ជាតិ
សេដ្ឋកិច្ច
អឺរ៉ុប ប្តេជ្ញាចិត្តជួយកម្ពុជា ចាកចេញពីប្រទេសមានការ​អភិវឌ្ឍតិចតួច និងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ
26, Nov 2023 , 9:00 am        
រូបភាព
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
 
ភ្នំពេញ៖ សហភាពអឺរ៉ុបប្តេជ្ញាចិត្តជួយកម្ពុជា បង្កើនតម្លៃលើផលិតផលរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈចំពោះការប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ (EBA)ទាំងស្រុងនៅពេលសម្រចគ្រប់លក្ខខណ្ឌចាកចេញ ពីតារាងប្រទេសមានការ​អភិវឌ្ឍតិចតួច។

 
 
ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Cambodianess ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans មើលឃើញថា កម្ពុជា​អាច​បង្កើន​ភាព​ជា​ដៃគូ​ជាមួយអឺរ៉ុបមួយកម្រិតទៀត ដើម្បីទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម។ ជាមួយគ្នានេះ  លោក ណែនាំឱ្យកម្ពុជាត្រូវពង្រឹងផលិតផលរបស់ខ្លួន ដើម្បីបន្ថែមតម្លៃក្នុងទីផ្សារអឺរ៉ុប។
 
«នៅពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យម របបពាណិជ្ជកម្មនឹងផ្លាស់ប្តូរដោយស្វ័យប្រវត្តិ។ វាខុសគ្នាសម្រាប់អាម៉េរិក កាណាដា ឬដៃគូផ្សេងទៀតនៅក្នុងពិភពលោក។ សម្រាប់​ពួកយើង កម្ពុជា ​បន្ទាប់ពីក្លាយជាប្រទេសមានចំណូលមធ្យមហើយនោះ នឹងស្ថិត​នៅ​ក្រោម​អ្វី​ដែល​យើង​ហៅ​ថា​ប្រព័ន្ធអនុគ្រោះពន្ធ GSP ដោយ​ស្វ័យ​ប្រវត្តិ។» លោក Igor Driesmans ពន្យល់យ៉ាងដូច្នេះ ដោយបានបញ្ជាក់ថា នៅពេលកម្ពុជា ចាកចេញពីតារាងប្រទេសមានការ​អភិវឌ្ឍតិចតួច នោះប្រព័ន្ធអនុគ្រោះទាំងនោះ ក៏នឹងអាចបាត់បង់ ផងដែរ។
 
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៦ ក្នុងតារាងប្រទេសមានការ​អភិវឌ្ឍតិចតួច ហើយបានបំពេញនូវលក្ខខណ្ឌ២ ក្នុងចំណោម៣ សម្រាប់ការចាកចេញពីតារាងមួយនេះ។ កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកដំបូងក្នុងឆ្នាំ២០២១ ហើយនៅឆ្នាំ២០២៤ កម្ពុជានឹងត្រូវបានវាយតម្លៃម្ដងទៀត ដើម្បីចាកចេញនៅឆ្នាំ២០២៧ និងដើម្បីសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
 
បន្ទាប់ពីកម្ពុជាចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច នោះសហភាពអឺរ៉ុបនឹងបន្ថយ ឬតម្លើងពន្ធលើទំនិញនាំចូលពីរបស់កម្ពុជា។ លោក Driesmans​​ បានបន្ថែមថា ក្នុងនោះច្បាប់ស្តីពីវិធានដើមកំណើតទំនិញក៏នឹងអាចផ្លាស់ប្ដូរ ផងដែរ។ 
 
ក្រោមច្បាប់នៃវិធានដើមកំណើតទំនិញ កម្ពុជាត្រូវតែផលិត និងកែច្នៃផលិតផលរបស់ខ្លួននៅក្នុងស្រុក ពោលគឺ កម្ពុជាមិនអាចនាំចូលផលិតផលរួចនាំចេញបន្តទៅសហភាពអឺរ៉ុប បានទេ។ «​ជា​ផលិតផល​កម្ពុជាពិតប្រាកដ អ្នក​ត្រូវ​កែច្នៃ​វា​យ៉ាង​ពិត​ប្រាកដ​នៅ​ទី​នេះ(នៅកម្ពុជា)»។ លោកឯកអគ្គរដ្ឋទូតបាននិយាយសង្កត់ធ្ងន់បែបនេះ​ ដោយបានពន្យល់ថា កម្ពុជា​មានសក្តានុពលលើផលិតផល​ស្វាយចន្ទី​ ហើយផលិតផលទាំងនោះនឹងបាត់បង់តម្លៃ ប្រសិនបើកម្ពុជាកែច្នៃគ្រាប់ស្វាយចន្ទីនៅក្រៅប្រទេស មុនពេលនាំចេញទៅកាន់សហភាពអឺរ៉ុប ឬទីផ្សារពិភពលោក។
 
«ដូច្នេះ យើង​ចង់​ជួយ​ដល់​អ្នក​ផលិត​គ្រាប់​ស្វាយចន្ទី ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ធានា​ថា​ដំណើរការនៃការកៃច្នៃ​ត្រូវ​បាន​ធ្វើ​នៅ​ទី​នេះ នៅកម្ពុជា ប្រកបដោយគុណភាព។ កិច្ចការទាំងអស់នេះគឺ បន្ថែមតម្លៃលើទំនិញដែលពួកយើងហៅថា  តម្លៃខ្សែសង្វាក់ក្នុងប្រទេសកម្ពុជា។» លោក Driesmans បានពន្យល់បន្ថែមយ៉ាងដូច្នេះ។
 
ដំឡើងភាពជាដៃគូជាមួយសហភាពអឺរ៉ុប
 
លោក Driesmans មានប្រសាសន៍ថា ការចាកចេញពីតារាងប្រទេសអភិវឌ្ឍតិចតួចជាដំណើរឈានទៅកាន់ការអភិវឌ្ឍដ៏ល្អមួយ សម្រាប់កម្ពុជា ក្នុងការបង្កើនតម្លៃរបស់ខ្លួននៅលើឆាកអន្តរជាតិ និងក្នុងចំណោមដៃគូ បើទោះបីជាការអនុគ្រោះពន្ធមួយចំនួនអាចនឹងបាត់បង់ក៏ដោយ។
 
«ពួកគេនឹងបង្វែរការចាប់អារម្មណ៍មកកម្ពុជា​លើភាព​រស់​រវើក​នៃ​សេដ្ឋកិច្ច។ ជាធម្មតាទេដែលប្រទេសនៅលើពិភពលោកមិនសូវចាប់អារម្មណ៍មានភាពជាដៃគូជាមួយប្រទេសក្រីក្រ។ នេះជាជំហ៊ានដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការឆ្ពោះទៅមុខ។» លោកឯកអគ្គរដ្ឋទូតបានលើកឡើងយ៉ាងដូច្នះ។
 
ដើម្បីជៀសវាងការលំបាកក្នុងអំឡុងពេលពេលអន្តរកាលទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ លោកបានណែនាំ វិស័យឯកជន និងរដ្ឋាភិបាលចាំបាច់ធ្វើការរួមគ្នា ក្នុងការធានាបាននូវការផ្លាស់ប្តូរមួយដែលប្រសើរ និងកំណើនសេដ្ឋកិច្ច។
 
កម្ពុជាអាចស្នើសុំធ្វើជាដៃគូ GSP Plus ដែលជាប្រព័ន្ធលើកទឹកចិត្តពិសេសមួយសម្រាប់គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ។ ប្រទេសទាំងនេះត្រូវតែផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិចំនួន ២៧ ស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចល្អ ដើម្បីអាចក្លាយទៅជាដៃគូបាន។
 
លោកឯកអគ្គរដ្ឋទូតបាននិយាយថា៖ «GSP មានការអនុគ្រោះតិចជាង EBA។ ឥលូវនេះ យើងកំពុងឈានចូលទៅក្នុងប្រព័ន្ធមួយដែលស្ថិតនៅចន្លោះ GSP និងEBA។ កម្ពុជាគួរតែតម្លើងភាពជាដៃគូក្នុង GSP Plus នេះ បើទោះបីជាត្រូវអនុវត្តទៅតាមសច្ចាប័នលើអនុសញ្ញាអន្តរជាតិមួយចំនួនក៏ដោយ។»
 
លោកបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកិច្ចពិភាក្សាពីការតម្លើងភាពជាដៃគូនេះ ដើម្បីប្រាកដថាវិស័យឯកជន ឧស្សាហកម្ម និងវិស័យនានាបានត្រៀមខ្លួនរួចរាល់ នៅពេលកម្ពុជាចាកចេញពីតារាងប្រទេសអភិវឌ្ឍតិចតួច។ នោះហើយជាមូលហេតុដែលសហភាពអឺរ៉ុបនឹងធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឱ្យប្រាកដថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ និងរងនូវផលប៉ះពាល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធតិចតួចបំផុត។
 
តាមរយៈ EBA កម្ពុជាអាចនាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយគ្មានពន្ធ និងគ្មានកូតា។ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ ស្បែកជើង កង់ អាហារកែច្នៃ និងអង្ករ ដែលស្មើនឹង ៩៥ភាគរយ  នៃការនាំចេញទៅកាន់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៩។ ៩៨ភាគរយ នៃតួលេខនេះ ត្រូវបាននាំចេញតាមរយៈប្រព័ន្ធមួយនេះ។ នៅឆ្នាំ២០២០ គណៈកម្មការអឺរ៉ុបបានដក EBA ២០ភាគរយ ដែលប៉ះពាល់ដល់មួយភាគប្រាំនៃការនាំចេញទៅកាន់សហភាពអឺរ៉ុបរបស់កម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com