ជាតិ
ឯកអគ្គរដ្ឋទូតអឺរ៉ុប៖«ខ្ញុំចង់ឱ្យកម្ពុជាចាត់ទុកខ្ញុំជាបុគ្គលម្នាក់ដែលមានចេតនាល្អបំផុតជាមួយកម្ពុជា»
26, Nov 2023 , 10:20 pm        
រូបភាព
ដោយ៖​ តេង យ៉ាលីរ៉ូហ្ស៊ី 
 
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា លោក  Igor Driesmans ចង់ឱ្យប្រជាជនកម្ពុជាចាត់ទុកលោកជាបុគ្គលមួយរូបដែលមានបំណងល្អ និងចង់ពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបឱ្យកាន់តែស្អិតល្មួត។ ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Cambodianess ឯកអគ្គរដ្ឋទូតសម្លឹងឃើញពីសក្តានុពលនៃការសហការជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការអភិវឌ្ឍវិស័យផ្សេង ក៏ដូចជាលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។

 
លោក Igor Driesmans បានមកដល់កម្ពុជា និងចូលកាន់តំណែងដប់ថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេច ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំ ត្រូវបានបោះឆ្នោតទុកចិត្តពីរដ្ឋសភា និងចាប់ផ្ដើមកិច្ចការសម្រាប់អាណត្តិថ្មី។ លោកឯកអគ្គរដ្ឋទូត មិនទាន់បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីគ្រប់រូបដើម្បីសិក្សាពីចក្ខុវិស័យ និងឱកាសសម្រាប់ការអភិវឌ្ឍនៅឡើយទេ ប៉ុន្តែរូបលោកសង្ឃឹមថា លោកនឹងអាចស្វែងរកផលប្រយោជន៍រួមជាមួយកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហានៅកម្ពុជា ក៏ដូចជានៅលើពិភពលោក។
 
«ខ្ញុំមិនទាន់អាចផ្ដល់ចម្លើយដែលល្អឥតខ្ចោះនៅឡើយទេ តែខ្ញុំនឹងអាចនិយាយបានច្រើនជាងនេះ ពេលដែលខ្ញុំបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តី និងដៃគូពាក់ព័ន្ធនានា។ ខ្ញុំគិតថា រាជរដ្ឋាភិបាលមានអាទិភាពផ្សេងៗជាច្រើន ដែលស្របជាមួយនឹងអាទិភាពរបស់ខ្ញុំដែរ។» លោក Igor Driesmans បានលើកឡើងយ៉ាងដូច្នេះ។
 
លោក​បាន​គូស​បញ្ជាក់​ថា សហភាព​អឺរ៉ុប និង​កម្ពុជា​មាន​ភាព​ជា​ដៃគូ​​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន។ សម្រាប់អាណត្តិនេះ លោកមានបំណងផ្តោតទៅលើការអភិវឌ្ឍបៃតង កិច្ចសហប្រតិការពាណិជ្ជកម្ម និងការកសាងសមត្ថភាពសម្រាប់យុវជនកម្ពុជា។
 
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដែលគួរឱ្យព្រួយបារម្ភសម្រាប់អឺរ៉ុប អាស៊ីអាគ្នេយ៍ និងពិភពលោក។ ក្នុងប្រទេសកំណើតរបស់ខ្ញុំ គឺប៊ែលហ្សិក យើងឃើញទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលខ្ញុំមិនធ្លាប់បានឃើញឡើងក្នុងជីវិតរបស់ខ្ញុំ។ សហភាពអឺរ៉ុបបានព្យាយាមបង្កើតផែនការមួយ ដែលយើងហៅថាកិច្ចព្រមព្រៀងបៃតងអឺរ៉ុបដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយយើងបានព្យាយាមកាត់បន្ថយការបំភាយឧស្ម័ន CO2 ឱ្យដល់កម្រិតក្រោម ៧ភាគរយ នៃការបំភាយឧស្ម័ន CO2 សរុបនៅលើពិភពលោក។»
 
លោកបានបង្ហាញពីឆន្ទៈរបស់សហភាពអឺរ៉ុបក្នុងការស្វែងរកដៃគូជាមួយប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាគឺជាដៃគូដ៏សាកសម ដោយសារកម្ពុជាចាប់ផ្ដើមពើបប្រទះនឹងបញ្ហាសកលលោក និងបានបង្ហាញពីការត្រៀមខ្លួនក្នុងការរូបចំណែកដោះស្រាយបញ្ហាមួយនេះ។
 
សម្រាប់វិស័យពាណិជ្ជកម្មវិញ សហភាពអឺរ៉ុបជាគោលដៅធំទីពីរសម្រាប់ការនាំចេញរបស់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ជួយកម្ពុជាត្រៀមខ្លួនឱ្យបានពេញលេញ សម្រាប់ដំណើរឆ្ពោះទៅកាន់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍទាប។
 
ចំពោះវិស័យអប់រំវិញ លោក Driesmans​ បានចង្អុលបង្ហាញថា ៦៥ភាគរយនៃប្រជាជនកម្ពុជាមានវ័យក្រោម៣០ឆ្នាំ ដែលស្ថានភាពនេះផ្ទុយពីស្ថានភាពនៅសហភាពអឺរ៉ុ​​ប។
 
«ហេតុនេះហើយ យើងមើលឃើញពីសក្តានុពលនៃការរីកចម្រើននៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ដែលអាចក្លាយទៅជាដៃគូដ៏ខ្លាំងក្លាជាមួយពួកយើង។ខ្ញុំពិតជារីករាយដែលបានស្តាប់ប្រសាសន៍របស់នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត លើការទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុបមកកាន់កម្ពុជា។ ខ្ញុំគិតថា វិនិយោគិនមកពីអឺរ៉ុប នឹងមើលឃើញពីការកែទម្រង់ដែលចាំបាច់នានានៅក្នុងប្រទេសសម្រាប់ទាក់ទាញការវិនិយោគ»។ លោកឯកអគ្គរដ្ឋទូតបានលើកឡើង។
 
​ការលើកកម្ពស់លទ្ធិប្រជាធិតេយ្យជាការងារដែលស្ថិតនៅក្នុងឈាមរបស់ពួកយើង​
 
លោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់ថា  លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងនីតិរដ្ឋ គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ប្រទេសនីមួយៗ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃ និងផលប្រយោជន៍របស់ជាតិ។
 
លោក​បាន​មាន​ប្រសាសន៍​ថា៖ «ហេតុ​ដូច្នេះ​ហើយ វា​ជា​អ្វី​ដែល​យើងតែងតែ​ពិភាក្សា​ជាមួយ​ប្រទេស​ទី​បី ហើយ​កម្ពុជា​ក៏​មិន​មាន​ករណី​លើកលែង​ដែរ​។ ​វាជា​ផ្នែកមួយ​នៃ DNA របស់​យើង។» 
 
សហភាពអឺរ៉ុបមានគម្រោងមួយចំនួនជាមួយរដ្ឋាភិបាលកម្ពុជា ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាបាននូវតម្លាភាពគ្រប់គ្រាន់ក្នុងលទ្ធកម្មគណនេយ្យ។ «​ប៉ុន្តែពួកយើង​ក៏​ធ្វើ​ការ​ជាមួយ​សង្គម​ស៊ីវិលផងដែរ ​ព្រោះ​យើង​គិត​ថា​ភាពសកម្មនៃសង្គម​ស៊ីវិល​គឺ​ល្អ​សម្រាប់​ប្រទេស​ណា​មួយ។» លោកឯកអគ្គរដ្ឋទូតបានលើកឡើង។
 
នៅពេលសួរថា តើគម្រោងណាខ្លះដែលសហភាពអឺរ៉ុបមានមោទកភាពនោះ លោក Driesmans បានបង្ហាញពីជំនួយអំឡុងពេលជំងឺឆ្លងកូវីដ-១៩   ស្ថានីយទឹកស្អាតដែល​បានជួយឱ្យទីក្រុងភ្នំពេញ និងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការអប់រំបច្ចេកទេសដល់យុវជន និងអ្នកជំនាញវ័យក្មេងនៅកម្ពុជា។
 
«អ្វី​ដែល​មិន​សូវ​មាន​គេ​ដឹង​នោះ ​គឺ​ពេល​ដែល​ជំងឺ​កូវីដ​-១៩ បាន​ប៉ះ​ពាល់កម្ពុជាជាខ្លាំង ហើយយើង​បាន​នៅក្បែរប្រជាជន​កម្ពុជាជានិច្ច។ ពួកយើងបានផ្ដល់ជំនួយវ៉ាក់សាំង និងការគាំទ្រសង្គម ដែលជួយទ្រទ្រង់ប្រជាជនដែលប៉ះពាល់ខ្លាំង។ ធ្វើដូច្នេះពួកគេនៅតែអាចធ្វើការចំណាយប្រចាំខែបាន។» លោកបានអះអាងយ៉ាងដូច្នេះ។
 
បន្ថែមពីនេះ ស្ថានីយទឹកស្អាតបាក់ខែង ដែលនឹងផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋចំនួន ៧០០,០០០  នាក់ កំពុងស្ថិតក្នុងដំណាក់កាលទីពីរនៃការអនុវត្ត។ ស្ថានីយនេះត្រូវបានសាងសង់ក្រោមជំនួយឥតសំណងចំនួន ១២.៧ លានអឺរ៉ូ (ប្រហែល ១៣ លានដុល្លារ) ពីសហភាពអឺរ៉ុប។ ស្ថានីយនេះអាចផ្ដល់ទឹកស្អាតសម្រាប់ផ្ទះចំនួនប្រមាណ ៨៦, ០០០​ខ្នងនៅតំបន់ខ្វះខាតមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលអាចកាត់បន្ថយជំងឺដែលបង្កដោយការប្រើប្រាស់ទឹកមិនស្អាតបានរហូតដល់ ២៦ភាគរយ។
 
 នៅពេលសួរថាតើរូបលោកចង់ឱ្យប្រជាជនកម្ពុជាចងចាំលោកបែបណា  លោក Driesmans បាននិយាយថា៖ «គ្រាន់តែជាបុគ្គលម្នាក់ដែលមានចេតនាល្អបំផុតជាមួយប្រទេសកម្ពុជា ហើយដែលចង់ធ្វើឱ្យទំនាក់ទំនងកម្ពុជាជាមួយសហភាពអឺរ៉ុបកាន់តែស្អិតល្មួត។»៕

© រក្សាសិទ្ធិដោយ thmeythmey.com