កីឡាអន្តរជាតិ
អន្តរជាតិ
UEFA៖ ការប្រកួតរបស់ Maccabi Haifa និង Tel Aviv ត្រូវធ្វើនៅស៊ែប៊ី ដោយគ្មានអ្នកគាំទ្រ
17, Nov 2023 , 5:59 pm        
រូបភាព
ក្លិបរបស់ប្រទេសអ៊ីស្រា្តអ៊ែល Maccabi Haifa និង Maccabi Tel Aviv ដែលត្រូវបានប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុប Europa League ព្រមទាំង Europa Conference League នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសស៊ែប៊ី ដោយបិទទ្វាមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនា។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA នាថ្ងៃទី១៦ ខែវិច្ឆិកា។
ក្លិប Haifa ត្រូវជួបតទល់នឹងក្រុម Rennes របស់បារាំង នៅក្នុងកីឡដ្ឋាន ​Belgrade Stadion Mitic សម្រាប់ជំនួបក្នុងពានរង្វាន់ Europa League ពូល F នាថ្ងៃទី៣០ ខែវិច្ឆិកា។ 
ចំណែកក្រុម Tel Aviv នឹងត្រូវលេងការប្រកួតពានរង្វាន់ Europa Conference League ជំនួបពូល B ទល់នឹងក្រុម Zorya Luhansk ថ្ងៃទី២៥ ខែវិច្ឆិកា និងក្រុម Gent នៅថ្ងៃទី១៤ ខែធ្នូ នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Backa Topola។
ក្រុមរបស់អ៊ីស្រា្តអ៊ែលទាំងពីរ បានចាប់ផ្តើមការប្រកួតរបស់ពួកគេ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីខកខានប្រកួតប្រជែងជិត ១ខែ ក្រោយពេលដែលមានសង្គ្រាមរវាងប្រទេសអ៊ីស្រ្តាអ៊ែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ តាំងពីដើមខែតុលា មក។ កាលនោះក្រុម Haifa បានស្វាគមន៍ក្រុមភ្ញៀវ Villarreal នៅក្នុងទឹកដីប្រទេសស៊ីប ខណៈដែល Tel Aviv ធ្វើទៅដំណើរទៅទឹកដីអ៊ុយក្រែន ប៉ះក្រុម Luhansk ក្នុងប្រទេសប៉ូឡូញ។
បច្ចុប្បន្នក្រុម Tel Aviv ជាក្រុមមានចំណាត់ថ្នាក់លេខ ២​ ក្នុងពូលដោយរកបាន ៦ពិន្ទុពីការប្រកួតចំនួន ៣លើក ខណៈដែលក្រុម Haifa ជាក្រុមស្ថិតនៅបាតតារាង ក្រោយឆ្លងកាត់ ៣ប្រកួតដែលស្ថិតនៅក្នុង Europa League៕
 

Tag:
 Maccabi Haifa
  Maccani Tel Aviv
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com