កីឡាជាតិ
ជាតិ
បុណ្យអុំទូក
ការថែទាំទូកបានល្អ ក៏ជាយុទ្ធសាស្ត្រមួយ ជួយដល់ការប្រណាំងជោគជ័យ
26, Nov 2023 , 6:30 pm        
រូបភាព
ការទូកដាក់ ឬថែទាំទូក ង បានឱ្យល្អ ក៏ជាយុទ្ធសាស្រ្តមួយ ដែលធ្វើឱ្យទូក មានគុណភាពល្អ ហើយប្រកួតប្រជែង ទទួលបានជោគជ័យដែរ។ នេះជាសម្តីលោក សាន់ សុខហៀប ម្ចាស់ទូក ង សារាយតេជោសែន បានពន្យល់ប្រាប់មកសារព័ត៌មានថ្មីៗ។


 
ក្រោយតែការប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ឬតាមកម្មវិធីប្រណាំងទូក តាមតំបន់ផ្សេងៗរួច «ទូក ង» ត្រូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំទុកដាក់នៅលើបង្គង ឱ្យបានត្រឹមត្រូវ ដើម្បីថែរក្សានូវគុណភាពរបស់ទូក សម្រាប់ត្រៀមប្រកួតនៅពេលក្រោយៗទៀត។
 
ចំណាយពេលវេលាជាង ១០ឆ្នាំ នៅក្នុងវិស័យកីឡាប្រណាំងទូក លោក សុខហៀង ជាអ្នករស់នៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបន្ថែមថា ការថែរក្សាទូកឱ្យបានល្អ បូករួមមានចំណុះទូក(កីឡាករ) ល្អទៀត គឺជាចំណុចសំខាន់ សម្រាប់អ្នកស្នេហាវិស័យប្រណាំងទូក។
 
«ការទុកដាក់គឺសំខាន់ខ្លាំងណាស់ អ្នកខ្លះមិនចាប់អារម្មណ៍ អត់យកចិត្តទុកដាក់ក្នុងការទុកដាក់ទូកទេ។ ទូកពួកខ្ញុំតែងតែមានខ្សែប្រយោល ខ្ញុំត្រូវវាស់ស្ទង់ឱ្យបានត្រឹមត្រូវមុនពេលដែលខ្ញុំត្រូវទុកដាក់ និងមុនពេលខ្ញុំចាកចេញពីរោងទូក ក្រោយតែពេលទូកបានវិលត្រឡប់មកពីការប្រណាំងវិញ។ វាជារឿងសំខាន់ខ្លាំងណាស់ បើយើងទុកដាក់វាបានល្អ គួបផ្សំជាមួយនឹងយុទ្ធសាស្ត្រយើងល្អ នឹងធ្វើឱ្យយើងកាន់តែមិនងាយមានសត្រូវអាចផ្ដួលយើងបាន។»។ លោក សុខហៀង វ័យ ៤៧ឆ្នាំ បានបកស្រាយប្រាប់បែបនេះ។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ជា យូគៀង នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សាន់ សុខហៀង ដូចតទៅ៖

 
ជាទូកដែលកសាងនៅក្នុងឆ្នាំ ២០១២ សារាយតេជោសែនជ័យ ចាប់ផ្តើមចូលរួមប្រណាំងផ្លូវការក្នុងឆ្នាំ ២០១៤ ។ ទូក ង នេះ មានប្រវែង ៣៣ម៉ែត្រ ដោយធ្លាប់បានឆ្លងកាត់ការប្រលងប្រណាំងជាច្រើនលើករួចហើយ។ 
 
បើតាមការបញ្ជាក់ពី ម្ចាស់ទូក ង ដែលជាអ្នកស្រុកឃុំពុកឬស្សី ដដែលរូបនេះ ទូក ង សារាយតេជោសែនជ័យ ឆ្លងកាត់ការប្រកួតចំនួន ៦៦លើក ឈ្នះ ៥៣ដង និងចាញ់ ១៣ដង ពីការចូលរួមប្រណាំងចំនួន ១៤ព្រឹត្តិការណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងពិធីបុណ្យផ្សេងៗ។
 
ដើមឡើយ ទូក ង សារាយតេជោសែនជ័យនេះ មានប្រវត្តិដើមចេញពីឈ្មោះ សារាយអណ្ដែត ដែលបង្កើតនៅក្នុងឆ្នាំ១៩៤៨ ក្នុងសម័យសង្គមរាស្ត្រនិយម។ តែក្រោយមកទៀត ទូក ង នេះ បានប្ដូរឈ្មោះទៅជា សារាយផុត នៅក្នុងសម័យសាធារណរដ្ឋ។ ទូក ង នេះ ក៏បានបាត់វត្តមាននៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យ ប៉ុល ពត ។ ក្រោយចេញផុតពីរបបប្រល័យពូជសាសន៍នេះមក គណៈកម្មាធិការទូក ក៏បានបង្កើតទូក ង នេះឡើងវិញ ដោយបានដាក់ឈ្មោះថា សារាយសែនជ័យ នៅឆ្នាំ១៩៩៧ មុនប្ដូរមកជា សារាយតេជោសែនជ័យ នៅឆ្នាំ២០១២វិញ៕
 
 

Tag:
 បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com