ជាតិ
យ៉ាងហោចណាស់ឈើអាយុ៥០ឆ្នាំឡើង ទើបអាចយកធ្វើទូក«ង»បាន
28, Nov 2023 , 3:39 pm        
រូបភាព
ភ្នំពេញ៖ យ៉ាងហោចណាស់ឈើ មានអាយុ៥០ឆ្នាំឡើង ទើបអាចយកទៅធ្វើទូកងបាន ហើយ​​ឈើ​ដែល​មាន​អាយុកាន់​តែ​ច្រើន កាន់​តែ​ធ្វើ​ទូកងបានល្អ។ ទោះ​ជាយ៉ាងណា បច្ចុប្បន្ន​នេះ ពិបាករកឈើដែល​មាន​អាយុច្រើន យកទៅធ្វើទូកខ្លាំងណាស់ ហើយ​ត្រូវចូលទៅក្នុងព្រៃជ្រៅ ទើបអាចរកបាន។



លោក ជាង វុទ្ធី ដែលជាជាង​ធ្វើ​ទូក​ង បាន​ប្រាប់សារព័ត៌មានថ្មីៗថា លោកពុំអាចដឹងច្បាស់ ពីអាយុកាលរបស់ឈើនីមួយៗ ដែលយកមកធ្វើទូកងបានទេ ដ្បិតអីជាឈើដុះក្នុងព្រៃ។ ប៉ុន្តែលោកថា ឈើដែលអាចយកមកធ្វើជាទូកងបានល្អ លុះត្រាណាមានអាយុពី៥០-៦០ឬ​១០០ឆ្នាំ​ឡើង​។
 
ដើម្បីជ្រាបច្បាស់ សូមស្ដាប់​ការពន្យល់របស់លោក ជាង វិទ្ធី​ ជាងធ្វើទូកងបន្ថែម៖



 
លោក ជាង វុទ្ធី បញ្ជាក់​៖«ឈើដុះក្នុងព្រៃ ដូច្នេះខ្ញុំមិនដឹងថាវាដុះតាំងពីពេលណាឡើយ។ ប៉ុន្តែឈើដែលយើងអាចយកមកធ្វើទូក​ងបាន លុះត្រាណាតែវាមានអាយុចាប់ពី៥០​ឆ្នាំ​ឡើង​»។ 
 
លោក ជាង វុទ្ធី ជាងធ្វើទូកង
 
ជាងធ្វើទូកង ដែលស្រឡាញ់​វិស័យទូកង បាន​លើកឡើងថា ការ​ធ្វើទូក​មាន​ច្រើនដំណាក់កាល ប្រសិនធ្វើ​មិនប្រយ័ត្ន អាចខូច​ឈើ​នោះ​ទាំង​ស្រុង។ ដំណាក់កាលដំបូង ត្រូវ​មើល​ពី​ដំណេកឈើ ថាត្រង់ឬ​វៀច ឬ​កោង​។ ដំណាក់កាលទី២ ត្រូវ​បង្វិល​រកដំណេក​របស់ឈើ។ បន្ទាប់​មក​ត្រូវយក​ម៉ែត្រទៅ​វាស់ ប្រវែង​របស់​ឈើ ដោយ​បែងចែក​ជា​៣​ដំណាក់កាល។ ដំណាក់កាលទីមួយ​បែងចែកចំណុច​សូន្យ នៅចំកណ្ដាល​ ចំណុចទី២ផ្នែកខាងមុខ និង​ចំណុចទី៣ផ្នែកខាងក្រោយ​។ 

សកម្មភាពលោក ជាង វុទ្ធី ធ្វើទូកង ជាមួយមេជាងរបស់ខ្លួន

«វាស់ឈើរកចំណុចសូន្យចាស់ពីដើមហៅថា ៥ធានមុខ ៥ធានក្រោយ។ បើនិយាយទៅ​ពិបាកយល់បន្តិច ទាល់តែអ្នកធ្វើ​ អ្នក​អនុវត្តិផ្ទាល់បាន​ដឹង​។ នៅពេលវាស់​ខ្សែបន្ទាត់បានត្រឹមត្រូវហើយ ចាប់ផ្ដើមផែឈើឱ្យចេញជារូបរាងទូក»។ នេះជាការបន្ថែមរបស់លោក វុទ្ធី។
 
ការ​ធ្វើ​ទូក​ត្រូវ​ចំណាយ​ពេល​ប្រមាណ​១៥ថ្ងៃ ទៅ២៥ថ្ងៃ ប្រសិនក្នុងអំឡុងពេលធ្វើមិនមានជួបការលំបាក ឬ​មាន​ផលរំខានផ្សេង ឬពីអាកាសធាតុជាដើម​។ ប្រសិនធ្វើ​ចំខែប្រាំ មិន​មាន​ផលរំខានពីអាកាសធាតុ អាច​ធ្វើលឿន។ លោក វុទ្ធី ថា​ដើម្បី​ឱ្យ​សាច់​ឈើរីក ធ្វើទូកបានធំល្អ គេត្រូវយកឈើដែលលុងរួច ទៅឆ្អើរភ្លើង៕
 

Tag:
 ទូកង
  វប្បធម៌
  ឈើ
  ទូក
 
© រក្សាសិទ្ធិដោយ thmeythmey.com