សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនឧស្ម័នអាម៉េរិក Exxon Mobil គ្រោងវិនិយោគ ១៥ពាន់លានដុល្លារនៅឥណ្ឌូណេស៊ី
17, Nov 2023 , 8:59 pm        
រូបភាព
រោងចក្រក្រុមហ៊ុន Exxon Mobil នៅ montana (អាម៉េរិក)​ ។ រូបភាព ៖ AP
រោងចក្រក្រុមហ៊ុន Exxon Mobil នៅ montana (អាម៉េរិក)​ ។ រូបភាព ៖ AP
ប្រធានាធិបតី​ ចូកូ វីដូដូ អះអាង ក្រុមហ៊ុនអាម៉េរិក Exxon Mobil នឹងវិនិយោគរហូតដល់ ១៥ពាន់លានដុល្លារនៅក្នុងគម្រោងគីមីឥន្ធនៈ និងរោងចក្រចាប់យក និងស្តុកកាបូន (CCS) នៅឥណ្ឌូណេស៊ី។

 
ក្រុមហ៊ុនឧស្ម័នយក្សរបស់អាម៉េរិកគ្រោងបោះទុន ១៥ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រចាប់យក និងស្តុកកាបូន (CCS) និងគម្រោងឥន្ធនៈគីមី ។ បើតាមសារព័ត៌មាន Reuters រោងចក្រ CCS ដែលត្រូវដំឡើងនេះនឹងក្លាយជាគម្រោងធំជាងគេនៅអាស៊ីអាគ្នេយ៍។ 
 
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ​ បានជួបជាមួយប្រធានក្រុមហ៊ុន Exxon លោក Darren Woods ដើម្បីចុះហត្ថលេខាលើគម្រោងនេះ ក្នុងអំឡុងពេលធ្វើដំណើរទៅអាម៉េរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។
 
កាលពីដើមសប្តាហ៍នេះ ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងជាមួយក្រុមហ៊ុន Exxon ដើម្បីស្វែងរកការវិនិយោគនៅក្នុងគម្រោងគីមីឥន្ធនៈនៅក្នុងប្រទេសដើម្បីផលិតសារធាតុប៉ូលីម៊ែរ។
 
ក្រុមហ៊ុន Exxon និងក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូណេស៊ី Pertamina បានយល់ព្រមវាយតម្លៃការវិនិយោគចំនួន២ពាន់លានដុល្លារនៅក្នុងរោងចក្រ CCS ដោយប្រើប្រាស់អាងក្រោមដីចំនួន២ នៅសមុទ្រជ្វា ។
 
គម្រោងរួមគ្នារវាងរោងចក្រ CCS ជាមួយក្រុមហ៊ុន Exxon នឹងមានសក្តានុពលក្នុងការរក្សាទុកកាបូនឌីអុកស៊ីតយ៉ាងតិច៣ជីហ្កាតោន ដែលបញ្ចេញដោយឧស្សាហកម្មនៅឥណ្ឌូណេស៊ី និងតំបន់ដែលនៅសល់។ 
 
ជារួម ការបញ្ចេញបរិមាណឧស្ម័នកាបូនឌីអុកស៊ីតដ៏ច្រើនលើសលប់មកលើបរិយាកាសផែនដីពីសកម្មភាពរបស់មនុស្ស នឹងបង្កផលប៉ះពាល់ដល់សុខភាព។ ដូច្នេះ ប្រទេសនានា តែងមានវិធានការទប់ទល់នឹងឧស្ម័នប្រភេទនេះ ដោយការសាងសង់អាងស្តុកកាបូន៕

Tag:
 កាបូន
  ឥណ្ឌូណេស៊ី
  ថាមពល
  Exxon Mobil
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com