RFI
សុខភាព
អន្តរជាតិ
អាហារបំប៉ន​ជា​ផលិតផល​ចាំបាច់​សម្រាប់ពង្រឹង​សុខភាពឬ?
26, Nov 2023 , 9:40 pm        
រូបភាព
អាហារបំប៉នជាផលិតផលចាំបាច់សម្រាប់សុខភាពឬទេ។ Fondation Chirac
អាហារបំប៉នជាផលិតផលចាំបាច់សម្រាប់សុខភាពឬទេ។ Fondation Chirac
ដោយ៖ អៀង សុខម៉ិញ/RFI
 
ស្បែកភ្លឺ​ថ្លា សក់លោង លើក​កម្លាំង ក្រពះ​កិន​ស្រួល ... នេះ​ជា​ប្រសិទ្ធភាព​នៃ​ផលិតផល​អាហារ​បំប៉ន​​ដែល​គេ​បាន​ឃោសនា​ និង​សន្យា​។ ប៉ុន្តែ​តើ​អាហារ​បំប៉ន​ជា​អ្វី ? អាហារ​បំប៉ន​​មាន​ហានិភ័យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា? តើ​គួរទទួល​​អាហារបំប៉ន​បែបណា និង​នៅពេល​ណា?



ស្បែក​អាប់​ សក់ស្ងួត​​ជ្រុះគ្មាន​ពន្លឺ​​ ក្រចក​បាក់​ អស់​កម្លាំង ពិបាក​ដំណេក គេង​មិន​លក់ ឆេវឆាវ ក្រពះ​មិន​សូវ​រំលាយ​អាហារ ធាត់​ ... គេ​​គួរ​តែប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈ​មិន​ល្អ​ទាំងអស់​នេះ ហើយ​បើ​អាច​ត្រូវ​តែកម្ចាត់​វា​​​ចេញ​តែ​ម្តង ដោយ​វិធី​ផ្សេងៗ​ ដូច​ជា​ វិធី​កម្ចាត់​ជាតិ​ពុល វិធី​បញ្ចុះ​ទម្ងន់ វិធី​ភ្ញោច​ប្រព័ន្ធ​ការពារ​ខ្លួន វិធី​បង្កើន​ភាព​មាំមួន សម្រាល​អារម្មណ៍​ រក្សា​សម្រស់​ឱ្យ​នៅក្មេង​ជាង​វ័យ ...  បញ្ហា​ទាំងនេះ​ហាក់​ដូច​ជា​គ្មាន​ចែង​ចេញ​ពី​ក្បួន​វេជ្ជសាស្ត្រ​ទេ។ ឯ​ដំណោះស្រាយ​វិញ ក៏ហាក់​​គ្មានលក្ខណៈ​បែប​វិទ្យាសាស្ត្រ​ឱសថសាស្ត្រ​ដែរ និង​មិន​ចាំបាច់​ចាំ​ទៅ​រក​ទិញ​នៅ​តាម​ឱសថស្ថាន​ឡើយ​ តែ​នេះ​ជា​បញ្ហា​សុខភាព​ពិតៗ។ ហេតុ​អ្វី​មិន​ទៅ​ពិគ្រោះ​យោបល់​ និងសុំ​ការព្យាបាល​ពីគ្រូពេទ្យ​ជំនាញ បែរ​ជា​គិត​ដោយ​ងាយៗ​ត្រឹម​ទៅ​រក​ផលិតផល​បំប៉ន​​ទៅវិញ?!



 
នៅ​ប្រទេស​បារាំង​ក៏​ដូច​ជា​នៅក្នុង​ប្រទេស​កម្ពុជា ផលិតផល​អាហារ​បំប៉ន​ កំពុង​ពេញ​និយម​កាន់​តែ​ខ្លាំង​ឡើងៗ​។ ដើម្បី​បញ្ចុះ​ទម្ងន់ ដើម្បី​កាត់​ស្ត្រេស ដើម្បី​ភាព​រឹង​មាំ​នៃសរីរាង្គកាយ​ ឬ​ដើម្បី​បង្កើន​សមត្ថភាព​កីឡា​ទេ ពលរដ្ឋ​ទូទៅ​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​ស្វែងរក​ទិញ​ផលិតផល​​​អាហារ​បំប៉ន​ដែលមាន​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារកាន់​តែ​ច្រើន​ឡើងៗ ក្នុង​គ្រប់​ទម្រង់។ មិន​ដូច​ការ​គិត​ អាហារ​បំប៉ន​​មិន​មែន​ជា​ផលិតផល​គ្មាន​ហានិភ័យ​ទេ ក្នុង​ករណី​ខ្លះ​អ្នក​ទទួល​ទាន​ផលិតផល​អាហារ​បំប៉ន​អាច​ប្រឈម​នឹង​គ្រោះ​ដល់​សុខភាព។
 
តើ​ផលិតផល​អាហារ​បំប៉ន​ជាអ្វី?
តាម​និយមន័យ ផលិតផល​អាហារ​បំប៉ន​ ជា​កំហាប់​សារធាតុ​ចិញ្ចឹម រុក្ខជាតិ ឬ​សារធាតុ​ផ្សេងៗ​ទៀត​ ដែល​ផ្សំ​ឡើងសម្រាប់​បំពេញ​បន្ថែម​ពី​លើ​របប​អាហារ​ធម្មតា​ប្រចាំ​ថ្ងៃ​ និងដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភផង និង​ផ្នែក​សរីរវិទ្យាផង​ឬ​ទាំងពីរ​រួមគ្នា​តែ​ម្តង​ផង។
 
មាន​​ទម្រង់​​ជា​ ថ្នាំ​គ្រាប់សម្រាប់​លេប គ្រាប់​​បៀម ថ្នាំ​ម្សៅ ថ្នាំ​ទឹក​(អំពូល) ថ្នាំ​បណ្តក់ ...ផលិតផល​អាហារ​បំប៉ន​មាន​ច្រើន​យ៉ាង​ ខ្លះជា​បណ្តុំ​​រុក្ខជាតិ​ ខ្លះ​វីតាមីន និង​ខ្លះ​ជាតិ​រ៉ែ​ ឬ​ខ្លះ​ ​ជា​កំហាប់​សារធាតុ​ចិញ្ចឹម មេឡាតូនីន ឬ​គ្លុយកូសាមីន... រួចអាច​​មាន​​បន្ថែម​ក្លិន បន្ថែម​រសជាតិ​ទៀត​ ប៉ុន្តែ​នៅក្នុង​សមាសធាតុ​ផ្សំ​​គ្មាន​សោះ​សារធាតុ​សកម្មប្រើ​ក្នុងការ​ផលិត​ឱសថ។
 
កម្មវត្ថុ​ចម្បង​នៃ​អាហារបំប៉ន គឺ​​ជា​​ផលិតផល​ដែល​ចូល​រួម​ចំណែក​ជួយ​បង្កើន​កំរិត​សារធាតុ​ចិញ្ចឹម​ដល់​សរីរាង្គ​ឱ្យ​ប្រសើរ​ឡើង និង​ជួយ​សម្រក​ទម្ងន់ ទប់​ស្កាត់​ភាព​ត្រជាក់ ជួយខាង​​រំលាយ​អាហារ​ ជួយ​បំប៉ន​សុខភាព​​សក់​ក្បាល​ ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ទុក្ខ​ពេល​ពរពោះ​ឬ​ពេល​ស្ត្រី​ដល់​ពេល​អស់​រដូវ ។ល។ និង​។ល។
 
ប៉ុន្តែ​ផលិតផល​អាហារ​បំប៉ន​មិនមែន​ជា​ថ្នាំ (ឱសថ)ទេ​ និង​គ្មាន​សកម្មភាព​-ប្រសិទ្ធភាព​ផ្នែកការពារ​-​​ព្យាបាល​ជំងឺ​ឡើយ ហើយ​មិន​ត្រូវយក​អាហារ​បំប៉ន​ជំនួសការ​ព្យាបាល​ណាមួយ​ទេ។
 
ខុស​ពី​ឱសថ ផលិតផល​អាហារបំប៉ន​អាច​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ដោយ​មិន​ចាំបាច់​រង់​ចាំ​ទទួល​ការ​អនុញ្ញាត​ពី​ភ្នាក់ងារ​សុវត្ថិភាព​ឱសថជាតិ​ទេ តែត្រូវ​ប្រកាស​ជូន​ដំណឹង​ទៅ​ភ្នាក់ងារ​ទទួល​បន្ទុក​គ្រប់គ្រង​​គ្រឿង​ឧបភោគ​បរិភោគដែល​មាន​ភារៈ​ត្រួត​ពិនិត្យនិង​វិភាគ​​មើល​សមាសធាតុ​ផ្សំ​នៃ​ផលិតផល ដូច​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត​ដែរ។ អឺរ៉ុប​និងប្រទេស​ជា​​សមាជិក​សហភាព​អឺរ៉ុប មាន​ចំណាត់ការ​ច្រើន និង​វិធានច្បាប់​ច្បាស់លាស់ កំណត់​អំពី​គ្រឿង​ផ្សំ​ដែល​ត្រូវ​ប្រើ​ក្នុង​ផលិតផល​អាហារ​បំប៉ន​ ព្រម​ទាំង​កំរិត​បរិមាណ​(ដូស)​វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ត្រូវ​ប្រើ​ក្នុង​មួយ​ថ្ងៃៗ​ផង។
 
នៅ​ប្រទេស​បារាំង​ ផលិតផល​អាហារបំប៉ន​មាន​​ដាក់​លក់​ជា​ចម្បង​តែ​តាម​ឱសថស្ថាន​​ប៉ុណ្ណោះ ប៉ុន្តែ​តាំងពី​ឆ្នាំ​២០១៥​មក ការ​លក់​ផលិតផល​អាហារ​បំប៉ន​សម្រាប់​មនុស្ស​ធំ បាន​រីក​ដុះ​ដាល​យ៉ាង​លឿន​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ ហើយ​ដែលផលិតផល​​ខ្លះ​គ្មាន​ប្រភព​ច្បាស់​លាស់​ និង​មិន​គោរព​តាម​បទ​ដ្ឋាន​សុវត្ថិភាព​ជាធរមាន​ទេ។
 
តើ​យើង​ចាំបាច់​ត្រូវតែ​​ប្រើ​ផលិតផល​អាហារ​បំប៉ន​ឬ?
បច្ចុប្បន្ន ឱនភាព​នៃ​សារធាតុ​ចិញ្ចឹម​និង​កង្វះ​សារធាតុ​ចិញ្ចឹម​ជា​ករណី​កម្រ​ណាស់​ ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ទូទៅ​។ ប៉ុន្តែ​កង្វះ​អាហារូបត្ថម្ភ​ និង​សារធាតុ​ចិញ្ចឹម​ អាច​កើត​មានជា​ពិសេស​ចំពោះ​តែ​ក្រុម​​ពលរដ្ឋដែល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ខ្លាំង ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​មនុស្ស​ចាស់ជរា។ ​របប​អាហារ​ខ្លះ​អាច​នាំ​ឱ្យ​​ចុះ​ថយ​​ឬ​លុបសារធាតុ​ចិញ្ចឹម​ខ្លះ​តែ​ម្តង មាន​ជា​អាទិ៍​របប​អាហារហូប​តែ​បន្លែផ្លែឈើ​​សុទ្ធ​vegetalien។ ការ​មិន​ទទួលទាន​ជាតិ​សាច់​សោះ​ អាច​នាំ​ឱ្យ​ខ្វះ​វីតាមីន​B12ដែល​មាន​តែ​នៅក្នុងម្ហូប​​អាហារមាន​ជាតិ​សាច់​សត្វ។
 
​បើ​យោល​ទៅ​លើ​និយមន័យ ការ​ស្វែង​រក​ផលិតផល​អាហារ​បំប៉ន​មក​ប្រើប្រាស់​ ដែល​ត្រឹម​ត្រូវ​និ​ងសមហេតុផល គឺ​នៅ​ពេលណា​​សេចក្តីត្រូវ​ការ​ផ្នែក​សារធាតុ​ចិញ្ចឹម​របស់​សរីរាង្គ​មិន​អាច​បំពេញ​បានតាម​រយៈ​​ការ​ទទួល​ទាន​ចំណី​អាហារ​ប្រចាំ​ថ្ងៃ។
 
ក្នុង​ន័យ​នេះ គេ​ត្រូវ​វែក​រក​​ជា​បឋម​ថា​តើ​សេចក្តី​ត្រូវ​ការ​ណា​ដែល​អាច​បំពេញ​បាន។ ក្នុង​ករណីភាគ​ច្រើន គេអាច​កំណត់​បាន​យ៉ាង​ងាយ​ថា​ជន​នោះ​មាន​របប​អាហារ​គ្មាន​លំនឹង។ ឧទាហរណ៍ អ្នក​មិនដែល​ទទួល​ទាន​បន្លែ​ផ្លែឈើ​ និង​គ្រឿង​សមុទ្ទ​សោះ ច្បាស់​ជា​គ្មាន​លំនឹង​របប​អាហារ​ និង​មិន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គ​កាយ​បាន​ទេ។ អ្នក​ខ្លះទៀត ​របប​អាហារ​គ្មាន​លំនឹង​ដោយហេតុ​តែ​ជំងឺ ឬ​ដោយហេតុ​អាល់ឡែកហ្ស៊ី ឬ​តំណម ... ក្នុង​ករណី​នេះ ដើម្បីផ្តល់​លំនឹងដល់​​របប​អាហារ ចាំបាច់​ត្រូវ​​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​​ផ្នែក​អាហារ​រូបត្ថម្ភ​។ ហើយ​បើ​នៅ​តែ​គ្មាន​លទ្ធភាព​​តម្រែ​តម្រង់​របប​អាហារ​ឱ្យ​មាន​លំនឹង​តាម​រយៈ​ការ​ទទួល​ទាន​ជា​ធម្មតា​ទេ ទើប​គួរ​ស្វែង​រក​ផលិតផល​អាហារ​បំប៉ន​មក​ប្រើប្រាស់​។ ផលិតផល​អាហារ​បំប៉ន​ក្លាយ​ជា​អាហារ​ចាំបាច់​ ជួយ​សម្រួល​ការ​ព្យាបាល​វេជ្ជសាស្ត្រ។
 
ជា​ទូទៅ​សរីរាង្គកាយត្រូវ​ប្រឈម​នឹង​គ្រោះ​មាន​សារធាតុ​ចិញ្ចឹមមិន​គ្រប់​គ្រាន់​ ប្រសិន​យើង​មិន​បរិភោគអាហារ​ចម្រុះ​​ឱ្យ​បាន​គ្រប់​មុខ បន្លែផ្លែឈើ​​ត្រី​សាច់​ទេ។ ប៉ុន្តែ​ជា​ញឹក​ញយ គេ​សង្កេត​ឃើញ​មាន​ការ​ប្រើប្រាស់​ផលិតផលអាហារបំប៉ន​​បញ្ច្រាស​ទិស​ទៅ​វិញ។ អ្នកប្រើប្រាស់​ ច្រើន​តែ​លង់​ជឿ​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​​របស់​អ្នក​លក់ថា​​ផលិត​ផលអាហារ​បំប៉ន​នេះ ឬ​នោះ​នាំ​ឱ្យ​មាន​សុខភាព​ល្អ​ប្រសើរ​ មាន​អានុភាព​ជាង​មុន ឬ​នាំ​មក​នូវ​សុខុមាលភាព​ សុខចិត្ត​ទៅ​ទទួល​ទានផលិតផល​អាហារ​បំប៉ន ដែល​មាន​សារធាតុ​ផ្សំ​បំប្លែង​ឆ្ងាយ​ពី​ចំណីអាហារ​ធម្មតា​ប្រចាំថ្ងៃ។
 
ផលិតផល​អាហារ​បំប៉ន​មាន​ហានិភ័យ​សុខភាព​យ៉ាងណា?
ដូច្នេះ​ ការ​ទទួល​ទាន​ផលិតផល​អាហារ​បំប៉ន ប្រាកដ​ជា​អាច​នាំ​ហានិភ័យ​ ប៉ះពាល់​​ដល់​សុខភាព​ជា​យថាហេតុ​ណាមួយ​ ជា​ពិសេស​ប្រសិនបើ​អាហារ​បំប៉ននោះ​មាន​ធាតុ​ផ្សំ​ជា​បង្គុំ​វីតាមីន និង​រ៉ែ។ នៅពេល​យកផលិតផល​បំប៉ន មក​ធ្វើ​ជា​អាហារ​ប្រចាំ​ថ្ងៃ នោះ​វា​ងាយ​នឹង​បង្ក​ឱ្យ​មាន​ហានិភ័យ​ញ៉ាំ​ហួស​កំរិត​សុវត្ថិភាព​សុខភាព​ណាស់។
 
​​មុន​នឹង​សម្រេចចិត្ត​ប្រើ​ផលិតផល​អាហារបំប៉ន គួ​រតែ​ចោទ​សួរ​ខ្លួន​ឯង​ជា​មុន​សិនថា “តើអ្នក​ពិត​ជា​ត្រូវ​ការ​​អាហារបំប៉នមែនឬ?”។ តាម​រយៈ​ការ​ផ្តល់​ចម្លើយ អ្នក​នឹង​​ពិចារណា​​ឃើញ​អំពី​មូលហេតុ​ដែលជំរុញ​ឱ្យ​អ្នក​ចង់​ប្រើ​ផលិតផល​អាហារ​បំប៉ន​ហើយ៖ មក​ពី​គ្មាន​របប​អាហារ ត្រឹមត្រូវ ឬ​មក​ពី​គ្មាន​អនាម័យ​ក្នុង​ការរស់​នៅ​? ជា​ឧទាហរណ៍ អាការៈនឿយហត់​អស់​កម្លាំង អាច​បណ្តាលមក​ពីមូលហេតុ​ច្រើន ៖ ធ្វើការ​ហួស​កម្លាំង គេង​មិន​គ្រប់ គេង​មិន​លក់ បាក់ទឹក​ចិត្ត​ មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត លេប​ថ្នាំ​រំងាប់​អារម្មណ៍ ... ឬ​ក៏មកពី​ទទួល​ទានអាហារ​មិន​ត្រឹម​ត្រូវ។

មុននឹង​​ហក់​ទៅ​ទិញ​ផលិត​ផល​អាហារ​បំប៉ន​មក​ប្រើ ​សូម​ចោទ​សួរ​អំពីបរិបទ​នៃ​អាការៈ​នឿយហត់​ទាំង​អស់​នេះ​សិន។ បន្ទាប់​មក​ការ​​ស្វែង​រក​ដំណោះស្រាយ​ដ៏​ប្រសើរ​​និង​លឿន​បំផុត​ គឺ​ការ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សូម​អញ្ជើញ​ទៅ​សួរ​យោបល់​អ្នក​ជំនាញ​ជា​មុន​សិន​ កុំ​ព្យាបាល​ដោយ​ខ្លួន​ឯង ដែល​អាច​ធ្វើ​ឱ្យ​ខាត និង​ហួស​​ពេល​វេលា​ ប្រសិន​បើ​អ្នកមាន​ជំងឺ​កាច​លាក់​ក្នុង​ខ្លួន។
 
ម្យ៉ាង​វិញ​ទៀត មុន​នឹង​សម្រេច​ប្រើ​ផលិតផល​អាហារ​បំប៉ន​ណាមួយ​ សូម​ពិចារណា​អំពី​គុណភាព ប្រភព​នៃ​ផលិតផល​នោះ​ថា​ពិត​ជាអាច​ទុក​ចិត្ត​បាន​កំរិត​ណា។ បើ​ចង់និង​ទុក​ចិត្ត​ហើយ សូម​​សាកល្បង​ប្រើក្នុង​រយៈ​ពេល​ខ្លី​ កុំ​ប្រើ​ផលិតផល​ដដែល​យូរ​ពេក និង​ច្រើន​មុខ​ចូល​គ្នា។ គោរព​លក្ខខណ្ឌ​និង​ដូស​ដែល​ត្រូវ​ប្រើ​។ សូម​​ប្រយ័ត្ន ​នៅ​ពេល​ប្រើ​ផលិតផល​ដែល​គេ​អួត​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សូម​ជ្រើសរើស​ប្រើ​តែ​ផលិតផលណា​ដែល​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ គួរ​ឱ្យ​ទុក​ចិត្ត។ ផលិតផល​អាហារ​បំប៉ន​លក់​តាម​បណ្តាញ​អ៊ីនធ័រនែត​អាច​មាន​ផ្ទុក​សារធាតុ​ហាម​ឃាត់​ដោយ​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ស្រុក​៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com