កីឡាអន្តរជាតិ
អន្តរជាតិ
ACL៖ Buriram Utd ចាញ់ Zhejiang Utd ខណៈការប្រកួតផ្ទុះអំពើហិង្សា
30, Nov 2023 , 11:39 am        
រូបភាព
ក្រុម Zhejiang United របស់ចិនបានបន្តក្តីសង្ឃឹមរបស់ខ្លួន ក្នុងការស្វែងរកពិន្ទុដើម្បីបន្តដំណើរប្រកួតប្រជែងក្នុងពានរង្វាន់ក្លិបកំពូលទ្វីបអាស៊ី AFC Champions League ដោយយកឈ្នះ Buriram United របស់ថៃ លទ្ធផល ៣-២ នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា។ ជំនួបរវាងក្រុមទាំងពីរពោរពេញទៅដោយបញ្ហានៃការប៉ះទង្គិចគ្នា តាំងពីវគ្គទីមួយ រហូតដល់ បញ្ចប់ការប្រកួតជាមួយអំពើហិង្សា។



ការប្រកួតស្ថិតក្នុងពូល H ក្រុម Buriram United ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៦ពិន្ទុ ស្របពេលដែលក្រុម Zhejiang United ដែលបានយកឈ្នះការប្រកួតរកបាន ៣ពិន្ទុបន្ថែម មាន ៦ពិន្ទុស្មើ បើទោះស្ថិតនៅចំណាត់ថ្នាក់លេខ ៤។ ក្នុងពូល H នេះ ក្រុម Melbourne City មានចំណាត់ថ្នាក់លេខ២ និងក្រុម Ventforet Kofu ជាក្រុមកំពូលតារាង មាន៨ពិន្ទុដូចគ្នា។
 
៣គ្រាប់ជ័យជម្នះដែលក្រុម Zhejiang បានវាយបកធ្វើបានដោយកីឡាករ Leonardo គ្រាប់ទី១ នៅនាទី២៧ គ្រាប់ទី២ ដោយកីឡាករ Franko Andrijasevic នាទី៧៧ និងកីឡាករ Lucas Possignolo នាទី៨៣។ ចំណែក ២គ្រាប់របស់ក្រុម Buriram United រកបានដោយកីឡាករ Haris Vuckic នៅនាទី៨ និងដោយកីឡាករ Lonsana Doumbouya នៅនាទី៨៧។ 



កីឡាករក្រុមទាំងសងខាងប៉ះទង្គិចគ្នានៅលើទីលានរវាងកីឡាករជារឿយៗតាំងពីវគ្គទី១ ពីការប្រជែងដណ្តើមបាល់រៀងខ្លួនៗ។ ក្រោយបញ្ចប់ការប្រកួតនៃវគ្គទីមួយ កីឡាករក្រុមទាំងសងខាង ក៏ដូចជាក្រុមគ្រូបង្វឹកបានប៉ះទង្គិចគ្នា​ ចំពោះការកាត់សេចក្តីរបស់ក្រុមអាជ្ញាកណ្តាលមិនសមស្របសម្រាប់ក្រុមទាំងសងខាង។ 
 
យ៉ាងណាកំហឹងគ្មានភាពស្ងប់ស្ងាត់ ក្រោយបញ្ចប់ការប្រកួតភ្លាម ក្រុមទាំងសងខាងបានប៉ះទង្គិចគ្នាសារជាថ្មីរហូតក្លាយជាអំពើហិង្សារវាងកីឡាករ រួមទាំងក្រុមគ្រូបង្វឹក បង្កភាពចលាចលក្នុងទីលានប្រកួតរហូតមន្ត្រីការពារសន្តិសុខក្នុងកីឡដ្ឋានចូលមកហាមឃាត់។ ផ្ទុះឡើងអំពើហិង្សាក្រោយចប់ការប្រកួត មិនទាន់មានដំណឹងអំពីហេតុផលច្បាស់លាស់ណាមួយ បានបកស្រាយនៅឡើយ ប៉ុន្តែរឿងហេតុ ត្រូវបានគេប៉ាន់ស្មានថាជាការមិនពេញចិត្តចំពោះលទ្ធផលនៃការប្រកួត ហើយមានប៉ះពាល់សម្តីគ្នារវាងក្រុមកីឡាករ និងក្រុមគ្រូបង្វឹក៕

Tag:
 AFC Champions League
  Buriram United
© រក្សាសិទ្ធិដោយ thmeythmey.com