សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើការកាត់បន្ថយផលិតកម្មប្រេងរបស់ OPEC និងសម្ព័ន្ធមិត្តប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដូចម្តេច?
28, Nov 2023 , 8:59 am        
រូបភាព
រូបភាព​ ៖ AFP
រូបភាព​ ៖ AFP
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត សម្រេចលើកពេលប្រជុំរបស់ខ្លួនជុំវិញតម្លៃប្រេងពិភពលោក បន្ទាប់សម្រេចចិត្តកាត់បន្ថយទិន្នផលរបស់ខ្លួន។ គេរំពឹងថា វានឹងធ្វើឲ្យតម្លៃប្រេងនៅទូទាំងពិភពលោកកើនឡើង ដោយសារតែក្រុមនេះមានចំណែក៤០ភាគរយនៃផលិតផលប្រេងពិភពលោក។

 
តម្លៃប្រេងបានធ្លាក់ចុះជិត១ភាគរយនៅក្នុងសន្ទស្សន៍ជួញដូរនៅថ្ងៃទី២២ ខែវិច្ឆិកា នៅពេលដែលអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) ស្រាប់តែពន្យារពេលកិច្ចប្រជុំស្តីពីផែនការកាត់បន្ថយផលិតកម្មប្រេងទៅថ្ងៃទី៣០ ខែវិច្ឆិកា ជំនួសឱ្យថ្ងៃទី២៦ ខែវិច្ឆិកាដូចដែលបានគ្រោងទុក។
 
ការ​នាំ​ចេញ​ពី​ប្រទេស​ជា​សមាជិក OPEC មាន​ចំនួន​ប្រហែល ៦០ភាគរយនៃ​ពាណិជ្ជកម្ម​ប្រេង​ពិភពលោក។ នៅឆ្នាំ២០២១ អង្គការ OPEC ប៉ាន់ប្រមាណថា ប្រទេសជាសមាជិកកាន់កាប់ជាង ៨០ភាគរយនៃទុនបម្រុងប្រេងរបស់ពិភពលោក។
 
ដោយសារតែចំណែកទីផ្សារដ៏ធំរបស់ខ្លួន ការសម្រេចចិត្តដែលធ្វើឡើងដោយអង្គការ OPEC អាចប៉ះពាល់ដល់តម្លៃប្រេងពិភពលោក។ សមាជិកនៃក្រុមនេះ តែងជួបប្រជុំជាទៀងទាត់ដើម្បីសម្រេចថាតើត្រូវលក់ប្រេងប៉ុន្មាននៅលើទីផ្សារពិភពលោក។
 
ជាលទ្ធផល នៅពេលដែលក្រុមកាត់បន្ថយការផ្គត់ផ្គង់ ហើយតម្រូវការធ្លាក់ចុះ តម្លៃប្រេងនឹងមាននិន្នាការកើនឡើង។ ផ្ទុយទៅវិញ តម្លៃប្រេងមានទំនោរធ្លាក់ចុះនៅពេលដែលក្រុមនេះសម្រេចចិត្តផ្គត់ផ្គង់ប្រេងបន្ថែមទៀតទៅកាន់ទីផ្សារ។
 
នៅឯកិច្ចប្រជុំ OPEC+ កាលពីខែមិថុនា អារ៉ាប៊ីសាអូឌីតបានប្តេជ្ញាកាត់បន្ថយការផលិតប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែកក្កដាដើម្បីទប់ស្កាត់ការផ្គត់ផ្គង់នៅឆ្នាំ ២០២៤ ខណៈដែលក្រុមនេះស្វែងរកការជំរុញតម្លៃប្រេងឡើងវិញ។ចាប់ពីពេលនោះ អារ៉ាប៊ីសាអូឌីតបានបន្តកាត់បន្ថយការស្ម័គ្រចិត្តបន្ថែមរហូតដល់ដំណាច់ឆ្នាំ២០២៣។
 
នៅថ្ងៃទី១៦ខែវិច្ឆិកា តម្លៃប្រេងបានធ្លាក់ចុះប្រហែល ៥ភាគរយ ស្របពេលមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច។ ក្រោយមក តម្លៃប្រេងបានងើបឡើងវិញបន្តិចតាមការរំពឹងទុកថា OPEC+ នឹងធ្វើសកម្មភាពដើម្បីគាំទ្រតម្លៃ។
 
ទន្ទឹមនេះ អំឡុងជម្លោះអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៧៣ សមាជិកអារ៉ាប់របស់អង្គការ OPEC បានដាក់ទណ្ឌកម្មលើអាម៉េរិកក្នុងការសងសឹកចំពោះការសម្រេចចិត្តផ្គត់ផ្គង់យោធាអ៊ីស្រាអែលឡើងវិញក៏ដូចជាប្រទេសដទៃទៀតដែលគាំទ្រអ៊ីស្រាអែល។ ការ​ដាក់​ទណ្ឌកម្ម​បាន​ហាមប្រាម​ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​ប្រទេស​ទាំង​នោះ ហើយ​បាន​ដាក់​ចេញ​វិធានការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង។
 
ពេលនោះ ការ​ហ៊ុមព័ទ្ធ​ប្រេង​បាន​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​អាម៉េរិក​​ដែល​ពឹង​ផ្អែក​ខ្លាំង​ឡើង​លើ​ប្រេង​ដែល​នាំ​ចូល។ ការឡើងថ្លៃប្រេងបានធ្វើឲ្យអ្នកប្រើប្រាស់មានការខ្វះខាតប្រេងឥន្ធនៈនៅអាម៉េរិក។ ការ​ហ៊ុមព័ទ្ធ​នេះ​ក៏​បាន​រុញច្រាន​​អាម៉េរិក និង​ប្រទេស​ដទៃ​ទៀត​ឱ្យ​ឈាន​ចូល​កម្រិត​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។
 
ចំណែកឆ្នាំ២០២០ តម្លៃប្រេងឆៅបានធ្លាក់ចុះអំឡុងពេលមានជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក។ ពេលនោះ OPEC+ បានកាត់បន្ថយផលិតកម្មប្រេងចំនួន ១០លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹងប្រហែល ១០ភាគរយនៃទិន្នផលពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រតម្លៃ។
 
ជារួមនៅពេលប្រទេស​ជាសមាជិកនៃអង្កការ OPEC និងសម្ព័ន្ធមិត្តកាត់បន្ថយការផលិតកម្មប្រេង ឬការបិទការនាំចេញ តម្លៃប្រេងនឹងចាប់ផ្តើមហក់ឡើង ដែលធ្វើឲ្យប្រទេសមួយចំនួនដែលពឹផ្អែកខ្លាំងលើការនាំចូល ប៉ះពាល់ខ្សែច្រវាក់ផលិតកម្មដែលកំពុងដំណើរការនៅក្នុងប្រទេស។ 
 
គួរបញ្ជាក់ថា សមាជិកនៃអង្គការ OPEC បច្ចុប្បន្នមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត អ៊ីរ៉ាក់ អ៊ីរ៉ង់ អាល់ហ្សេរី អង់ហ្គោឡា លីប៊ី នីហ្សេរីយ៉ា កុងហ្គោ អេក្វាទ័រ ហ្គីណេ ហ្កាបុង និងវេណេស៊ុយអេឡា។ ប្រទេសដែលមិនមែនជាអង្គការ OPEC ដែលនៅក្នុងសម្ព័ន្ធ OPEC+ រួមមាន រុស្ស៊ី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន បារ៉ែន ប្រ៊ុយណេ ម៉ាឡេស៊ី ម៉ិកស៊ិក អូម៉ង់ ស៊ូដង់ខាងត្បូង និងស៊ូដង់៕
 

Tag:
 ប្រេង
  OPEC
  សេដ្ឋកិច្ច
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com