អន្តរជាតិ
យន្តហោះ​MH៣៧០៖ ចិន​បើក​សវនាការ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជន​រងគ្រោះ
28, Nov 2023 , 9:30 pm        
រូបភាព
ដោយ៖អៀង សុខម៉ិញ/ RFI
 
យន្តហោះ​MH៣៧០ ចិន​បើក​សវនាការ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជន​រងគ្រោះ AP - Vincent Thian ជិត​១០​ឆ្នាំ​ក្រោយ​ការ​ធ្លាក់​បាត់​យន្តហោះ​MH៣៧០​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរ​ឡាញ​មក តុលាការ​ចិន​បាន​បើក​សវនការនៅថ្ងៃ​ចន្ទទី ២៧​វិច្ឆិកា ជុំ​វិញ​ការ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជន​រងគ្រោះ​សញ្ជាតិ​ចិន។

 
​នៅថ្ងៃទី​៨​មីនា​២០១៤ យន្តហោះ​ប៊ូអ៊ីង​៧៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរ​ឡាញ​​ លេខ​MH៣៧០ មាន​ផ្ទុក​អ្នក​ដំណើរ​និង​បុគ្គលិក​ ២៣៩នាក់ ក្នុង​នោះ​​ជាង​១៥០​នាក់​ជា​ជន​ជាតិ​ចិន បាន​បាត់ពី​ប្រព័ន្ធ​រ៉ាដា ក្រោយ​​ហោះ​ចេញពី​ក្រុង​កូឡាឡាំពួរ​​សំដៅ​ក្រុង​ប៉េកាំង​បាន​បន្តិច។ ការ​ស្រាវជ្រាវ​រក​បំណែក​យន្តហោះដែល​ប្រើមធ្យោបាយដ៏​សម្បើម​​មហិមា​ត្រូវ​ផ្អាក​ទាំង​ស្រុង​នៅ​ខែមករា​ឆ្នាំ២០១៧។ ឯ​​មូលហេតុនៃ​ការ​បាត់យន្ត MH៣៧០ ​នៅ​​ជា​អាថ៌កំបាំង​បំផុត​សម្រាប់​ប្រវត្តិ​អាកាសចរណ៍​ស៊ីវិល​ទំនើប។
 
ទើប​នៅថ្ងៃ​ចន្ទទី​២៧​វិច្ឆិកា ២០២៣​នេះ​ប៉ុណ្ណោះ​ដែល​តុលាការ​ចិន​បាន​បើក​សវនាការ​​ជា​លើក​ទីមួយ​ រយៈ​ពេល​១០​ថ្ងៃ ពោល​រហូត​ដល់​ថ្ងៃ​ទី​៦​ធ្នូ ដើម្បី​សិក្សា​បណ្តឹង​របស់​ក្រុមគ្រួសារ​ជន​រងគ្រោះ​ជាង​៤០​គ្រួ ដែល​ទាមទារ​ចង់​បានការ​ជួយ​គាំទ្រ​ផ្នែក​​ផ្លូវ​ចិត្ត​ឡើង​វិញ ទាមទារ​ឱ្យ​មាន​ភ្នាក់ងារ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុ​ននិង​គ្រួសារ​រងគ្រោះ និង​ពិសេស​ទាមទារ​ថ្លៃ​សំណង​ជំងឺ​ចិត្ត។ 
 
​បើ​តាម​ទូរទស្សន៍​ជាតិ​ចិន​CCTV ក្រុមគ្រួសារជន​រងគ្រោះ​បាន​ប្តឹងទៅ​តុលាការ​ឱ្យ​​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ក្រុមហ៊ុនផលិត​តួយន្តហោះប៊ូអ៊ីងអាមេរិក​ ក្រុមហ៊ុន Rolls-Royceអង់គ្លេសអ្នក​ផលិត​ម៉ាស៊ីន​យន្តហោះ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាល្លឺម៉ង់Allianz ដែល​អវត្តមាន​ក្នុង​អង្គ​សវនការ សង​ជំងឺចិត្ត​និងផ្តល់​ការ​​បំភ្លឺ​​អំពី​ហេតុការណ៍​​បាត់​យន្តហោះ។

គ្រួសារចិន​​នីមួយៗ​ទាមទារ​​សំណងជំងឺ​ចិត្ត​​ប្រមាណ​ពី ១០ទៅ៨០​​លាន​យ័ន​ ព្រមទាំង​សំណង​ការ​ខូច​ខាត​៣០ទៅ​៤០​លាន​យ័ន។
 
ប៉ុន្តែ​តាំងពី​ជិត​១០ឆ្នាំ​មក​នេះ គេ​​មិន​អាច​កំណត់​បាន​ថា​តើ​នរណា​ជា​អ្នកទទួល​ខុស​ត្រូវ​ក្នុង​គ្រោះ​បាត់​យន្តហោះ​ MH៣៧០ទេ។ ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ​ក៏​គ្មាន​តំណាង​នៅ​ចិន។ បើ​ទោះបី​ជា​តុលាការ​សម្រេចសាលក្រម​ឱ្យ​​បង់​ថ្លៃ​ខូច​ខាត ក៏​ក្រុមហ៊ុនម៉ាឡេស៊ី​​អាច​បដិសេធ​បានដែរ។ កន្លង​មក​ តុលាការ​តែង​សម្រួល​ឱ្យ​មាន​ការ​ផ្សះផ្សា​គ្នា​ដោយ​ផ្ទាល់​រវាង​គ្រួសារ​ជនរងគ្រោះ​និង​ភាគី​ពាក់ព័ន្ធ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​មេធាវី​ម្នាក់។ សំណុំ​រឿង​ប្តឹង​ផ្តល់​ជាង​ពាក់​កណ្តាលបាន​ដោះស្រាយ​រួច​និង​ដោយ​ផ្ទាល់​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​ ក្រុមហ៊ុន​ធានារ៉ាប់រង​ និង​គ្រួសារជន​រងគ្រោះ។​​ គ្រួសារ​ជន​រងគ្រោះ​១១០​គ្រួ​ទទួល​សំណង​ ​ប្រមាណ​ពី​២,៥​ទៅ​៣លាន​យ័នរួច​ហើយ។ នេះ​បើ​តាម​ប្រភព​ដដែល។

© រក្សាសិទ្ធិដោយ thmeythmey.com