អន្តរជាតិ
លោកសេដ្ឋា ប្រាប់លោក ទ្រដូ ថា ថៃបើកចំហ និងត្រៀមខ្លួនជាស្រេចសម្រាប់ការវិនិយោគ
17, Nov 2023 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ចាប់ដៃជាមួយសមភាគីកាណាដា លោក ចាស្ទីន ទ្រូដូ នៅថ្ងៃទី១៦ ខែវិច្ឆិកា ក្រៅកិច្ចប្រជុំ APEC នៅក្រុង San Francisco។ រូបភាពក្រសួងការបរទេសថៃ
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ចាប់ដៃជាមួយសមភាគីកាណាដា លោក ចាស្ទីន ទ្រូដូ នៅថ្ងៃទី១៦ ខែវិច្ឆិកា ក្រៅកិច្ចប្រជុំ APEC នៅក្រុង San Francisco។ រូបភាពក្រសួងការបរទេសថៃ
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៦ ខែវិច្ឆិកា បានប្រាប់សមភាគីកាណាដា លោក ចាស្ទីន ទ្រូដូថា ថៃ គឺបើកចំហ និងត្រៀមខ្លួនជាស្រេច ក្នុងការចាំទទួលអ្នកវិនិយោគបរទេស។

 
ពីក្រៅកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក សេដ្ឋា ថាវីស៊ីន បានជួបជាមួយសមភាគីកាណាដា លោក ចាស្ទីន ទ្រូដូ ជុំវិញកិច្ចពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេស។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Watcharong លោកសេដ្ឋា បានប្រាប់សមភាគីកាណាដាថា​ ថៃកំពុងតែបើកចំហ និងត្រៀមខ្លួនជាស្រេច ក្នុងការចាំទទួលអ្នកវិនិយោគមកពីបរទេស។ ចំណែកលោក ទ្រូដូ បានបញ្ជាក់ពីភាពវិជ្ជមាន និងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ 
 
ស្របគ្នានេះ ភាគីទាំងពីរបានឯកភាពថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចា នឹងផ្តល់ប្រយោជន៍សម្រាប់កាណាដា និងថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ 
 
បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពក្នុងការលើកកម្ពស់ពាណិជ្ជកម្ម, ការវិនិយោគ ការផ្តោះប្តូររវាងប្រជាជន និងប្រជាជន រួមទាំងថាមពលបៃតងផង។ 
 
ក្រៅពីបញ្ហាខាងលើ លោកសេដ្ឋា និងលោកទ្រូដូ បានជជែកពីសង្រ្គាមនៅអ៊ុយក្រែន រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា។ លោកទ្រូដូ បានរិះគន់ក្រុមហាម៉ាស ដែលផ្តើមការវាយប្រហារលើអ៊ីស្រាអែល រួមទាំងជំរុញឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ក្នុងនោះមានទាំងជនជាតិថៃ។ 
 
មិនត្រឹមកាណាដាឡើយ លោក សេដ្ឋា ក៏ព្យាយាមទាក់ទាញក្រុមហ៊ុនធំឱ្យទៅរកស៊ីនៅថៃដែរ។  ក្នុងវេទិកាកិច្ចប្រជុំនាយកប្រតិបត្តិAPEC ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែវិច្ឆិកា លោក សេដ្ឋា ក៏បានជំរុញឱ្យបរទេស និងវិនិយោគិន មកវិនិយោគនៅថៃផងដែរ ក្រោយហេតុផលបរិយាកាសនយោបាយមានស្ថិរភាព។ រដ្ឋាភិបាលថៃ គ្រោងដំឡើងឋានៈប្រទេសខ្លួនទៅជាទិសដៅដ៏សំខាន់សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មផងដែរ៕

Tag:
 ថៃ
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com