«ខ្មែរក្រោមកម្ពុជាមានជ័យ» ជាទូក ង តែមួយគត់តំណាងឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅរាជធានីភ្នំពេញ អស់រយៈពេល១៣ឆ្នាំមកហើយ។ សម្រាប់ការចូលរួមប្រណាំងទូក ង ដែលធ្វើឡើងពីថ្ងៃទី២៦ដល់២៨វិច្ឆិកាក្នុងឆ្នាំនេះ គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ជាពិសេសកីឡាករ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម ដោយប្តេជ្ញាដណ្តើមយកជ័យជម្នះ ដើម្បីលើកកម្ពស់កិត្តិនាមខ្មែរក្រោម។
ទាំងចំណុះទូក ទាំងកីឡាករបម្រុង ប្រមាណ៣០នាក់ នៃទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» តែងតែមកជួបជុំគ្នាក្នុងបរិវេណវត្តវាលស្បូវ ដើម្បីហ្វឹកហាត់ ចាប់ពីម៉ោង២ រហូតដល់ម៉ោង៥ល្ងាច។ ក្រៅពីកីឡាករ ក៏មានវត្តមានអនុប្រធានសមាគមមិត្តខ្មែរកម្ពុជាក្រោម ប្រធានគ្រប់គ្រងគណៈកម្មការទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ និងអ្នកគាំទ្រមួយចំនួនជាពលរដ្ឋខ្មែរកម្ពុជាក្រោម ស្ថិតនៅទីកន្លែងហ្វឹកហាត់របស់កីឡាករ ផងដែរ។
លោក យ៉េត វីរីស កីឡាករទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ_នៅកន្លែងហ្វឹកហាត់ នាថ្ងៃទី១២វិច្ឆិកា
ក្រុមកីឡាករ ហ្វឹកហាត់បានជិតមួយខែ មុននឹងការប្រកួតមកដល់ ពោលគឺ ចំណុះទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ចាប់ផ្តើមហ្វឹកហាត់ តាំងពីថ្ងៃទី២៩តុលា ឆ្នាំ២០២៣មក។ លោក យ៉េត វីរីស ដែលជាកីឡាករទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» បានលើកឡើងថា ការហ្វឹកហាត់នេះ គឺដើម្បីយកកម្លាំង និងច្រវា ឱ្យស្មើគ្នា រវាងកីឡាករ ឬចំណុះទូកក្នុងពេលប្រកួត។
«ឆ្នាំនេះ យើងមានភាពអំណោលផលជាងរាល់ឆ្នាំ ព្រោះឆ្នាំកន្លងមកយើងហាត់តែនៅលើគោក ប៉ុន្តែឆ្នាំនេះដោយសារព្រះចៅអធិវត្តវាលស្បូវឱ្យយើងខ្ញុំខ្ចីទូក និង ទីតាំង ដើម្បីហ្វឹកហាត់ក្នុងទន្លេផ្ទាល់តែម្តង»។ លោក យ៉េត វីរីស បានរៀបរាប់បែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ដោយជឿជាក់ថា ៖ «ការហ្វឹកហាត់រាល់ថ្ងៃរបស់យើងដែលស្ថិតនៅលើទូកតែមួយនេះ នឹងធ្វើឱ្យយើងមានគំនិតតែមួយ ចិត្តតែមួយ និងច្រវាតែមួយ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ជូន សមាគមខ្មែរកម្ពុជាក្រោម»។
ការប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កីឡាករទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ក្នុងការហ្វឹកហាត់ និងចូលរួមប្រណាំងប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ក៏ទទួលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ពីខាងគណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ផងដែរ។ បើតាម លោក គឹម វិសាល អនុគណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» គិតចាប់ពីថ្ងៃទីមួយនៃការហ្វឹកហាត់រហូតថ្ងៃបញ្ចប់នៃការប្រកួតប្រណាំងទូក ង នៅថ្ងៃទី២៨វិច្ឆិកា កីឡាករ ទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ទទួលបានថវិកាលើកចិត្តចំនួន៣០០ដុល្លារក្នុងមួយម្នាក់។
ការចូលរួមប្រណាំងក្នុងពិធីបុណ្យអុំទូកនាឆ្នាំនេះ គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» មិនត្រឹមចំណាយច្រើនលើការហ្វឹកហាត់របស់កីឡាករប៉ុណ្ណោះទេ តែក៏មានការចំណាយខ្ពស់លើថ្លៃស្នាក់នៅ និងអាហាររបស់កីឡាករ ផងដែរ បើធៀបនឹងឆ្នាំកន្លងមក។ លោក គឹម វិសាល បានបន្ថែមថា ៖ « ឆ្នាំហ្នឹង! យើងចំណាយលើថ្លៃម្ហូបអាហារដល់៥០០ដុល្លារក្នុងមួយថ្ងៃ បើធៀបនឹងឆ្នាំ២០១៩ យើងចំណាយអស់តែជាង៣០០ដុល្លារក្នុងមួយថ្ងៃ»។
គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ចំណាយខ្ពស់លើថ្លៃម្ហូបអាហារខ្ពស់បែបនេះ ដើម្បីឱ្យកីឡាករបរិភោគបានគ្រប់គ្រាន់ ខណៈទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ។ នេះជាការលើកឡើងរបស់ លោក គឹម វិសាល ដោយបានបន្តនិយាយដូច្នេះ៖ «ឆ្នាំនេះយើងចំណាយច្រើន ក៏ព្រោះតែយើងចង់បានជ័យជម្នះ ដោយសារការប្រកួតនាឆ្នាំកន្លងមក យើងបានត្រឹមលេខ២។ តែសម្រាប់ឆ្នាំនេះ គឺយើងចង់បានជ័យលេខ១ ដើម្បីលើកម្ពស់កិត្តិនាមខ្មែរក្រោមយើង»។
ទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ជាទូកខ្នាតអន្តរជាតិដែលមានចំណុះទូក ២២នាក់។ ការចូលរួមក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញរបស់ទូកនេះ ក្នុងគោលដៅចង់បង្ហាញឱ្យពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅកម្ពុជាផ្ទាល់ បានដឹង ឃើញ និងយល់ពីការខិតខំថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ខ្មែររបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្នុងទឹកដីប្រទេសវៀតណាម។ លើសពីនេះ ការចូលរួមរបស់ទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ក៏ចង់ឱ្យពិភពលោកបានដឹងថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែរក្សាប្រពៃណី និងទំនៀមទម្លាប់ខ្មែរបានយ៉ាងខ្ជាប់ខ្ជួន។ នេះជាការពន្យល់របស់ លោក គឹម ឬទី្ធ ប្រធានស្តីទីមិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលបានបញ្ជាក់ថា៖ «ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល ជាខ្មែរតែមួយ មានប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ តែមួយ»។
បើតាមលោក គឹម ឬទី្ធ ការចូលរួមប្រណាំងទូកនៅរាជធានីភ្នំពេញ ក៏រងការគាបសង្កត់ និងមិនពេញចិត្តពីសំណាក់អាជ្ញាធរវៀតណាមផងដែរ។ ប៉ុន្តែការណ៍នេះ មិនអាចទប់ជាប់បំណងធំរបស់ពលរដ្ឋខ្មែរកម្ពុជាក្នុងការបង្ហាញ ពីការខិតខំរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្លួនដល់ពលរដ្ឋខ្មែរកណ្តាលបានឃើញនោះឡើយ។
ជាមួយគ្នានេះ លោកប្រធានទីស្តីមិត្តសមាគមខ្មែរកម្ពុជា បញ្ជាក់ពីទំហំចំណាយក្នុងការចូលរួមប្រណាំងទូក ង ក្នុងពិធីបុណ្យអុំទូក ដោយក្នុងមួយឆ្នាំៗ គណៈកម្មការគ្រប់គ្រង«ទូក ង ខ្មែរកម្ពុជាក្រោមមានជ័យ» បានចំណាយថវិកាពី១,១ម៉ឺនដុល្លារ ទៅ ១,៣ម៉ឺនដុល្លារ។ ការចំណាយប្រចាំឆ្នាំ២០២៣ គណៈកម្មការ ចំណាយរហូតដល់ជិត១,៦ម៉ឺនដុល្លារ។ លោក គឹម ឬទី្ធ បានបន្ថែមថា ថវិកាសម្រាប់ការចំណាយក្នុងពិធីអុំបុណ្យ គឺបានពីការឧបត្ថម្ភរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមគ្រប់ទិសទី ទាំងអ្នកកំពុងរស់នៅទឹកដីកម្ពុជាផ្ទាល់ និងអ្នកដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា នៅជប៉ុន អាមេរិក អឺរ៉ុប និងអូស្រា្តលី...ជាដើម។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤-១៥កើត ខែកត្កិក នាខេត្តឃ្លាំង និងខេត្តព្រះត្រពាំង ប្រទេសវៀតណាម ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅទីនោះ តែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដូចទៅនឹងពលរដ្ឋខ្មែរកណ្តាលដែរ។ នេះបើតាមលោក គឹម ឬទី្ធ។
ដោយឡែក សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលធ្វើឡើងនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ពីថ្ងៃទី២៦ដល់២៨វិច្ឆិកា មាន ទូក ង ចំនួន ៣៣៨ មកពីតាមបណ្តារាជធានី-ខេត្ត នឹងចូលរួមប្រណាំង៕