ជាតិ
សេដ្ឋកិច្ច
ប្រកួតប្រជែងកសិកម្ម សម្តេច ហ៊ុន ម៉ាណែត ថា សុខចិត្តយកលេខ១០ក្នុងក្រុមលេខ១
20, Nov 2023 , 9:49 am        
រូបភាព
ដោយ: រួបរួម
«សុខចិត្តយកលេខ១០ក្នុងក្រុមលេខ១ ជាមួយយកលេខ១ក្នុងក្រុមលេខ១០»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦» របស់រដ្ឋាភិបាលអណត្តិទី៧ ដែលផ្តោតលើវិស័យកសិកម្ម។



នាពិធីដែលរៀបចំនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា នេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងបរិការភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ហើយសេដ្ឋកិច្ចពិភពលោកកាន់តែពិបាកព្យាករ កម្ពុជាកាន់តែមិនអាចបោះបង់ ឬព្រងើយកន្តើយចំពោះការអភិវឌ្ឍន៍កសិកម្ម បើទោះបីជាមិនអាចពឹងផ្អែងទាំងស្រុងតែលើវិស័យនេះក៏ដោយ។

ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ពីផែនការទំនើបកម្មវិស័យកសិកម្ម ពីការពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ បច្ចេកវិទ្យា រួមទាំងការផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារទៅជាកសិកម្មតាមបែបឧស្សាហកម្មដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រកួតប្រជែង ហើយថែមទាំងអាចផ្គង់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក។

តើធ្វើដូចម្តេច? សម្តេច ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញពីតួអង្គ៣សំខាន់ ដែលក្នុងនោះមាន អ្នកប្រតិបត្តិ ពោលគឺកសិករ វិស័យឯកជន និងអ្នកពាក់ព័ន្ធវិស័យកសិកម្ម បន្ទាប់មក គឺរាជរដ្ឋាភិបាល និងចុងក្រោយ គឺអតិថិជនដែលជាអ្នកប្រើប្រាស់។

សម្តេចនាយករដ្ឋមន្ត្រី បានអះអាងពីតួនាទីដ៏សំខាន់របស់តួអង្គទាំងបីនេះ ក្នុងខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គត់ ដោយត្រូវអនុវត្តការងារប្រទាក់ក្រឡាគ្នា បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។

«ប្រទេសយើងតូច ហើយបើយើងតូចប្រកួតគ្នាតូចទៀត យើងមិនឈ្នះគេទេ ខ្ញុំសូមឱ្យគិតគូរវិស័យនេះ ក្នុងក្របខណ្ឌព្រៃទាំងមូលកុំគិតដើមឈើមួយដើម»។ នេះជាការក្រើនរំលឹករបស់សម្តេច ហ៊ុន ម៉ាណែត ដោយចង់ឃើញអ្នកពាក់ព័ន្ធវិស័យកសិកម្មរួមគ្នាសម្រាប់ទីផ្សារក្រៅស្រុក ជាជាងការប្រកួតប្រជែងតែគ្នាឯងនៅក្នុងស្រុក។

ដោយចាំបាច់និយាយដល់ទីផ្សារធំៗ នៅអាហ្រ្វិក ឬអាមេរិកឡាទីន សម្តេចចង់ឱ្យអ្នកពាក់ព័ន្ធសំឡឹងមើលទីផ្សារក្នុងតំបន់អាស៊ានផ្ទាល់ ដែលកម្ពុជាចាំបាច់ត្រូវពង្រឹងខ្លួន ព្រោះអ្នកទិញក៏ត្រូវមានជម្រើសរបស់ខ្លួន និងប្រែប្រួលគ្រប់ពេលផងដែរ។

សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា ការរៀបចំផ្ទះខ្លួនឯងឱ្យបានល្អ គឺជាកិច្ចការសំខាន់។ សម្តេចចោទសួរថា «តើយើងយកលេខ១ក្នុងក្រុមចំណាត់ថ្នាក់លេខ១០ ឬយកលេខ១០ក្នុងក្រុមចំណាត់ថ្នាក់លេខ១?។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល លើកទឹកចិត្តឱ្យមានការរួមគ្នាប្រកួតប្រជែងកម្រិតខ្ពស់ ព្រោះបើកម្ពុជាបានលេខ១ តែកសិកម្មនៅតែមិនសូវរឹងមាំ ផលលាភក៏មិនសូវបានច្រើននោះដែរ។

សម្តេចបានបន្ថែមថា រដ្ឋាភិបាលគិតគូរពីផលប្រយោជន៍រួមនៃវិស័យកសិកម្មទាំងមូលនៅកម្ពុជា ជាជាងផលប្រយោជន៍របស់ក្រុមហ៊ុនណាមួយ។ សម្តេចបានលើកជាឧទាហរណ៍ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដោយជំរុញឱ្យគិតគូរដល់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ជាពិសេសការរៀបចំជាសហគមន៍កសិកម្មទំនើប ដែលទំនើបទាំងការគិត និងរបៀបរបនៃកិច្ចសហការគ្នា។

មកដល់ពេលនេះ រដ្ឋាភិបាលអាណត្តិទី៧របស់សម្តេច ហ៊ុន ម៉ាណែត ដែលដំណើរការបាន៣ខែ ប្រកាសជាបន្តបន្ទាប់លើការអនុវត្តគោលនយោបាយអាទិភាពទាំង៦នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់ខ្លួន។

កម្មវិធីទី៥ និងទី៦ ដែលប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះ គឺ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

គោលដៅសំខាន់នៃគោលនយោបាយអាទិភាពទាំងពីរនេះ គឺការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ និង ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕

© រក្សាសិទ្ធិដោយ thmeythmey.com