ជាតិ
គណៈសង្ឃនាយកបំភ្លឺថា ករណីវត្តពោធិលង្កា គ្មានការបណ្តេញព្រះសង្ឃ អាចារ្យ ដូនជី ដូចការចោទប្រកាន់ឡើយ
22, Nov 2023 , 11:19 am        
រូបភាព
ដោយ: រួបរួម
«ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា សមជាស្រែបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ»។ នេះជាសេចក្តីបំភ្លឺចុះថ្ងៃទី២២ ខែវិច្ឆិកា របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាស្តីពីករណីវត្តពោធិលង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាប។



កាលពីថ្ងៃទី២៧ ខែកញ្ញា គណៈសង្ឃនាយកបានចេញសេចក្តីសម្រេច បញ្ចប់មុខតំណែងភិក្ខុ កែវ ខូយ ពីចៅអធិ ការ, ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូត្រស្ដាំ , ភិក្ខុ ស៊ីញ ស៊ឺន ពីគ្រូសូត្រឆ្វេង និងភិក្ខ សេង សុខុម ពីបទវិន័យធម៌ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា សមត្ថកិច្ច បានចុះបិទវត្តជាបណ្តោះអាសន្ន តាមការស្នើសុំរបស់គណៈសង្ឃនាយក។

ក្នុងសេចក្តីបំភ្លឺ គណៈសង្ឃបានបំភ្លឺថា ស្របតាមពុទ្ធនុញ្ញាត និងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណាឱ្យវត្តក្លាយទៅជាបូជនីយដ្ឋាន គួរជាទីគោរព ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជី ទៅស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗ ជាបណ្តោះអាសន្ន ក្រោយបញ្ចប់សង្ឃកម្ម និងកិច្ចការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតឡើងវិញ។

គណៈសង្ឃនាយក បានបញ្ជាក់ថា កន្លងមក ការដឹកនាំគ្រប់គ្រងគណៈសង្ឃក្នុងវត្តពោធិលង្កា មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យបាត់បង់សណ្តាប់ធ្នាប់ និងអភិសមាចារ ធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

«ទោះបីជាមានការអប់រំទូន្មានច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ នៅតែប្រព្រឹត្តមិនបានត្រឹមត្រូវតាមវត្តប្រណិបតន៍ ថែមទាំងបង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិធ្ងន់ធ្ងរក្នុងផ្លូវវិន័យព្រះពុទ្ធសាសនាថែមទៀតផង»។ គណៈសង្ឃនាយកបានពន្យល់យ៉ាងដូច្នេះ ពីមូលហេតុដែលឈានដល់ការបិទវត្តពោធិលង្កាជាបណ្តោះអាសន្ន។
 
ក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី២៧ ខែកញ្ញា សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ បានបញ្ជាក់ថា ព្រះមេគណ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះរំសាយរចនាសម្ព័ន្ធក្នុងវត្ត និងត្រូវប្រជុំសម្រេចរៀបចំរចនាសម្ព័ន្ធថ្មីបណ្ដោះអាសន្ន ដើម្បីដឹកនាំការងាររហូតដល់មានការសម្រេច តែងតាំងថ្មីជាផ្លូវការ។
 
សេចក្តីបំភ្លឺរបស់គណៈសង្ឃ គឺដើម្បីលុបបំបាត់ការយល់ច្រឡំ និងបំភ្លៃផ្សេងខុសពីការពិត ហើយក៏ជាជាឆ្លើយតបទៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលចោទថា ជាការបណ្តេញចេញដើម្បីយកដីវត្តលក់ ហើយអ្នកខ្លះថា អយុត្តិធម៌សម្រាប់ព្រះសង្ឃដែលគ្មានកំហុស៕

© រក្សាសិទ្ធិដោយ thmeythmey.com