អន្តរជាតិ
ថៃប្តេជ្ញាជួយរំដោះប្រជាជនខ្លួនពីក្រុមហាម៉ាស ក្រោយមនុស្ស១០នាក់ ត្រូវបានដោះលែង
25, Nov 2023 , 10:29 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី២៥ ខែវិច្ឆិកា បានលើកឡើងថា រដ្ឋាភិបាល នឹងបន្តកិច្ចខិតខំ ក្នុងការជួយរំដោះប្រជាជនថៃ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង។ ការប្តេជ្ញាបែបនេះ ធ្វើឡើងក្រោយក្រុមហាម៉ាស បានដោះលែងប្រជាជនថៃចំនួន ១០នាក់លើកដំបូង។

 
ក្នុងថ្ងៃដោះលែងចំណាប់ខ្មាំងអុីស្រាអែល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៤ថ្ងៃ ក្រុមហាម៉ាស ក៏បានដោះលែងប្រជាជនថៃចំនួន ១០នាក់ផ្សេងទៀតដែរ ដោយក្នុងនោះមានបុរសចំនួន ៩នាក់ និងស្រ្តីម្នាក់។ រដ្ឋាភិបាលថៃជឿថា ប្រជាជនខ្លួនយ៉ាងហោចណាស់ ២០នាក់បន្ថែមទៀត ស្ថិតក្នុងដៃរបស់ក្រុមហាម៉ាស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
 
ទាក់ទិននឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន បានអរគុណភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងការបរទេស និងកម្លាំងប្រដាប់អាវុធថៃ ក្នុងកិច្ចខិតខំជួយរំដោះប្រជាជនថៃចំនួន ១០នាក់ដំបូង។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលថៃ បានប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីជួយប្រជាជនខ្លួនពីក្រុមហាម៉ាសឱ្យទទួលបានសេរីភាពឡើងវិញផងដែរ។ 
 
ពេលនេះ ប្រជាជនថៃ ដែលត្រូវបានដោះលែងទាំង១០នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Shamir ក្នុងក្រុង Be'er Ya'akov របស់អុីស្រាអែល។ បើតាមលោកសេដ្ឋា រដ្ឋមន្រ្តីការបរទេស និងប្រមុខកម្លាំងការពារថៃ នឹងហោះទៅអុីស្រាអែល ដើម្បីនាំប្រជាជនខ្លួនមកប្រទេសវិញ។ 
 
ទន្ទឹមនេះ លោកសេដ្ឋា បានបញ្ជាក់ថាផងដែរថា រដ្ឋាភិបាលកំពុងចរចាជាមួយអាជ្ញាធរបរទេសមួយចំនួន រួមទាំងអ៊ីរ៉ង់ផង ដើម្បីជួយរំដោះប្រជាជនខ្លួន។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងស្របពេលអនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ កំពុងបំពេញទស្សនកិច្ចនៅថៃស្រាប់៕ 
 

Tag:
 ថៃ
  ហាម៉ាស
  អុីស្រាអែល
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com