អន្តរជាតិ
ប្រមុខការទូតចិន ជំរុញឱ្យមានបទឈប់បាញ់ពេញលេញនៅតំបន់កាហ្សា និងដំណោះស្រាយរដ្ឋពីរ
29, Nov 2023 , 3:54 pm        
រូបភាព
ប្រមុខការទូតចិន លោកវ៉ាង យី (ឆ្វេង) ចាប់ដៃជាមួយលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព Xinhua
ប្រមុខការទូតចិន លោកវ៉ាង យី (ឆ្វេង) ចាប់ដៃជាមួយលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព Xinhua
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី២៨ ខែវិច្ឆិកា បានទទូចឱ្យមានបទឈប់បាញ់ពេញលេញនៅតំបន់កាហ្សា និងអនុវត្តដំណោះស្រាយរដ្ឋពីរឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ មន្រ្តីការទូតចិនជាន់ខ្ពស់ បានបង្ហាញពីការគាំទ្ររបស់តួនាទីអង្គការសហប្រជាជាតិ (UN) ក្នុងការដោះស្រាយជម្លោះអុីស្រាអែល និងប៉ាឡេស្ទីន។

ក្នុងជំនួបជាមួយលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក ក្នុងថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានលើកឡើងពីជម្លោះរវាងអុីស្រាអែល និងហាម៉ាស ដែលទាមទារឱ្យមានបទឈប់បាញ់ពេញលេញ និងបញ្ចៀសវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ 
 
«ដំបូង វាគួរមានតែមិនបញ្ឆេះសង្រ្គាមឡើងវិញ»។ លោក វ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិនផងនោះ បានសង្កត់ធ្ងន់បែបនេះ មិននឹងបន្តថា បទឈប់បាញ់ពេញលេញ គួរតែត្រូវបានអនុវត្ត ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈចំណាប់ខ្មាំង គួរតែត្រូវបានដោះលែង។
 
នៅចំពោះមុខប្រមុខអង្គការសហប្រជាជាតិ លោក វ៉ាង បានអំពាវនាវឱ្យមានដឹកជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា រួមទាំងមានដំណោះស្រាយរដ្ឋពីរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN។
 
ការលើកឡើងរបស់ប្រមុខការទូតចិនខាងលើ ធ្វើឡើងស្របពេលជម្លោះអុីស្រាអែល និងហាម៉ាស បានបន្ថែមបទឈប់បាញ់រយៈពេល ២ថ្ងៃ ក្រោមការសម្របសម្រួលពីសំណាក់កាតា និងអេហ្ស៊ីប។ ការបន្តកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងរំដោះចំណាប់ខ្មាំងបន្ថែម រួមទាំងរំដោះប្រជាជនប៉ាឡេស្ទីន ដែលឃុំខ្លួននៅអុីស្រាអែលផង។ 
 
បន្ថែមពីនេះ លោកវ៉ាង ដែលគ្រោងធ្វើជាប្រធានកិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី២៩ ខែវិច្ឆិកា បានលើកឡើងថា សេចក្តីសម្រេច 2712 របស់ក្រុមប្រឹក្សាសន្តិសុខ ជាជំហានដំបូង ក្នុងការឆ្ពោះទៅរកបទឈប់បាញ់ពេញលេញ។ សេចក្តីសម្រេច 2712 ត្រូវបានអនុម័តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ដោយជំរុញឱ្យមានការផ្អាកបាញ់រយៈពេលខ្លី រួមទាំងផ្តល់ជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា។ 
 
ចំណែកប្រមុខអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីបារម្ភលើស្ថានភាពមនុស្សធម៌នៅក្នុងតំបន់កាហ្សា រួមទាំងករណីស្លាប់ និងរបួសរបស់ប្រជាជនស៊ីវិល និងកុមារ នៅក្នុងតំបន់កាហ្សា ដែលមិនធ្លាប់មានពីមុខមក និងមិនអាចទទួលយកបាន។ មិនតែប៉ុណ្ណោះ លោក ហ្គូតេរ៉េស បានអំពាវនាវឱ្យការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតទៅក្នុងតំបន់ រួមទាំងបន្ធូរបន្ថយនីតិវិធី ក្នុងការដឹកជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សាឱ្យបានឆាប់រហ័ស៕ 

Tag:
 ចិន
  អុីស្រាអែល
  កាហ្សា
  ហាម៉ាស
  ប៉ាឡេស្ទីន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com