អន្តរជាតិ
ម៉ាឡេស៊ី អនុញ្ញាតឱ្យជនជាតិចិន ឥណ្ឌា ចូលប្រទេសដោយគ្មានទិដ្ឋាការ
× ចាប់ថ្ងៃទី១ធ្នូទៅ ប្រទេសម៉ាឡេស៊ី នឹងអនុញ្ញាតឱ្យជនជាតិចិន ឥណ្ឌា ចូលប្រទេសដោយគ្មានទិដ្ឋាការ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសបែបនេះ កាលពីថ្ងៃទី២៧វិច្ឆិកា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ជនជាតិចិន និងឥណ្ឌា អាចស្នាក់នៅក្នុងទឹកដីប្រទេសម៉ាឡស៊ីបានរហូតដល់៣០ថ្ងៃ ដោយគ្មានទិដ្ឋាការ។
បើតាមសេចក្តីថ្លែងការណ៍ក្រសួងកិច្ចការផ្ទៃក្នុងរបស់ម៉ាឡេស៊ី ការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន និឥណ្ឌានេះ គឺមានរយៈពេលរហូតដល់ដំណាច់ឆ្នាំ២០២៤។ ចិន និងឥណ្ឌា គឺជាប្រភពទេសចរធំលំដាប់ទី៤ និងទី៥របស់ម៉ាឡេស៊ី។
ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ម៉ាឡេស៊ី ទទួលបានភ្ញៀវទេស៩,១៦ លាននាក់ ដោយក្នុងនោះ មាន
៤៩៨,៥៤០នាក់ មកពីចិន និង២៨៣,៨៨៥ នាក់ទៀត មកពី ឥណ្ឌា។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ ចំនួននេះ បើធៀបនឹងរយៈពេលដូច្នេះ កាលឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ-១៩ ភ្ញៀវទេសចរដែលមកពីចិន គឺមានដល់១,៥ លាននាក់ និង ពីឥណ្ឌា មាន៣៥៤,៤៨៦ នាក់។
គួរបញ្ជាក់ថា ថ្មីៗនេះ ប្រទេសអាស៊ីផ្សេងទៀត បាននិងកំពុងចាត់វិធានការស្រដៀងគ្នានេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។ ចិនកាលពីសប្តាហ៍មុនបានប្រកាសពីការចូលដោយគ្មាន ទិដ្ឋាការ ចាប់ពីខែក្រោយសម្រាប់ពលរដ្ឋម៉ាឡេស៊ី និងប្រទេសអឺរ៉ុបមួយចំនួន ខណៈប្រទេសថៃ ដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ បានលើកលែងទិដ្ឋាការសម្រាប់ ជនជាតិចិន និង ឥណ្ឌាក្នុងចំណោមប្រទេស ដទៃទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com