ជាតិ
អង្គការ អេដ អេ អាកស្យុង ​ប្រារព្ធខួប២០ឆ្នាំ ជាមួយ​ការប្តេជ្ញាផ្តល់ការអប់រំមានគុណភាពដល់កុមារកម្ពុជា​
26, Nov 2023 , 5:30 pm        
រូបភាព
 លោក Gilles Delecourt នាយកប្រតិបត្តិនៃអង្គការ អេដ អេអាកស្យុង អន្តរជាតិ(ឆ្វេង) និងលោក វ៉ន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុងកម្ពុជា(ស្តាំ) ក្នុងពិធីប្រារព្ធខួប២០ឆ្នាំ កាលពីថ្ងៃទី២៤ វិច្ឆិកា។
លោក Gilles Delecourt នាយកប្រតិបត្តិនៃអង្គការ អេដ អេអាកស្យុង អន្តរជាតិ(ឆ្វេង) និងលោក វ៉ន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុងកម្ពុជា(ស្តាំ) ក្នុងពិធីប្រារព្ធខួប២០ឆ្នាំ កាលពីថ្ងៃទី២៤ វិច្ឆិកា។
ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង ដែលជាស្ថាប័នផ្តោតលើវិស័យអប់រំ បានប្រារព្ធខួប២០ឆ្នាំ​នៃការដំណើរការនៅកម្ពុជា​ជាមួយនឹងការបង្ហាញសមិទ្ធផលក្នុងវិស័យអប់រំជាច្រើនរបស់ខ្លួន។ ក្នុងរយៈពេល២ ទសវត្សរ៍មកនេះ អង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយអង្គការនៅកម្ពុជា បាន និងកំពុងពុះពារប្តេជ្ញាក្នុងសកម្មភាពលើកកម្ពស់វិស័យអប់រំ និងការធានាឱ្យបាននូវគុណភាពអប់រំ ក្នុងកម្រិតបឋមសម្រាប់សហគមន៍ និងកុមារដែលជួបការលំបាកនៅកម្ពុជា។

 
 
 ចាប់តាំងពីដំណើរនៅកម្ពុជា តាំងពីឆ្នាំ២០០៣មក អង្គការ អេដ អេ អាកស្យុង បានបន្តពង្រីកវិសាលភាពរបស់ខ្លួនលើវិស័យអប់រំ តាមរយៈការសាងសង់អគារសិក្សាថ្មីចំនួន ៣០បន្ទប់ កែលម្អឡើងវិញថ្នាក់រៀន​រាប់ពាន់បន្ទប់ និងផ្តល់សម្ភារសិក្សា​ អាហារូបករណ៍រាប់លាន ដល់កុមារបាត់បង់ឱកាសសិក្សា ឱ្យបន្តការងាររបស់ពួកគេតទៅមុខទៀត។ លើសពីនេះ ការគាំទ្ររបស់ អង្គការ អេដ អេ អាកស្យុង សម្រាប់ការអភិវឌ្ឍធនធានមនុស្ស គឺជាឧបករណ៍ជំនួយមួយ​ ក្នុងការពង្រឹងដល់​អ្នក​អប់រំ ដោយផ្តល់ឱ្យពួកគេនូវជំនាញ និងចំណេះដឹង​ចាំបាច់ ដើម្បីការអភិវឌ្ឍ។
 

 លោក Gilles Delecourt នាយកប្រតិបត្តិនៃអង្គការ អេដ អេអាកស្យុង អន្តរជាតិ
 
នៅក្នុងឱកាសអបអរខួប២០ឆ្នាំនេះដែរ អង្គការ អេដ អេ អាកស្យុង បានរៀបចំព្រឹត្តិការណ៍បន្តបន្ទាប់ រួមទាំងពិធីប្រកាសឱ្យប្រើប្រាស់អគារចំនួន៧ បន្ទប់រៀន​ចំនួន ១១៦ ទូកទេសចរណ៍ និងសាលប្រជុំចំនួន៦ កម្មវិធីផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធចម្រោះទឹកចំនួន១២០ និងសម្ភារ បរិក្ខាអប់រំជាច្រើនម៉ឺនកញ្ចប់។
 
លោក វ៉ន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុង  មានប្រសាសន៍ក្នុងពិធីប្រារព្ធខួប២០ឆ្នាំថា ៖ «យើងមានមោទកភាព ចំពោះលទ្ធផល​ដែលយើងសម្រេចបានក្នុងរយៈពេល​២ទសវត្សរ៍មកនេះ។ វាជាកិត្តិយសណាស់​ក្នុងការ​បម្រើសហគមន៍កម្ពុជា និងចូលរួមចំណែក​ដល់ការអភិវឌ្ឍក្នុងវិស័យអប់រំនៅក្នុងប្រទេស។»។
 

 លោក វ៉ន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុង

ក្នុងពេល​ដែល​អង្គការ អេដ អេ អាកស្យុង ​​ចាប់ផ្តើមក្នុងជំពូកបន្ទាប់នៃដំណើរការរបស់ខ្លួន អង្គការនៅតែមានភាពមោះមុត ក្នុងបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់នូវការអប់រំប្រកប​ដោយគុណភាព និងបរិយាបន្នដល់កុមារកម្ពុជាទាំងអស់។ ជាមួយនឹងការគាំទ្រពីដៃគូ និងសហគមន៍របស់ខ្លួន ​អង្គការ អេដ អេ អាកស្យុង ប្តេជ្ញាបន្តឥទ្ធិពលវិជ្ជមានរបស់ខ្លួនលើជីវិតរបស់សិស្សរាប់ម៉ឺននាក់៕
 














Tag:
 អប់រំ
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com