ជាតិ
បុណ្យអុំទូក
វីដេអូ
លោកអាចារ្យ ប៊ុត ពិសិដ្ឋ ពន្យល់ពីត្រណមសែនក្បាលទូកមុនទៅប្រណាំង
26, Nov 2023 , 7:00 pm        
រូបភាព
កណ្តាល៖ការសែនក្បាលទូក ជាជំនឿដែលចាស់បុរាណ ក៏ដូចជាក្រុមកីឡាករអុំទូក ប្រកាន់ខ្ជាប់ជាយូរណាស់មកហើយ។ លោកអាចារ្យ ប៊ុត ពិសិដ្ឋ គណៈកម្មការគ្រប់គ្រងវត្តពិជ័យរង្សី បានពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា មុននឹងចេញទៅប្រកួត អ្នកដឹកនាំទូក និងកីឡាករ ត្រូវរៀបចំ សែនក្បាលទូកជាមុន ដើម្បីសុំសេចក្តីសុខដល់ចំណុះទូក ជួយឱ្យទូកលឿន និងរម្លឹកគុណដល់អ្នកថែរក្សាទូក។ ក្រៅពីសែនក្បាលទូក ក្រុមកីឡាករវិញ ក៏ត្រូវរក្សាកម្លាំងឱ្យស្វាហាប់ និងតមពាក្យសម្តីជាដើម។
 
សូមលោកអ្នកនាងអញ្ជើញទស្សនាកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោកអាចារ្យ ប៊ុត ពិសិដ្ឋ ដូចតទៅ៖

 
ដោយឡែកគ្រឿងរណ្តាប់ដែលត្រូវសែន មានដូចជាបាយសី៣ថ្នាក់ ឬប្រាំថ្នាក់, ផ្លែឈើប្រាំពីរមុខ ,ស្លាធម៌ដូង, ដូងឡៅជាដើម។ ចំពោះថ្នាក់ជាតិ គេអាចរៀបចំជាជ្រូកខ្វៃ ក្បាលជ្រូក មាន់ បាយម្ហូប នំចំណី សំពត់ផ្នត់ និងគ្រឿងសក្ការៈបូជាសំខាន់ៗជាច្រើនទៀត។ 
 

យ៉ាងណាមិញ លោក ប៊ុត ពិសិដ្ឋ បានលើកឡើងថា ជាធម្មតាគេច្រើនសែនមុនការប្រណាំង១សប្តាហ៍ ឬមុនការប្រកួត៣ថ្ងៃ។ ការសែននេះ គឺជូនទៅដល់ទេវប្រាក់ អារក្សអ្នកតា នៃជំនាងទូករស់នៅក្នុងដើមឈើ ដែលត្រូវបានសែនអញ្ជើញពីទីតាំងដើម(ដើមឈើក្នុងព្រៃ) ដើម្បីច្នៃធ្វើជាទូកសម្រាប់អុំប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។ 
 
លោក ប៊ុត ពិសិដ្ឋ ពន្យល់ដូច្នេះ៖« មុននឹងយើងអុំ ត្រណមទី១គឺ មិនឱ្យកីឡាករលេងធ្វើឱ្យធ្លាក់កម្លាំងនោះទេ។ ទី២ យើងត្រូវបំប៉នកម្លាំងឱ្យបានល្អ ពេលចុះប្រណាំងត្រូវតមពាក្យសម្តី មិនអំនួតហួសពេក ហើយក៏ត្រូវតែពង្រឹងស្មារតីរបស់ខ្លួន។ កីឡាករត្រូវមានភាពជឿជាក់ ទើបអាចទទួលយកជ័យជម្នះបាន។»



សូមជម្រាបថា វត្តពិជ័យរង្សី ដែលមានទីតាំងស្ថិតនៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាទីតាំងរក្សាទូក ង មានល្បឿនលឿន មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ឈ្មោះថា«សារាយតេជោសែនជ័យ»។ ទូក ង នេះ ត្រូវបានផលិតឡើងពីដើមឈើគគីររមៀត ដែលជាប្រភេទឈើកម្រមួយ ហើយដែលមានគុណភាពល្អខ្លាំងក្នុងការធ្វើទូកឱ្យមានភាពជាប់ធន់ និងគុណភាពយូអង្វែង។ ក្រៅពីនេះ ក៏មានទូក ង ជាច្រើនទៀតកំពុងជួសជុលសម្រាប់ត្រៀមប្រណាំង នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែខាងមុខនេះ៕


Tag:
 ThmeyThmey25
  អុំទូក
  វត្តពិជ័យរង្សី
  ប៊ុត ពិសិដ្ឋ
  ត្រណម
© រក្សាសិទ្ធិដោយ thmeythmey.com