ជាតិ
បុណ្យអុំទូក
«ក្បាលទូក ពឹងកន្សៃ» «កន្សៃស្ដាប់បញ្ជាក្បាលទូក» ចំណុះទូកខ្លាំង ជោគជ័យ!
25, Nov 2023 , 2:00 pm        
រូបភាព
ក្រៅពីការប្រើប្រាស់កម្លាំង ដែលពឹងផ្អែកលើកីឡាករចំណុះទូកហើយនោះ ការប្រើប្រាស់បច្ចេកទេស ក៏ជាចំណុចសំខាន់។ បច្ចេកទេសទាំងនេះ ត្រូវពឹងផ្អែកលើអ្នកបញ្ជាក្បាលទូក ដែលជាអ្នកផ្តល់សញ្ញា ។ មានអ្នកកាន់ក្បាលទូកខ្លាំងហើយ មិនទាន់គ្រប់គ្រាន់ទេ វាទាមទារឱ្យមានអ្នកកាន់កន្សៃទូក ឆ្លាតវៃ និងពូកែផងដែរ។


«ក្បាលទូក ពឹងកន្សៃ» «កន្សៃស្ដាប់បញ្ជាក្បាលទូក» ហើយចំណុះទូកខ្លាំង ជោគជ័យ! លោក ថៃ ចាន់ថន ជាអ្នកកាន់ក្បាលទូក ហើយលោក ម៉ី សាមឿន កាន់កន្សៃទូក សុទ្ធតែយល់ស្របលើចំណុចនេះដូចគ្នា។
 
សូមស្ដាប់បទសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ថៃ ចាន់ថន ប្រធានក្រុមក្បាលទូក និងលោក ម៉ី សាមឿន ប្រធានក្រុមកន្សៃទូកង ព្រះទីនាំងឫទ្ធីក្លាហាន របស់វត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដូចតទៅ៖



លោក ថៃ ចាន់ថន ដែលចូលរួមជាកីឡាករអុំទូកតាំងពីឆ្នាំ ២០១៦ បាននិយាយថា នៅពេលខ្លួនធ្វើសញ្ញាទៅហើយ តែបើកន្សៃទូក មិនអនុវត្តតាមនោះ ទូកក៏មិនអាចឱ្យទូកស្ទុះទៅមុខលឿនទេ។ រាល់ពេលធ្វើសញ្ញាបញ្ជានោះ លោក ចាន់ថន តែងតែគោះទូកចំនួន៣ដង និងសញ្ញាលើកដៃឆ្វេងស្ដាំ ដើម្បីកន្សៃ និងចំណុះទូក ប្រឹងកែតម្រូវ។ សញ្ញាលើកដៃឆ្វេងស្ដាំនោះ គឺបង្ហាញថា ទូកកំពុងវៀចទៅឆ្វេង ឬស្ដាំ ដើម្បីឱ្យកន្សៃទូក និងចំណុះទូកកែតម្រូវឱ្យមកត្រង់វិញ។ បើមិនដូច្នេះទេ ទូកនឹងវៀច ហើយធ្វើឱ្យល្បឿនយឺត ដោយសារបញ្ច្រាសខ្សែទឹក។
 
ក្រៅពីលើកដៃសញ្ញា ក៏មានសកម្មភាព និងសម្រែកបញ្ជាឱ្យកន្សៃ និងចំណុះទូក យកច្រវ៉ាចូកទឹកឱ្យបានជ្រៅហើយអូសឱ្យបានវែង ដើម្បីបង្កើនល្បឿនទូក ឬចែវឱ្យញាប់ជាដើម តាមស្ថានភាពជាក់ស្ដែង នៅក្នុងពេលប្រកួត។
 
លើសពីស្ដាប់បញ្ជាក្បាលទូកហើយ អ្នកកន្សៃទូកក៏ត្រូវមានបច្ចេកទេសជួយដល់ចំណុះ និងក្បាលទូកដែរ។ ម៉ី សាមឿន ដែលប្រឡូកជាកីឡាករអុំទូកតាំងពីឆ្នាំ ២០០៤មក ពន្យល់ថា នៅពេលប្រកួតម្ដងៗលើទន្លេចតុមុខនោះ លោកតែងតែបញ្ជាកូនក្រុមឱ្យអុំឆ្ងាយពីកងព័ន្ធ បើសិនជានៅខ្សែទឹកខាងក្រៅ ហើយត្រូវអុំក្បែរកងព័ន្ធ បើសិនជានៅខ្សែទឹកខាងក្នុង។ លោកថា ការអុំទូកតាមបច្ចេកទេសបែបនេះ ដោយសារទឹកនៅខាងក្នុង និងខាងក្រៅកងព័ន្ធ មានសភាពគួចវល់ខុសគ្នា។
 
«ពួកយើងទាំងពីរយល់ចិត្តគ្នាច្បាស់ណាស់ ដោយសារអុំជាមួយគ្នាច្រើនឆ្នាំហើយ»។ ទាំងលោក ថៃ ចាន់ថន ប្រធានក្រុមក្បាលទូក និងលោក ម៉ី សាមឿន ប្រធានក្រុមកន្សៃទូកង ព្រះទីនាំងឫទ្ធីក្លាហាន អះអាងបែបនេះ។
 
ទូក ង ព្រះទីនាំងឬទ្ធិក្លាហាន បានទម្លាក់ចុះទឹក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដោយបានហ្វឹកហាត់សមជើងច្រវ៉ា ដើម្បីត្រៀមលក្ខណៈចូលរួមប្រណាំងនៅព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។
 

Tag:
 បុណ្យអុំទូក
  អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com