អន្តរជាតិ
ថៃរំពឹងទទួលបានភ្ញៀវទេសចររុស្ស៊ី ១,៦លាននាក់ នៅក្នុងឆ្នាំ២០២៤
26, Nov 2023 , 8:20 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អាជ្ញាធរទេសចរណ៍ថៃ បានបង្ហាញក្តីសង្ឃឹមថា ភ្ញៀវទេសចររុស្ស៊ីរហូតដល់ ១,៦លាននាក់ នឹងធ្វើដំណើរទៅថៃ នៅក្នុងឆ្នាំ២០២៤។ លោក Siripakorn Cheawsamoot អភិបាលរងផ្នែកទីផ្សារអន្តរជាតិសម្រាប់តំបន់អឺរ៉ុប អាហ្វិ្រក, មជ្ឈិមបូព៌ា និងអាម៉េរិក នៃអាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់បែបនេះ។

 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានTass ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា លោក Siripakorn Cheawsamoot អភិបាលរងផ្នែកទីផ្សារអន្តរជាតិសម្រាប់តំបន់អឺរ៉ុប អាហ្វិ្រក, មជ្ឈិមបូព៌ា និងអាម៉េរិក នៃអាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ថា គិតមកទល់ពេលនេះ នៅក្នុងឆ្នាំ២០២៣ អ្នកដំណើររុស្ស៊ី បានធ្វើដំណើរទៅដល់ថៃ លើសពី ១,២លាននាក់ហើយ។ 
 
ត្រង់ចំណុចនេះ មន្រ្តីអាជ្ញាធរទេសចរណ៍ បានប៉ាន់ប្រមាណថា រហូតដល់ដំណាច់ឆ្នាំ ថៃអាចទទួលបានភ្ញៀវទេសចររុស្ស៊ីចន្លោះពី ១,៣លាននាក់ ទៅ ១,៤លាននាក់។ 
 
«យើងរំពឹងពីការកើនឡើងនៃចំនួនភ្ញៀវទេសចររុស្ស៊ីធ្វើដំណើរទៅថៃនៅឆ្នាំក្រោយ ដល់ចំនួនពី ១,៥លាននាក់ ដល់ ១,៦លាននាក់»។ លោក Siripakorn បានបញ្ជាក់បែបនេះ ដោយបន្តយល់ឃើញថា ចំនួននេះ ក៏វាអាស្រ័យលើស្ថានភាពពិភពលោក និងស្ថិរភាពសេដ្ឋកិច្ចរបស់រុស្ស៊ីផងដែរ។ 
 
ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកាមក ថៃបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី ដោយអាចស្នាក់នៅថៃ បានរហូតដល់ ៩០ថ្ងៃ។ 
 
កន្លងមក ថៃ ក៏បានដាក់ចេញវិធានការលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាច្រើនដូចជា ចិន កាហ្សាក់ស្ថាន ឥណ្ឌា និងតំបន់ជាច្រើនទៀត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកប្រទេសខ្លួន និងទាញចំណូលឱ្យបានច្រើនពាន់លានដុល្លារ។ ថៃបានកំណត់ទាក់ទាញភ្ញៀវទេសចរឱ្យបាន ២៨លាននាក់ នៅក្នុងឆ្នាំ២០២៣៕ 

Tag:
 (ថៃ
  រុស្ស៊ី
  ទេសចរណ៍)
© រក្សាសិទ្ធិដោយ thmeythmey.com