនិញ និងបច្ចេកវិទ្យានៅអាម៉េរិក។ 
 
ក្រោយជំនួបរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងសមភាគីចិន លោកស៊ី ជិនភីង ដែលបានឯកភាពក្នុងការទប់ស្កាត់ថ្នាំហ្វេតានីល រួមទាំងរឹតត្បិតលើផលិតកម្មហ្វេតានីល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចលុបចោលទណ្ឌកម្មលើវិទ្យាស្ថាន IFS ដើម្បីទប់ស្កាត់លំហូរថ្នាំបំបាត់ការឈឺចាប់ប្រភេទនេះមកក្នុងប្រទេស។ 
 
«ការបន្តដាក់វិទ្យាស្ថាន IFS ពីបញ្ជីស្នើសុំអាជ្ញាបណ្ណ Commerce Entity List ជារបាំងក្នុងការសម្រេចកិច្ចសហប្រតិបត្តិការលើការបញ្ឈប់ចរាចរណ៍សារធាតុគីមី»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matt Miller បានបញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា។
 
ជុំវិញបញ្ហាដដែល មន្រ្តីក្រសួងការបរទេសអាម៉េរិក បានបន្ថែមថា ការលើកចោលទណ្ឌកម្មចំពោះវិទ្យាស្ថាន Institute of Forensic Science ជាចំណាត់ការដ៏សមស្រប និងអាចឱ្យចិនមានឆន្ទៈក្នុងការកាត់បន្ថយលំហូរសារធាតុហ្វេតានីល។ ប្រាប់សារព័ត៌មាន VOA លោក Miller បានយល់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើសេចក្តីសម្រេចប្រកបដោយភាពតានតឹង ដើម្បីរកកិច្ចសហប្រតិបត្តិការជាមួយចិន លើចរាចរណ៍ថ្នាំហ្វេតានីល។ 
 
ក្នុងពេលបច្ចុប្បន្ន ចិនជាប្រទេសមួយ ដែលផលិតសារធាតុហ្វេតានីលដ៏ធំមួយ ហើយថ្នាំប្រភេទនេះ បានចូលមកក្នុងដីអាម៉េរិកដោយខុសច្បាប់ ហើយថែមទាំងបានសម្លាប់ជីវិតមនុស្សជាច្រើនពាន់នាក់។ 
 
ការលុបចោលទណ្ឌកម្មលើទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យដែលចំណុះក្រសួងសន្តិសុខសាធារណៈចិន ពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ជាថ្នូរនឹងកិច្ចសហប្រតិបត្តិការពីចិន ក្នុងការទប់ស្កាត់សារធាតុហ្វេតានីលមកអាម៉េរិក។ សារធាតុហ្វេតានីភាគច្រើន ត្រូវបាននាំចូលខុសច្បាប់មកអាម៉េរិក តាមរយៈព្រំដែនម៉ិកស៊ិក។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានទទូចឱ្យក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មលើវិទ្យាស្ថាន IFS នេះ បើចង់បានកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់សារធាតុញៀនហ្វេតានីល។ 
 
តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង ប្រជាជនអាម៉េរិកចំនួន ១០៧០០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែប្រើប្រាស់ថ្នាំហួសហេតុពេកនៅក្នុងឆ្នាំ២០២១។ ក្នុងចំនួននោះ មនុស្ស  ៣ភាគ៤ បានរងគ្រោះពាក់ព័ន្ធនឹងថ្នាំហ្វេតានីល។  
 
ជុំវិញបញ្ហាខាងលើ អ្នកគាំទ្រសិទ្ធិមនុស្ស បង្ហាញក្តីបារម្ភថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការលុបចោលទណ្ឌកម្មលើវិទ្យាស្ថានចិន បានលើកជាសំណួរជាច្រើន ពាក់ព័ន្ធនឹងការប្តេជ្ញារបស់អាម៉េរិក ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅចិន ជាពិសេសនៅតំបន់ស៊ីនជាំង៕ 

Tag:
 អាម៉េរិក
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com