ជាតិ
បុណ្យអុំទូក
ដើមគគីរ ត្រូវបានបុព្ធបុរសខ្មែរនិយមធ្វើទូក និងមានជំនឿថា មានទេវតា ឬព្រាយ កាន់
27, Nov 2023 , 9:59 pm        
រូបភាព
ទូកប្រណាំង ទាំងខ្នាតអន្តរជាតិចំណុះ ២២នាក់ និងទូក ង ប្រពៃណីខ្នាតវែង ឬទូកចែវ របស់ប្រទេសកម្ពុជា ភាគច្រើនកសាងឡើងពីប្រភេទឈរគគីរ ដែលជាប្រភេទឈើម្យ៉ាង មានសភាពរឹងមាំខ្លាំង ជាប់ធន់ ជាពិសេសជាឈើដែលមានប្រវែង វែងអំណោយផលសម្រាប់ការយកធ្វើទូកប្រណាំង។ បើតាមប្រវត្តិសាស្ត្រខ្មែរ កងទ័ពជើងទឹកបុរាណខ្មែរសម័យអង្គរ កសាងទូកសម្រាប់ធ្វើចម្បាំងផ្ទៃទឹក ដោយយកប្រភេទដើមឈើគគីរមកធ្វើទូក ដែលមានប្រវែង វែង​និងផ្ទុកចំនួនកងទ័ពបានច្រើន។



ជាប្រភេទដើមឈើដែលរឹងមាំខ្លាំង និងមានប្រវែងវែងចាប់ពី ២០មែត្រឡើងទៅរហូតដល់ទៅជិត ៣០ម៉ែត្រ ឬវែងជាងនេះ ដើមឈើគគីរ តែងតែត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើទូកប្រណាំង​។ 
 
បើតាមការអះអាងរបស់លោក សាន់ សុខហៀង ដែលជាម្ចាស់ទូក ង សារាយតេជោសែនជ័យ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ប្រភេទឈឺគគីររមៀតដែលល្អខ្លាំងនិងកម្ររ សម្រាប់កសាងទូក ង បន្ទាប់មកដើមឈើគគីរខ្សាច់ ឬគគីរថ្ម។ 
 
«ទូកវែងយើងនិយាយថាគឺធ្វើឡើងពីដើមគគីរ ហើយប្រភេទគគីរមាន គគីររមៀត, គគីរម្សៅ, គគីរថ្មី និងគគីរខ្សាច់ ហើយប្រភេទគគីរដែលអន់ជាងគេគឺគគីរខ្សាច់គេកម្រយកមកធ្វើទូក ហើយក៏មិនសូវមានធំ។ ប្រភេទគគីរដែលធ្វើទូកល្អជាងគេ ហើយលឿនគឺគគីររមៀត ហើយចំពោះគគីរម្សៅក៏អាចធ្វើទូកបាន ប៉ុន្តែមានភាពខុសប្លែងគ្នាតិចតួច និងគគីរមួយប្រភេទទៀតធ្ងន់ពិបាកក្នុងការធ្វើទូក។»។ នេះបើតាមសម្តីរបស់ស្ថាបនិកទូក ង សារាយតេជោសែនជ័យ។
 

តួយ៉ាងដើមឈើគគីរ ត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នាមួយចំនួន បន្ថែមទៀតពីលើឈ្មោះថាគគីរទទេ ដោយប្រភេទឈើគគីរទាំងនោះរួមមាន គគីររមៀត,គគីរម្សៅ , គគីរថ្ម ដែលគេតែងប្រើសម្រាប់ធ្វើទូក និងប្រភេទ គគីរខ្សាច់គេមិនសូវប្រើប្រាស់សម្រាប់ធ្វើទូកឡើយ។
 
មួយវិញទៀត បើតាមអំបិយជំនឿរបស់ប្រជាជនខ្មែរ ដើមឈើគគីរ ភាគច្រើនត្រូវបានគេមានជំនឿថាជាដើមឈើ តែងមានពពួកទេវតា ឬព្រាយ ដែលជាជំនាងរស់នៅស្នាក់អាស្រ័យ ហើយការយកឈើប្រភេទនេះមកធ្វើទូក និងជួយបង្កើនអនុភាពទូកឱ្យមានល្បឿនកាន់តែខ្លាំងឡើង គួបផ្សំទៅនឹងការធ្វើទូកបានល្អទៅតាមបច្ចេកទេស៕

Tag:
 បុណ្យអុំទូក
  ឈើគគីរ
© រក្សាសិទ្ធិដោយ thmeythmey.com