កីឡាជាតិ
ជាតិ
បុណ្យអុំទូក
ផានិត សុវណ្ណលីដា ប្រមូលស្មារតីប្រកួតរហូតដណ្តើមបានមេដាយមាស ពីគូប្រកួតជាជនជាតិឥណ្ឌា
28, Nov 2023 , 4:39 pm        
រូបភាព
ផានិត សុវណ្ណលីដា បង្គោលខៀវ
ផានិត សុវណ្ណលីដា បង្គោលខៀវ
សៀមរាប៖ កីឡាការិនី ផានិត សុវណ្ណលីដា បានក្លាយម្ចាស់មេដាយមាស ទម្ងន់ ៣៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាប​​ ដោយបានយកឈ្នះពីកីឡាការិនី Dhuvaritha Prabhu របស់ឥណ្ឌា។ វណ្ណលីដា ខំប្រមូលស្មារតី និងព្យាយាមគេច ដើម្បីប្រមូលកម្លាំង និងវាយបកទៅវិញ រហូតបានជ័យជំនះ ក្រោយត្រូវមួយចំមុខពីគូប្រកួត។

 
ក្រោយចប់ការប្រកួតនាថ្ងៃទី២៦ ខែវិច្ឆិកា ផានិត សុវណ្ណលីដា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)ថា កីឡាការិនី Dhuvaritha Prabhu ជនជាតិឥណ្ឌាដែលជាគូប្រកួតរបស់ខ្លួន គឺមានកម្រិតខ្លាំង ដែលមិនអាចប្រហែសបាន ព្រោះទាំងកម្ពស់ និងកម្លាំង គឺសុទ្ធតែខ្លាំង។ ដើម្បីបានវាយដៃគូប្រកួត សុវណ្ណលីដា បានព្យាយាមវាយការពារខ្លួន ហើយរុលទៅជិត ដើម្បីអាចវាយត្រូវផ្ទៃមុខ។
 
ផានិត សុវណ្ណលីដា  ស្ទើតែរបូតមេដាយមាស ព្រោះភ្លាត់ស្នៀតត្រូវមួយដៃចំផ្ទៃមុខ ពីដៃគូប្រកួត ធ្វើឲ្យងងឹតមុខ។ «គូប្រកួតខ្ញុំ គាត់ល្អដៃ។ មួយដៃៗ របស់គាត់ គឺមានកម្លាំងខ្លាំង និងធ្ងន់។ នៅពេលខ្ញុំ ត្រូវមួយដៃរបស់គាត់ ខ្ញុំ ងងឹតមុខ ឡើងវិល តែ​ខ្ញុំ ប្រមូលស្មារតីមកវិញ។ ម្យ៉ាងវិញទៀត ខ្ញុំប្រកួត ចំពេលមានភ្លៀង ហើយរអិល ខ្ញុំ ពិបាកទប់និងការរអិលផង។»។ ផានិត សុវណ្ណលីដា បាននិយាយយ៉ាងដូច្នេះ។
  


នេះ គឺជាលើកទី១ ដែលកីឡាការិនីកម្ពុជារូបនេះ បានប្រកួតជាមួយអន្ដរជាតិ ប៉ុន្ដែរូបកញ្ញា ហាក់ដូចជាមិនមានការភ័យខ្លាចគូប្រកួតឡើយ ព្រោះបានត្រៀមលក្ខណៈ៣ខែមុន។ រយៈពេលត្រៀម ៣ខែនោះ សុវណ្ណលីដា  បានប្រឹងហ្វឹកហាត់ពីរបៀបប្រើកែង ដៃ និងការធាក់ទប់ ឲ្យមានប្រសិទ្ធិភាព។
 
គួរបញ្ជាក់ផងដែរថា ផានិត សុវណ្ណលីដា បានឈ្នះលើកីឡាការិនីឥណ្ឌា Dhuvaritha Prabhu លើប្រភេទទម្ងន់ ៣៥គីឡូក្រាម ក្នុងការប្រកួតជ្រើសរើសជើងឯកគុនខ្មែរពិភពលោក លើកទី៤ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួនព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប៕

Tag:
 ប្រដាល់
  ផានិត សុវណ្ណលីដា
  គុនខ្មែរជើងឯកពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com