កីឡាជាតិ
ជាតិ
បុណ្យអុំទូក
លោក សាន់ សុខហៀង ដើម្បីបំពេញបណ្តាំឪពុក ក្លាយជាស្ថាបនិកទូក ង សារាយតេជោសែនជ័យ
28, Nov 2023 , 10:59 am        
រូបភាព
លោក សាន់ សុខហៀង ស្ថាបនិកទូក ង សារាយតេជោសែនជ័យ
លោក សាន់ សុខហៀង ស្ថាបនិកទូក ង សារាយតេជោសែនជ័យ
លោក សាន់ សុខហៀង ដើម្បីបំពេញបណ្តាំរបស់ឪពុក ដែលជាអតីតកីឡាករទូក ចែវ និងជាអ្នកស្នេហា៍លើប្រភេទទូក ង ប្រវែងមួយរូប បានជំរុញឱ្យលោក សុខ ហៀង ជាកូនប្រុស សម្រេចចិត្តកសាងទូក ង មួយគ្រឿងមានប្រវែង ៣៣ម៉ែត្រ ហើយបានប្រសិទ្ធិនាមឈ្មោះថា «សារាយតេជោសែនជ័យ»។ បន្ទាប់ពីប្រាប់ពីដំណើរដើមទងនៃការចូលរួមដំបូងក្នុងវិស័យកីឡាប្រពៃណីប្រណាំងទូក ង បុរសវ័យ ៤៧ឆ្នាំ ក៏បានប្រាប់អំពីប្រភេទឈើ ដែលល្អ សម្រាប់កសាងទូក ង ឱ្យបានល្អ ជាប់ធន់យូអង្វែង និងលឿន។



អ្នកប្រជាពលរដ្ឋរស់នៅមានដើមកំណើតនៅក្នុង ភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោក សុខ ហៀង វ័យ ៤៧ឆ្នាំ ចាប់ផ្តើមប្រលូកក្នុងវិស័យកីឡាប្រណាំងទូក​ ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ។ ពីដំបូង បុរសរូបនេះ ថាគ្មានចិត្តចាប់អារម្មណ៍ទៅនឹងវិស័យកីឡាប្រណាំងទូក ង នេះឡើយ។
 
ត្រូវទៅបំពេញការងារតំណាងឱ្យក្រុមហ៊ុនមួយនៅក្នុងខេត្តព្រះវិហារ អំឡុងឆ្នាំ ២០១០ កាលនោះលោក សុខហៀង ចាប់ផ្តើមស្គាល់ជាងធ្វើទូក ង ខណៈនឹកដល់សម្តីរបស់ឪពុកធ្លាប់បានផ្តែផ្តាំ ក៏បណ្តាលឱ្យមានចិត្តចង់ទិញ ទូកអ៊ុំ មួយគ្រឿង ដើម្បីចូលរួមក្នុងការប្រណាំងនៅតាមពិធី និងព្រះរាជពិធីបុណ្យអ៊ុំទូក។ បើតាមការបញ្ជាក់ពីសំណាក់អ្នកស្រលាញ់ទូក ង រូបនេះ ទូក ង ប្រវែងវែង ឈ្មោះ សារាយតេជោសែនជ័យ ត្រូវបានកសាងឡើងដំបូងនៅក្នុងឆ្នាំ ២០១១។
  

នៅក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានថ្មីៗ លោក សុខហៀង បានរៀបរាប់ពីប្រវត្តិនៃការប្រលូកក្នុងវិស័យកីឡាប្រណាំងទូក ដោយនិយាយថា លោកចងចាំបណ្តាំរបស់ឪពុកដែលជាអ្នកស្រលាញ់លើទូកអ៊ុំ មួយរូប បណ្តាលឱ្យលោកមានចិត្តចង់បានទូក មួយគ្រឿងដើម្បីចូលរួមប្រលងប្រណាំង។
 
«ពីអតីតកាល តាំងពីសព្វរបស់ឪពុកខ្ញុំមក គឺខ្ញុំមិនដែលចាប់អារម្មណ៍លើរឿងនេះនោះទេ កាលនោះ ឪពុកជាអ្នកលេងទូក ចែវ ហើយគាតក៏ចូលចិត្តទូកអ៊ុំ។ តែដល់ពេលខ្ញុំបានបំពេញការងារតំណាងឱ្យក្រុមហ៊ុនមួយនៅខេត្តព្រះវិហារ ខ្ញុំក៏បានទៅជួបជាមួយនឹងជាងធ្វើទូក តាមពិតទៅកាលនោះខ្ញុំគ្មានចំណងអ្វីទេ ប៉ុន្តែតម្លៃទូកមួយកាលនោះក៏រៀងធូរថ្លៃ រួមតាំងមានចិត្តចង់ទិញ និងមានបណ្តាំពីឪពុកមក ខ្ញុំក៏សម្រេចចិត្តទិញ។ […] ពីដំបូងឆ្នាំ ២០១០ យកតែទូកខ្លីមួយមកទេ ដើម្បីបន្តឈ្មោះសារាយសែនជ័យដែលបានបាត់មុខ រហូតបណ្តាលចិត្តឱ្យកសាងទូក ង វែងបន្ថែមទៀត។»។ នេះបើតាមសម្តីរបស់លោក សុខហៀង ស្ថាបនិកទូក ង សារាយតេជោសែនជ័យ។
  


លើសពីនេះ ស្ថាបនិកទូក ង សារាយតេជោសែនជ័យ ក៏បានពន្យល់អំពីប្រភេទឈើគគីរផ្សេងៗ ដែលល្អក្នុងការធ្វើទូក ង ដែលជាប្រពៃណីវប្បធម៌របស់កម្ពុជា ជាយូរណាស់មកហើយតាំងពីសម័យអង្គរ រាជកាលព្រះបាទជ័យវរ្ម័នទី៧។ 
 
ដើមឈើគគីរជាប្រភេទដើមឈរមួយប្រភេទ ដែលមនុស្សចាស់បុរាណតែងឱ្យតម្លៃថាជាឈើ ដែលជាប់ធន់ជាមួយនឹងទឹក ព្រមទាំងមានភាពរឹងមាំល្អខុសពីដើមឈរដទៃ និងមានប្រវែង វែងស្របតាមតម្រូវការក្នុងការកសាងទូក ង។ ដើមឈើគគីរ បែងចែកទៅតាមប្រភេទដូចជា គគីរល្មៀត, គគីរម្សៅ, គគីរថ្ម និងគគីរខ្សាច់។ 
 
ជាពិសេស ទូក ង ដែលមានល្បឿនលឿន នឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជាមួយ ទូក ង ដែលមានឈ្មោះ សារាយតេជោសែនជ័យ បានកសាងឡើងពីដើមឈើគគីរល្មៀត ដែលជាប្រភេទឈើកម្ររ មួយ ហើយដែលមានគុណភាពល្អខ្លាំងក្នុងការធ្វើទូកឱ្យមានភាពជាប់ធន់ និងគុណភាពយូអង្វែង៕
 

Tag:
 បុណ្យអុំទូក
  ទូក​ ង
  ប្រពៃណីទូក ង​
  សាន់ សុខហៀង
© រក្សាសិទ្ធិដោយ thmeythmey.com