ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្តីពីអង្គរ នៅទីស្នាក់ការអង្គការយូណេស្កូ ក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ក្នុងព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នារយៈពេល៣០ឆ្នាំកន្លងមកនេះ។
«អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់យើងបាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបាននូវការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ»។ នេះបើតាមព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ។
ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» យន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ នៅចំពោះមុខលោកស្រី អូដ្រេ អាហ្ស៊ូឡាយ (Audrey Azoulay) ព្រះមហាក្សត្រ បានរំលឹកដល់ការយកចិត្តទុកដាក់របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ រយៈពេលជាង៣០ឆ្នាំមកនេះ ហើយព្រះអង្គបានធានាថា រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នឹងបន្តនិរន្តរភាពកម្មវិធីដែលបានអនុវត្តកន្លងមក។

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) បានសម្រេចបន្តអាណត្តិរបស់ខ្លួនក្នុងទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល១០ឆ្នាំទៀត ពោលគឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ ដែលនេះជាគំរូនៃការគំណត់គោលនយោបាយមួយពោរពេញទៅដោយមហិច្ឆតាក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរ។
«យើងមានការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពនៃគណៈកម្មាធិការ ICC ទៅកាន់ប្រទេសជាតិផ្សេងទៀតកាន់តែច្រើន ដែលរំលេចពីសាមគ្គីភាពអន្តរជាតិ ដែលយើងចង់ឃើញមានការរីកសាយកាន់តែខ្លាំងនៅក្នុងពិភពលោករបស់យើង ដែលការបែកបាក់កើតមានច្រើនញឹកញាប់ជាងការរួបរួមគ្នា»។ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ថ្លែងអំណរគុណចំពោះបារាំង និងជប៉ុនដែលជាសហប្រធាន រួមទាំងបណ្តាផ្សេងទៀតដែលចូលរួមក្នុងការការពារបេតិកភណ្ឌកម្ពុជា រួមមានអាល្លឺម៉ង់ ចិន កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស។

ព្រះមហាក្សត្រ បានបង្ហាញពីការដឹងគុណគ្មានព្រំដែនចំពោះយូណេស្កូដែលធ្វើសកម្មភាពនៅកម្ពុជា ដែលជាចំណែកនាំឱ្យប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ បន្ទាប់ពីរមណីយដ្ឋានអង្គរ។
ចំពោះអាជ្ញាធរជាតិអប្សរា ព្រះប្រមុខរដ្ឋ បានសាទរស្ថាប័នថ្នាក់ជាតិមួយនេះ នូវការងារដ៏អស្ចារ្យ លើការអនុវត្តសេចក្តីសម្រេចនានារបស់ អាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក ជាពិសេសការគ្រប់គ្រងប្រាសាទ ការអភិវឌ្ឍទូទៅលើផ្ទៃដី៤ម៉ឺនហិកតានៃតំបន់ការពារប្រាសាទអង្គរ-សៀមរាប ការថែរក្សាបារាយណ៍ និងស្ទឹងសៀមរាប ការអភិវឌ្ឍទីក្រុង ការគ្រប់គ្រងទេសចរណ៍ និងការបណ្តុះបណ្តាលអាជីពជាច្រើន។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា៖ «ខ្ញុំពិតជាចង់ឱ្យគ្រាប់ពូជដែលបានសាបព្រោះបានកើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគតដែលពោរពេញដោយជំនាញការស្រាវជ្រាវ និងការបោះពុម្ពផ្សាយកម្រិតខ្ពស់»។
ព្រះករុណា ព្រះមហាក្សត្រ ក៏បាននឹកគុណជាពិសេសផងដែរចំពោះជំនាញការបរទេសនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ រួមមានសាស្ត្រាចារ្យ Azedine Beschaouch, សាស្ត្រាចារ្យ Mounir Bouchenaki ដែលមានការប្តេជ្ញាមិនចេះនឿយហត់ដើម្បីជាប្រយោជន៍បេតិកភណ្ឌរបស់កម្ពុជាតាំងពីឆ្នាំ១៩៩១មក។
ជាមួយនឹងសាមគ្គីភាពនៃក្រុមការងារអន្តរជាតិ ព្រះករុណា ព្រះមហាក្សត្រ ជឿជាក់ថា នឹងអណត្តិរយៈពេល១០ឆ្នាំបន្ថែមទៀតរបស់ ICC ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ នឹងសម្រេចបាននូវគោលបំណងរួមនៃវិបុលភាព និងនិរន្តភាព៕
ប្រភពរូបថតទាំងអស់៖ UNESCO

