ជាតិ
កំណាត់ផ្លូវជាតិលេខ៥ពីព្រែកក្តាមទៅបាត់ដំបង ក្រោមជំនួយជប៉ុន ត្រូវដាក់ឱ្យប្រើប្រាស់
22, Nov 2023 , 10:36 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូត លោក អ៊ូអិណុ អាត់ស៊ូស៊ី នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង» ប្រវែង២៤៦,១៥គីឡូម៉ែត្រ  និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង៣៥,១៤គីឡូម៉ែត្រ។



ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ប្រវែងសរុប៣៦៦គីឡូម៉ែត្រ ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ប្រវែងសរុប៨៤,៧៤គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រើប្រាស់ កាលពីដើមឆ្នាំ២០២២។ ពីព្រែកក្តាម-បាត់ដំបង ស្ថិតក្នុងគម្រោងកំណាត់ទី២ ភាគខាងជើង និងកំណាត់ទី៣ ភាគកណ្តាល ពោលគឺភ្ជាប់ពីព្រែកក្តាម-ធ្លាម្អម និងធ្លាម្អម-បាត់ដំបង ប្រវែងសរុប២៤៦,១៦គីឡូម៉ែត្រ ខណៈកំណាត់ទី៣ចុងក្រោយ ពីសិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង៣៥,១៤គីឡូម៉ែត្រ ត្រូវបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា នេះ។


បើតាមការក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់សិរីសោភ័ណ (ព្រែកក្តាម-ធ្លាម្អម, ធ្លាម្អម-បាត់ដំបង, បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងសរុបជាង៣៣០គីឡូម៉ែត្រ  ត្រូវបានប្រើប្រាស់ពេលវេលាសាងសង់៧ឆ្នាំ និងចំណាយថវិកាសរុប៦៩១លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។

សម្រាប់កំណាត់ផ្លូវពីសិរីសោភ័ណ ទៅប៉ោយប៉ែត ចម្ងាយជាង៣៥គីឡូម៉ែត្រ នឹងប្រើពេលសាងសង់៣២ខែ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។ ថវិកាសាងសង់មានជិត៥៣លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ កំណាត់ចុងក្រោយនេះ ក៏នឹងតភ្ជាប់ផ្លូវជាតិលេខ៥ ដល់ព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត) ផងដែរ។


នាពិធីដែលរៀបចំនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកអគ្គរាជទូត លោក អ៊ូអិណុ អាត់ស៊ូស៊ី សុទ្ធតែបានលើកឡើងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលបានក្លាយជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1)។



ការសម្ពោធសមិទ្ធផលនេះ គឺចំឆ្នាំនៃខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយក៏ជាថ្ងៃគម្រប់៣ខែត្រឹមនៃការកកើតរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត៕



© រក្សាសិទ្ធិដោយ thmeythmey.com