កីឡាអន្តរជាតិ
អន្តរជាតិ
លោក Arteta រងបទចោទពី FA ជុំវិញការរិះគន់អាជ្ញាកណ្តាល
17, Nov 2023 , 3:59 pm        
រូបភាព
​លោក Mikel Arteta អ្នកចាត់ការទូទៅក្រុម Arsenal ត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) ចោទប្រកាន់ ជុំវិញការនិយាយប្រមាថទៅលើមន្រ្តីអាជ្ញាកណ្តាលការប្រកួត។ នេះបើតាមការអះអាងរបស់ FA នៅថ្ងៃទី១៦ ខែវិច្ឆិកា។



អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានចាត់ទុកការសម្រេចចិត្ត បដិសេធការផ្តល់គ្រាប់បាល់របស់កីឡាករ Anthony Gordon ក្នុងការប្រកួត Arsenal ចាញ់ក្រុម Newcastle United លទ្ធផល​ ១-០ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថាជាការអាម៉ាស់មួយ បន្ទាប់ពីគ្រាប់បាល់នោះត្រូវបានផ្តល់ជូនក្រោយពេលការវាយតម្លៃពីប្រព័ន្ធអាជ្ញាកណ្តាល ​VAR ចំនួន ៣ដង។
 
«Mikel Arteta ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់របស់ FA (ច្បាប់ E3,1) បន្ទាប់ពីលោកបាននិយាយរិះគន់ដែលគាត់ធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួតជំនួបក្របខណ្ឌ Premier League របស់ Arsenal ទល់នឹងក្រុម Newcastle United កាលពីថ្ងៃទី៤ ខែវិច្ឆកា។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FA។ 
 
​ស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេស​ចោទលោក Arteta ថាការនិយាយរបស់លោកគឺជារឿងមិនត្រឹមត្រូវ ខណៈដែលមានការប្រើពាក្យប្រមាថដល់មន្ត្រីការប្រកួត ឬធ្វើឱ្យខូចខាតដល់ការប្រកួតថែមទៀត។
 
បន្ទាប់ពីមានសេចក្តីប្រកាសពីការចោទប្រកាន់លើអ្នកចាត់ការក្រុម Arsenal រួចមក​ FA ក៏ផ្តល់ពេលវេលាសម្រាប់លោក Arteta ឆ្លើយតបចំពោះការចោទប្រកាន់ ដល់ថ្ងៃទី២១ ខែវិច្ឆិកា៕
 

Tag:
 FA
  Mikel Arteta
© រក្សាសិទ្ធិដោយ thmeythmey.com