អន្តរជាតិ
មេដឹកនាំអ៊ុយក្រែនថា ត្រូវការប្រព័ន្ធការពារអាកាសបន្ថែម ដើម្បីការពារការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ
26, Nov 2023 , 4:30 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយមេដឹកនាំបណ្តាប្រទេសផ្សេងទៀត ក្នុងវេទិកាគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន នៅថ្ងៃទី២៥ ខែវិច្ឆិកា។ រូបភាព Reuters
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយមេដឹកនាំបណ្តាប្រទេសផ្សេងទៀត ក្នុងវេទិកាគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន នៅថ្ងៃទី២៥ ខែវិច្ឆិកា។ រូបភាព Reuters
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានលើកឡើងថា រដ្ឋាភិបាលក្រុងកៀវ ត្រូវការប្រព័ន្ធការពារអាកាសបន្ថែមទៀត ដើម្បីការពារច្រកនាំចេញគ្រាប់ធញ្ញជាតិ ក៏ដូចជាតំបន់នៅជាប់ជាមួយរុស្ស៊ី។ ការអះអាងបែបនេះ ធ្វើឡើងក្រោយរុស្ស៊ីបានប្រើប្រាស់ដ្រូនវាយប្រហារក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីផ្ទុះសង្រ្គាម។

 
ក្នុងវេទិកាគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដែលមានការចូលរួមពីសំណាក់មេដឹកនាំបណ្តាប្រទេសមួយចំនួន នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងពីភាពខ្វះខាតប្រព័ន្ធការពារអាកាស ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី។ 
 
«វាមានការខ្វះខាតលើប្រព័ន្ធការពារអាកាស។ វាមិនមែនជារឿងសម្ងាត់ឡើយ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោកកំពុងស្នើប្រទេសជាដៃគូសម្រាប់ប្រព័ន្ធការពារអាកាសទាំងនោះ ដើម្បីការពារច្រកដឹកជញ្ជូន និងប្រជាជន។ បើតាមលោកប្រធានាធិបតី ច្រកដឹកគ្រាប់ធញ្ញជាតិ និងប្រជាជន គឺសំខាន់ណាស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ថែមពីនេះ លោក ហ្សេលេនស្គី បានបន្ថែមថា ប្រទេសជាដៃគូអ៊ុយក្រែន បានសន្យាផ្តល់នាវាសម្រាប់ការពារនាវាដឹកគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែនផងដែរ ដើម្បីធានាពីសន្តិសុខ។ 
 
ចំណែក លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណជាង ៥៤លានដុល្លារ ដើម្បីកែលម្អ និងអភិវឌ្ឍកំពង់ផែអ៊ុយក្រែន។ បន្ថែមពីនេះ ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហាញក្តីសង្ឃឹមថា អ៊ុយក្រែន អាចដោះស្រាយបញ្ហាខ្វះខាតប្រព័ន្ធការពារបានក្នុងពេលឆាប់ៗ។ 
 
ការអះអាងរបស់លោកប្រធានាធិបតីអ៊ុយក្រែនខាងលើ ធ្វើឡើងក្រោយរុស្ស៊ីបានប្រើប្រាស់ដ្រូនប្រមាណ ៧៥គ្រឿង ដើម្បីវាយប្រហារលើអ៊ុយក្រែន។ នេះជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com