កីឡាជាតិ
ជាតិ
បុណ្យអុំទូក
ស្ថាបនិកទូកសារាយតេជោសែនជ័យ ប្តេជ្ញាថែរក្សានិងលើកតម្កើងប្រពៃណីទូក ង ខ្មែរ
28, Nov 2023 , 9:29 am        
រូបភាព
ជាអ្នកស្នេហ៍វិស័យប្រណាំងទូក និងចង់អភិរក្សប្រពៃណីជាតិផងនោះ លោក សាន់ សុខហៀង ប្ដេជ្ញាថែរក្សា និងលើកតម្កើងទូក ង មិនឱ្យបានបង់ឡើយ។



«ពេលដែលខ្ញុំបានស្គាល់ពីប្រវត្តិសាស្ត្រ ខ្ញុំចាប់ផ្តើមស្រលាញ់ទូកកាន់តែខ្លាំង ព្រោះវាគឺជាអត្តសញ្ញាណរបស់ខ្មែរមួយដែរ។ ការធ្វើសង្គ្រាមកាលពីសម័យអង្គរ ក៏ដូចជាសម័យស្តេច កន ក៏បានយកទូកទៅធ្វើចម្បាំងផងដែរ អ៊ីចឹងបានថាប្រពៃណីវប្បធម៍មួយនេះខ្ញុំនឹងព្យាយាមលើកតំម្កើងឡើង និងថែរក្សាទាំងអស់គ្នា។»។ នេះបើតាមសម្តីរបស់លោក សាន់ សុខហៀង អ្នកកសាងទូក ង ដែលមានឈ្មោះល្បីល្បាញនាសម័យកាលបច្ចុប្បន្ន សារាយតេជោសែនជ័យ​។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ជា យូគៀង នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សាន់ សុខហៀង ដូចតទៅ៖


បុរស វ័យ ៤៧ឆ្នាំ មានដើមកំណើតនៅក្នុងឃុំពុកឬស្ស៊ី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក៏បានអះអាងបន្ថែមទៀតថា លោក ក៏ចង់ស្វែងរកអ្នកបន្តវេន ដើម្បីបន្តថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ទូក ង របស់ខ្មែរ ឱ្យបានយូអង្វែងបន្តទៀត។ លោក សុខហៀង ក៏មានបំណងចង់ផ្សព្វផ្សាយវប្បធម៍ប្រពៃណីប្រណាំងទូក ឱ្យបរទេសបានស្គាល់ច្រើនថែមទៀតផងដែរ។
  


ទូក ង សារាយតេជោសែនជ័យនេះ មានប្រវត្តិដើមចេញពីឈ្មោះ សារាយអណ្ដែត ដែលបង្កើតនៅក្នុងឆ្នាំ១៩៤៨ ក្នុងសម័យសង្គមរាស្ត្រនិយម។ តែក្រោយមកទៀត ទូក ង នេះ បានប្ដូរឈ្មោះទៅជា សារាយផុត នៅក្នុងសម័យសាធារណរដ្ឋ។ ទូក ង នេះ ក៏បានបាត់វត្តមាននៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យ ប៉ុល ពត ។ ក្រោយចេញផុតពីរបបប្រល័យពូជសាសន៍នេះមក គណៈកម្មាធិការទូក ក៏បានបង្កើតទូក ង នេះឡើងវិញ ដោយបានដាក់ឈ្មោះថា សារាយសែនជ័យ នៅឆ្នាំ១៩៩៧ មុនប្ដូរមកជា សារាយតេជោសែនជ័យ នៅឆ្នាំ២០១២ វិញ។
 
ជាទូកដែលកសាងនៅក្នុងឆ្នាំ ២០១២ សារាយតេជោសែនជ័យ ចាប់ផ្តើមចូលរួមប្រណាំងផ្លូវការក្នុងឆ្នាំ ២០១៤ ។ ទូក ង នេះ មានប្រវែង ៣៣ម៉ែត្រ ដោយធ្លាប់បានឆ្លងកាត់ការប្រលងប្រណាំងជាច្រើនលើករួចហើយ។ 
 
បើតាមការបញ្ជាក់ពី ម្ចាស់ទូក ង ដែលជាអ្នកស្រុកឃុំពុកឬស្សី ដដែលរូបនេះ ទូក ង សារាយតេជោសែនជ័យ ឆ្លងកាត់ការប្រកួតចំនួន ៦៦លើក ឈ្នះ ៥៣ដង និងចាញ់ ១៣ដង ពីការចូលរួមប្រណាំងចំនួន ១៤ព្រឹត្តិការណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងពិធីបុណ្យផ្សេងៗ៕

Tag:
 សាន់ សុខហៀង
  បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com