ជាតិ
ពីនេះ ពីនោះ
វត្តមានលលាដ៍ក្បាលមនុស្ស ២ ៥០០ឆ្នាំមុន បានបង្ហាញអ្វីខ្លះ ពីវេជ្ជសាស្ត្រនៅសម័យនោះ?
25, Nov 2023 , 9:59 pm        
រូបភាព
លលាដ៍ក្បាលមនុស្សបុរាណ ក្នុងសារមន្ទីរព្រះនរោត្ដម សីហនុ អង្គរ ក្រុងសៀមរាប។
លលាដ៍ក្បាលមនុស្សបុរាណ ក្នុងសារមន្ទីរព្រះនរោត្ដម សីហនុ អង្គរ ក្រុងសៀមរាប។

សៀមរាប៖ នៅពេលទស្សនាសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ លោកអ្នកនាង នឹងបានឃើញលលាដ៍ក្បាលមនុស្សមួយចំនួន ត្រូវបានដាក់បង្ហាញក្នុងសភាពប្រេះបែកចំណុចខ្លះ។ លលាដ៍ក្បាលទាំងនោះ មានអាយុកាលជាង២ ៥០០ឆ្នាំ ដល់ ៣០០០មុន។ លលាដ៍ក្បាលទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវ យកមកពីកំណាយនៅស្ថានីយកោះតាមាស និងស្ថានីយព្រៃក្មេង ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក គុន ផល្លី អ្នកបច្ចេកទេស នៃសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ​ ដូចតទៅ៖ 


លលាដ៍ក្បាលមនុស្សទាំងនោះ ត្រូវបានលោក គុន ផល្លី ពន្យល់ថា ខ្លះកើតជំងឺធ្មេញ ដែលបណ្ដាលពីការដកធ្មេញ, ដង្កូវស៊ីធ្មេញ, មហារីកគ្រប់ឈាម ជាដើម។ ក្រៅពីលលាដ៍ក្បាលនេះ ក្នុងសារមន្ទីរនេះ ក៏បង្ហាញពីបំណែកឆ្អឹងមួយចំនួនផងដែរ។ តាមរយៈបំណែកឆ្អឹង លោក ផល្លី បញ្ជាក់ថា មនុស្សជំនាន់ដើមនោះ គឺចេះវិធីសាស្ត្រក្នុងការព្យាបាលជំងឺ ដូចជាការតឆ្អឹង និងប្រើប្រាស់ឱសថ ពីរុក្ខជាតិជាដើម។ 
 
អ្នកបច្ចេកទេស នៃសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ​ បានន្យល់បន្ថែមដូច្នេះ៖ «ជាទូទៅអ្នកស្រាវជ្រាវគិតថាប្រព័ន្ធសុខាភិបាល ឬវេជ្ជសាស្ត្រ មានការរីកចម្រើនខ្លាំងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ក៏ប៉ុន្តែមុនពេលមានប្រព័ន្ធសុខាភិបាលមួយច្បាស់លាស់ បុព្វបុរសយើង អ្នករស់នៅក្នុងតំបន់អង្គរ គេមានទំនៀមទំលាប់ ការព្យាបាលហើយ»។ 
 
លលាដ៍ក្បាល ក្នុងឆ្អឹងសាកសព ដែលដាក់បង្ហាញទាំងនោះ ត្រូវបានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលបារាំងចុងបូព៌ា ធ្វើកំណាយនៅទីតាំងចំនួន២ គឺស្ថានីយកោះតាមាស(បារាយទឹកថ្លា)  និងស្ថានីយព្រៃក្មេង(បារាយខាងលិច) កាលពីអំឡុងឆ្នាំ២០០៤ - ២០០៥។ 
 
គួរជម្រាបផងដែរថា សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ជាសារមន្ទីរតម្កល់វត្ថុបុរាណបានពី​​កំ​ណាយ​ក្នុងតំបន់អង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លើសពីជាកន្លែងតម្កល់វត្ថុបុរាណ សារមន្ទីរនេះ ក៏ជាកន្លែងដែលអាចឱ្យទេសចរ និងអ្នកសិក្សា ស្វែងយល់ពីប្រវត្ថិសាស្ត្រ បដិមា វត្ថុប្រើប្រាស់ និងទំនៀមទម្លាប់មនុស្សជំនាន់មុនផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com