អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ហៅអាម៉េរិកជាប្រទេសបង្កហានិភ័យសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង
26, Nov 2023 , 1:59 pm        
រូបភាព
រូបភាព US Navy
រូបភាព US Navy
យោធាចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានចាត់ទុកអាម៉េរិក ជាប្រទេសបង្កហានិភ័យសន្តិសុខ នៅក្នុងសមុទ្រចិនខាងត្បូង។ ការចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយយោធាចិន បានអះអាងថា នាវាពិឃាដអាម៉េរិក បានចូលក្នុងដែនទឹករបស់ខ្លួន ដោយគ្មានការឯកភាពជាមុន។

 
តាមសេចក្តីប្រកាសលើបណ្តាញសង្គម WeChat ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា​ បញ្ជាការដ្ឋានភូមភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានអះអាងថា នាវាពិឃាដអាម៉េរិក USS Hopper បានចូលមកក្នុងដែនទឹករបស់ខ្លួន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលក្រុងប៉េកាំង។ 
 
ត្រង់ចំណុចនេះ យោធាចិន បានចាត់ទុកអាម៉េរិកជាប្រទេសបង្កហានិភ័យសន្តិសុខក្នុងសមុទ្រចិនខាងត្បូងគ្រប់ពេល។ ស្របគ្នានេះ បញ្ជាការដ្ឋានភូមិភាគខាងត្បូង បានពង្រាយកម្លាំងទ័ពអាកាស និងជើងទឹក ដើម្បីឃ្លាំមើលនាវារបស់អាម៉េរិក និងព្រមានបណ្តេញនាវានោះឱ្យចេញពីតំបន់សមុទ្រចិនខាងត្បូងផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
កន្លងមក អាម៉េរិក តែងតែបញ្ជូននាវាយោធា និងចម្បាំងរបស់ខ្លួនទៅក្នុងសមុទ្រចិនខាងត្បូងជាច្រើនលើកក្រោមហេតុផលច្បាប់អន្តរជាតិ និងសេរីភាពនៃនាវាចរណ៍ ក្នុងការធ្វើដំណើរនៅដែនទឹកអន្តរជាតិ។ យ៉ាងណាមិញ ចិន បានចាត់ទុកដែនទឹកក្នុងសមុទ្រចិនខាងត្បូងស្ទើរតែ ៩០ភាគរយ ជាកម្មសិទ្ធិរបស់ខ្លួន ដោយផ្នែកលើហេតុផលច្បាប់ និងប្រវត្តិសាស្រ្ត៕ 
 

Tag:
 ចិន
  អាម៉េរិក
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com